ខេត្តកំពង់ធំ ៖ ជារឿងដ៏ភ្ញាក់ផ្អើលបំផុតមួយ ដែលស្ត្រីជាប្រពន្ធដើមម្នាក់ បានតាមទាន់ប្តីកំហូចរបស់ខ្លួនកំពុងសម្ងំរួមស្នេហ៍ជាមួយស្រីថ្មីក្នុងបន្ទប់ជួល ប៉ុន្តែស្ត្រីជាប្រពន្ធនៅតែប្រកាន់ធម៌ត្រជាក់ មិនឆេវឆាវ មិនស្រែកឡូឡា រករឿងប្តីនិងស្រីស្នេហ៍នោះទេ តែបែរជានិយាយវែកញែករកហេតុផលតាមសម្រួល ចំណែកបុរសជាប្តីហេតុតែមិនចង់ឱ្យប្រពន្ធដើមរករឿងវែងឆ្ងាយណាមួយដោយសារលង់ស្រលាញ់ស្រីស្នេហ៍ខ្លាំងផង ទើបសុខចិត្តនាំស្រីស្នេហ៍ថ្វាយបង្គំប្រពន្ធព្រមគ្នា ដើម្បីសុំឱ្យប្រពន្ធលើកលែងទោស និងសុំរួមរស់ជាមួយស្រីស្នេហ៍រហូតទៅ។
បុរសជាប្តីដែលត្រូវប្រពន្ធតាមទាន់កំពុងរួមរស់នឹងស្រីថ្មី រហូតដល់សុខចិត្តថ្វាយបង្គំប្រពន្ធដើម្បីបន្តរួមរស់នឹងស្រីថ្មីទៀតនោះ ត្រូវបានស្ត្រីជាប្រពន្ធបង្ហើបប្រាប់ថា មានឈ្មោះសុង ឃួន មុខរបរជាមគ្គុទេសទេសចរណ៍។ ចំណែកនារីជាស្រីស្នេហ៍ មានឈ្មោះឡេង តុលា មុខរបរជានារីលក់ស្រាបៀរនៅក្នុងហាងផឹកស៊ីមួយកន្លែង។ ដោយឡែកស្ត្រីជាប្រពន្ធមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៤០ឆ្នាំ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Song Tevy កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពដែលស្ត្រីជាប្រពន្ធដើម បានតាមទាន់ប្តី កំពុងសម្ងំរួមស្នេហ៍ជាមួយស្រីថ្មីនៅក្នុងបន្ទប់ជួល ប៉ុន្តែទោះជាតាមទាន់ឃើញច្បាស់នឹងភ្នែក ពីទង្វើក្បត់របស់ប្តីក៏ដោយចុះ ក៏ស្ត្រីជាប្រពន្ធ នៅតែប្រកាន់ឥរិយាបទថ្លៃថ្នូរ ចិត្តត្រជាក់ មិនឆេវឆាវ ជេរបញ្ចោរ វាយតប់អ្វីទៅលើប្តី ឬនារីជាស្រីស្នេហ៍នោះឡើយ ផ្ទុយទៅវិញ ស្ត្រីជាប្រពន្ធគ្រាន់តែតម្រូវឱ្យបុរសជាប្តី និងស្រីស្នេហ៍ ថ្វាយបង្គំខ្លួន ជាការទទួលស្គាល់ កំហុសរបស់ខ្លួន និងជាថ្នូរនឹងការលើកលែងទោស ព្រមទាំងលែងលះជាមួយប្តីឱ្យដាច់ស្រេច រួចប្រគល់ប្តីទៅឱ្យនារីជាស្រីស្នេហ៍នោះតែម្តង។ ជាមួយនេះ គេឃើញស្ត្រីជាប្រពន្ធក្រៅពីសួរនាំរកហេតុផល ដំណើរដើមទងដែលអ្នកទាំងពីរលួចទាក់ទងគ្នាហើយ នៅថែមទាំងបានស្តីប្រដៅ អប់រំ ទាំងប្តី ទាំងនារីជាស្រីស្នេហ៍ ឱ្យចេះស្រលាញ់គ្នា និងកុំក្បត់ចិត្តគ្នាបន្តទៀត។
ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុក Song Tevy បានបង្ហោះសំណេរមួយថា “មគ្គុទេសទេសចរណ៏មួយរូប សុខចិត្តថ្វាយបង្គំប្រពន្ធដើម ដើម្បីទៅរស់នៅក្នុងបន្ទប់ជួលជាមួយស្រីចាក់ស្រាឱ្យភ្ញៀវក្នុងហាង (ជួយឱ្យពិភពលោកទទួលស្គាល់ពួកគាត់ផង) ឈ្មោះរបស់ពួកគាត់ លោកសុង យួន និងមីស្រីថោកទាប ឡេង តុលា (ខេត្តកំពង់ធំ)…”។
យោងតាមវីដេអូឃ្លីបរយៈពេល២៦នាទី និង៤៣វិនាទី គេឃើញស្ត្រីជាប្រពន្ធ បាននិយាយទៅកាន់ប្តីកំហូច និងស្រីស្នេហ៍ថា “ទៅថ្វាយបង្គំខ្ញុំ៣ដងមក ថ្វាយបង្គំទាំង២នាក់ រួចហើយចាំប្រាប់មូលហេតុ ថាម៉េចបានឱ្យថ្វាយបង្គំខ្ញុំ ថ្វាយបង្គំខ្ញុំឱ្យស្រួល ខ្ញុំអត់ប្រើអីទាំងអស់ អត់ប្រើអំពើហិង្សាអីទេ អត់ទេសុំទោសតំណាលគ្នា អត់មានមួយទៅ មួយនៅទេ ធ្វើម៉េចដូចយើងទឹមការហើយចឹង សំពះមក ហើយចាំខ្ញុំនិយាយរឿងហ្នឹងល្អៗ ឱ្យចេះស្រលាញ់គ្នាណា ចាប់ពីថ្ងៃហ្នឹងទៅ ហើយមូលហេតុអីដែលខ្ញុំឱ្យថ្វាយបង្គំ ដោយសារយើងយកគ្នានៅលើក្បាលខ្ញុំ ខ្ញុំសួរអូនឯងតាម ដំណើររឿង ថាមូលហេតុអីបានវាដល់ថ្នាក់ហ្នឹង? អូនឯងអាចនិយាយប្រាប់បងបានអត់?
បងអត់មានធ្វើអីទេអូន បើបងចង់ធ្វើស្រួលណាស់ តែបងអត់ធ្វើទេ បងមកតាមសម្រួល អត់មានឱ្យអ្នកបន្ទប់ជិតខាងលឺទេ បងទុកកិត្តិយសឱ្យអូនឯង ឥឡូវអូនឯងនិយាយមក ដំណើរដើមទងហ្នឹងវាយ៉ាងម៉េច? គាត់បង្ខិតបង្ខំអូនឯង ឬអូនឯងស្ម័គ្រចិត្ត ឬក៏អូនឯងដឹងថាមានហើយ អូនឯងនៅតែតាម? អូនឯងនិយាយមក បងចង់ដឹងចេញពីចិត្តអូនឯង។
-(ស្រីស្នេហ៍) ៖ គាត់អត់មានបង្ខិតបង្ខខ្ញុំទេ គឺស្រលាញ់ចិត្តនិងចិត្ត ពេលស្គាល់គ្នា។
-(ស្ត្រីជាប្រពន្ធ) ៖ ក្រុមគ្រួសារខ្ញុំសុទ្ធតែជាអ្នកមានមុខ មានមាត់ អត់ចង់មកជ្រលក់ចឹងទេ មកហ្នឹងអូន អូនឯងត្រូវអរគុណបងធំណាស់ ដោយសារអី? ដោយសារបងទុកមុខទុកមាត់ឱ្យអូនឯង បងអត់ខ្ចរខ្ចាយទេអូន យើងស្រីដូចគ្នា ចឹងបានបងឱ្យអូនឯងនិយាយតាមដំណើរ ម៉េចខ្លះរឿងហ្នឹង បានវាដល់ថ្នាក់ហ្នឹង អូនឯងនិយាយមកពីដំណើរដើមទងរបស់អូនឯង បងចង់ដឹង និយាយមកអូន ខ្ញុំមកល្អណាស់ឃើញទេ អត់មានរញ៉េរញ៉ៃទេ តែបើអូនឯងអត់និយាយ បងធ្វើរឿងមួយទៀត ខ្ញុំនិយាយស្រួលណាស់ ពេលដែលខ្ញុំត្រឡប់ទៅវិញ អូនឯងក៏អត់មានបញ្ហាអ្វីទាំងអស់។
-(ស្រីស្នេហ៍) ៖ និយាយទៅខ្ញុំស្គាល់គាត់ចូល១ឆ្នាំជាងហើយ ពេលខ្ញុំធ្វើការនៅក្នុងហាងនៅប៉េសូ ប៉ុន្តែគេបិទបាត់ហើយ រយៈពេលដំបូងឃើញគាត់ឧស្សាហ៍មកចឹង គាត់អត់សូវសប្បាយចិត្តទេ ចេះតែកើតទុក្ខច្រើន រួចហើយពួកខ្ញុំស្គាល់គ្នាប្រហែល៤-៥ដង គឺអង្គុយលេង និយាយជាមួយគ្នា រួចហើយក៏មានលេខគ្នា ខលសួរធម្មតាអីទៅ ដំបូង និយាយរួមទៅ ខ្ញុំនៅធ្វើការ តែបាត់គាត់អត់ឃើញមកទេ មិនដឹងគាត់ទៅណាទេ ៣-៤ថ្ងៃ ហើយខ្ញុំក៏អត់ដឹងថា គាត់មានគ្រួសារទេ ខ្ញុំអត់ដឹងទេ លុះក្រោយមកចេះតែខលមកលេង មានទំនាក់ទំនងអី ហើយក៏ចាប់ផ្តើមស្រលាញ់គ្នាទៅ លុះក្រោយមកយូរដែរទើបខ្ញុំដឹងថាគាត់មានប្រពន្ធ ហើយតាមពិតខ្ញុំអាណិតគាត់ ព្រោះគាត់ប្រាប់ថា គាត់មានបញ្ហាអី ពិបាកចិត្ត ដូចខ្ញុំមានបញ្ហាក្នុងគ្រួសារ ធ្លាប់បែកបាក់គ្នា មានខ្សែជីវិតដូចគ្នា គឺខ្ញុំអាណិតគាត់ ច្រើនជាងស្រលាញ់ និយាយរួមទៅ ចិត្តខ្ញុំគឺស្រលាញ់ផង អាណិតផង។
-(ស្ត្រីជាប្រពន្ធ) ៖ អូខេ! ខ្ញុំទទួលបាន បន្តទៅទៀត ខ្ញុំចង់បានពាក្យហ្នឹង។
-(ស្រីស្នេហ៍) ៖ ហើយខ្ញុំ ទោះបីខ្ញុំស្រលាញ់គាត់ រស់នៅជាមួយគាត់មែន ប៉ុន្តែខ្ញុំអត់ដូចស្រីគេផ្សេងទេ ខ្ញុំអត់ដែលចេះទាមទារអីពីគាត់ទេ ខ្ញុំអត់ចង់បានអីពីគាត់ទេ សំខាន់ត្រង់ថា ពេលស្រលាញ់ បើមានខ្ញុំហើយ កុំមានគេទៀត តែប៉ុណ្ណឹងទេ។
-(ស្ត្រីជាប្រពន្ធ) ៖ បើចិត្តអូនឯងឃើញទេ អូនឯងចង់ឱ្យមានតែអូនឯងហើយ កុំមានគេទៀត ចុះទាំងអូនឯងទៅយកប្តីគេ ៧-៨ខែមុនហើយ សួរថាប្រពន្ធគេ មានអារម្មណ៍បែបម៉េច?
-(ស្រីស្នេហ៍) ៖ ខ្ញុំឈ្មោះឡេង តុលា មានស្រុកកំណើតនៅជិតទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្រលាញ់គ្នាជាមួយឈ្មោះសុង ឃួន រយៈពេល១ឆ្នាំជាងហើយ ការរួមរស់កន្លងមក និយាយរួមទៅគាត់អត់ មានផ្តល់ឱ្យខ្ញុំជាប្រាក់ខែទេ បើគាត់រកបាន គាត់ផ្តល់ឱ្យខ្ញុំចាយវាយក្នុងផ្ទះ ម្ហូបហូបចុកអីទៅ បើគាត់រកបានទៅ គាត់ឱ្យតាមហ្នឹងទៅ។
-(ស្ត្រីជាប្រពន្ធ) ៖ តើអូនឯងមានធ្លាប់គិតថា នឹងមានថ្ងៃហ្នឹងអត់ អូនឯងធ្លាប់គិតទេ? អូនឯងប្អូនខ្ញុំទេ ខ្ញុំដឹង អូនឯងដែលគិតថា នឹងមានថ្ងៃហ្នឹងកើតឡើងទេ ដែលយើងយកគ្នាលើក្បាលបងនេះ អូនឯងមានគិតអត់?
-(ស្រីស្នេហ៍) ៖ ខ្ញុំក៏គិតដល់ដែរថា នឹងមានថ្ងៃនេះមកដល់ តែខ្ញុំត្រូវតែប្រឈមមុខ។
-(ស្ត្រីជាប្រពន្ធ) ៖ អូខេ អូនឯងខ្លាំង! បងនឹងបរិច្ចាគប្រុសអប្រិយហ្នឹង ឱ្យទៅស្រីថោកទាបឯង ឱ្យចាប់ពីថ្ងៃហ្នឹង ម៉ោងហ្នឹង ពេលហ្នឹងតទៅ អូខេ ស្តាប់បងឱ្យបានណា បងបរិច្ចាគឱ្យហើយ ហើយសុំលេខអូនមួយសម្រាប់ទាក់ទង ថ្ងៃដែលគេធ្វើការ ខ្ញុំនឹងខលមកអូនឯង ឱ្យគាត់នេះឡើងទៅផ្តិតមេដៃឱ្យខ្ញុំត្រឹមត្រូវ ហើយខ្ញុំនឹងបញ្ជូនគាត់ឱ្យត្រឡប់មកវិញ ឱ្យប្អូនរស់នៅដោយ សេចក្តីសុខ បើមានអ្នកណាប៉ះពាល់ប្អូន១ដៃ ប្អូនខលទៅបង បងចុះមកអន្តរាគមន៍ភ្លាមណា ស្តាប់បានអត់? ប្អូនទទួលយកអត់ បើសិនជាបង វេរឱ្យយកអត់? បើខ្ញុំ ខ្ញុំលែងយកហើយ ខ្ញុំជាប្រពន្ធខ្ញុំឈប់យកហើយ ប្អូនយកអត់?
-(ស្រីស្នេហ៍)៖ ចាស។
-(ស្ត្រីជាប្រពន្ធ) ៖ អូខេ បងឃួន ម៉េចដែរ? គាត់ស្ម័គ្រស្មោះនឹងយើងហើយ ហើយយើងឯកភាពតាមគាត់អត់? និយាយទៅគាត់ថាហើយ គាត់ទទួលយកយើង ខ្ញុំឈប់ទទួលយក ហើយអូនឯងអត់អាចអត់គាត់បានទេ ហើយខ្ញុំក៏អត់អាចយកគាត់ទៅឱបនឹងទ្រូងបានដែរ ខ្ញុំអត់ត្រូវការអម្រែកទេអូន មនុស្សដូចខ្ញុំ ខ្ញុំការពេញច្បាប់ ខ្ញុំស្របច្បាប់ ខ្ញុំដើរលើច្បាប់ដែរ គឺខ្ញុំមិនជាន់ទេច្បាប់ ទុកឱ្យអូនឯងទៅ ព្រោះអូនឯងខ្វះប្រុសណាស់ បើអូនឯងមិនខ្វះប្រុស អូនឯងមិនដណ្តើមប្តីបងទេ។ ថ្ងៃទី១៦ បងខលមកលេខអូនឯង បើអូនឯងហ៊ានបិទលេខ ឬដូរលេខ បើបងតាមទាន់ នឹងមានរឿងមួយផ្សេង ថ្ងៃទី១៦បារាំង ឡើងទៅ ផ្តិតមេដៃឱ្យខ្ញុំហើយឡើងមកវិញជាបន្ទាន់ កុំនៅជាន់ដីខ្ញុំឱ្យថោក ហើយបើបិទលេខហ្នឹង បើខ្ញុំខលហើយបិទលេខខ្ញុំចោល ឬមួយក៏ប្រការណាមួយនាំគ្នារត់ ខ្ញុំរកឃើញអ្នកឯងអត់រស់ទេ ខ្ញុំមិនមែនគំរាមទេ ខ្ញុំនិយាយល្អជាមួយអ្នកឯង ខ្ញុំធ្វើនេះ ដើម្បីអី ដើម្បីឱ្យគាត់ផ្តិតមេដៃ ឱ្យខ្ញុំ ហើយមករស់នៅជាមួយប្អូនឯងទៅ គឺវាដាច់ស្រេចហើយប្តីប្រពន្ធខ្ញុំ អ្នកឯងចង់នៅម៉េចនៅទៅ មិនអ៊ីចឹង? មកឱ្យខ្ញុំរទីមរទាមស្អីណារវល់ ការងារផង រវល់មកតាមដានប្តីផង អាប្តីថោកទាបនេះ វាទៅណាទៅៗ វាថោកទាបហើយ បានវាទម្លាក់កិត្តិយសខ្ញុំនេះ ខ្ញុំអ្នកធ្វើការមួយរូប ខ្ញុំអ្នកដឹកនាំគេមួយរូបដែរ ហើយក្រុមគ្រួសារខ្ញុំទៅមើលទៅ មិនខ្វះអីស៊ីទេ ក៏ប៉ុន្តែវាថោក វាបានការងារធ្វើដោយសារតែខ្ញុំទេ វាបានការងាររាល់ ថ្ងៃធ្វើដោយសារគ្រួសារខ្ញុំទេ ហើយម៉េចបានជាខ្ញុំខលមកយប់មិញម៉េចបានអត់លើក? ខ្ញុំសុំសួរមួយទៀត កុំនិយាយថាអត់លឺ អត់លឺពេលយើង បើកទូរស័ព្ទមកឃើញហើយ មិនបាច់ប្រើភាសាហ្នឹងទេ ភាសារត់គេចទេ និយាយត្រង់មកថាស្គាល់លេខខ្ញុំច្បាស់ណាស់មែនអត់? បានអត់លើក។
-(ស្រីស្នេហ៍) ៖ ខ្ញុំស្គាល់ ខ្ញុំដឹងថាបងចង់និយាយរឿងច្រើន ហើយណាមួយយប់ហើយ ហើយពេលហ្នឹងខ្ញុំងងុយដេកហើយ ខ្ញុំដេកទៅ។
-(ស្ត្រីជាប្រពន្ធ) ៖ ហើយបងគ្រាន់តែចង់សួរថា អូនឯងបម្រើប្តីបងបានល្អណាស់មែនទេ? បងចង់អរគុណអូនឯង បម្រើសេវាប្តីបងបានល្អណាស់ ដែលប្តីបងបានមកនៅស្រួល បម្រើបានល្អណាស់ ចឹងសេវាកម្មអូនឯងអូខេ ប្តីបងក៏វាឃ្លានដែរ អត់លឺដល់បន្ទប់គេទេអូន មិនបាច់ភ័យទេ ហើយកិត្តិយសអូនឯងក៏នៅល្អដែរ ហើយអូនឯងហេតុអី កុំអីក៏បងអត់មកដែរ តែនេះគឺវាទៅខាំបង តើអូនឯងបង្រៀនវាយ៉ាងម៉េចខ្លះបានវាទៅខាំបង? ហែងបង្រៀនស្អីខ្លះ? និយាយទៅ។
-(ស្រីស្នេហ៍) ៖ ខ្ញុំអត់មានបង្រៀនអីទេបង ខ្ញុំស្បថមុខថ្ងៃ និយាយទៅ ទោះខ្ញុំស្រលាញ់គាត់ តែខ្ញុំមិនដែលអាក្រក់អាក្រី ទៅចាក់រុកគាត់ ឱ្យប្តីប្រពន្ធបងឯងទៅឈ្លោះគ្នាទេ។
-(ស្ត្រីជាប្រពន្ធ) ៖ រយៈពេលមុន ទាក់ទងជាមួយហែងក៏ដោយអីក៏ដោយ ទៅខូចនៅណាក៏ដោយ តេសួរខ្ញុំ ឯងហូបបាយនៅ? កូនម៉េចហើយ? តែពេលនេះ គ្រាន់តែឃើញលេខខ្ញុំភ្លាម បិទចោលដល់ភ្លឺ ចេញពីធ្វើការបានបើក ហើយចុះហែងហ្នឹងក៏មានមហិទ្ធិឬទ្ធិអីគ្រប់គ្រងក្បាលវាបាន ខ្ញុំគ្រប់គ្រងក្បាលវាមិនបាន ដែលអាមនុស្សខ្ញុំអ្នកបណ្តុះឡើងហ្នឹង ខ្ញុំចង់សួរហែងប៉ុណ្ណឹង ថាហែងវាមានវេទមន្តអី ខ្ញុំសូមចែកបន្តិចមក ដើម្បីទុកឱ្យខ្ញុំទៅរកប្តីទៀត ដើម្បីទាញដូចហែងដែរនេះ ហែងជួយចែកឱ្យខ្ញុំបន្តិចមក គោរពណាស់សក្ការៈគ្រប់កន្លែង តែដល់យកៗប្តីគេ ខ្ញុំតេមកអត់មានប្លុកលេខខ្ញុំចោល អត់មានបិទលេខខ្ញុំទេ ខ្ញុំសូមនិយាយផ្តាំទុកជាមុនថា បើសិនជាអ្នកឯងហ៊ានធ្វើចឹង ខ្ញុំមកឱ្យអ្នកឯងមានកិត្តិយសហើយ អ្នកឯងជាន់កិត្តិយសរបស់ខ្ញុំ បើខ្ញុំត្រឡប់ទៅវិញ ហើយអ្នកឯងហ៊ានបកខាំខ្ញុំវិញ អ្នកឯងអត់សុខទេ ក្នុងមួយជីវិតនេះ បើខ្ញុំធ្វើអ្នកឯងមិនបាន គ្រួសារអ្នកឯងខ្ញុំស៊ើបទាល់តែឃើញ ខ្ញុំសុខចិត្តលក់ដីតាមធ្វើទាល់តែបានខ្ញុំប្រាប់ បើខ្ញុំមកសម្រុះសម្រួលអ្នកឯងល្អ អ្នកឯងគួរសហការជាមួយខ្ញុំ ខ្ញុំមិនមកវាយតប់អ្នកឯង ខ្ញុំមិនមកបំផ្លាញកិត្តិយសអ្នកឯងឯណា? ខ្ញុំថាឱ្យគាត់ឡើងទៅផ្តិតមេដៃឱ្យខ្ញុំ ហើយម្នាក់នេះ មិនមែនជាប្តីអូនឯងទេ ជាប្រុសអូនឯង តែជាប្តីរបស់ខ្ញុំ ហើយទូរស័ព្ទប្រុសអូនឯង បងបោក ចោលខ្ទេចហើយ ព្រោះអី លេខបងខលទៅ វាស្រូបអត់បាន ចឹងបងបោកចោលអស់ហើយ វាអត់មានអីទាក់ទងទេ ចឹងបងទាក់ទងលេខអូនឯង បងវេរឱ្យ ហើយអូនឯងទទួលយក ឥឡូវយ៉ាងម៉េចទៅខាងប្រុស? និយាយទៅ គាត់ថាគាត់ទទួល កុំមើលមុខខ្ញុំក្នុងក្រសែភ្នែកអាក្រក់ចឹង និយាយទៅ គាត់ អត់បង្ខំទេ គាត់ក៏ចង់លឺសម្តីដែរ បើគេទទួលលោកឯងហើយ ឱ្យខ្ញុំទទួលលោកឯងដែរ? យកលោកឯងធ្វើអី? លោកឯងដុំពេជ្រ? បើគេអត់ទៅ ក្រែងខ្ញុំគិតមើលសារថ្មីឡើងវិញ តែគេមិនអត់ផងហ្នឹង គេថាគេនៅតែយកលោកឯង។
-(បុរសជាប្តី) ៖ មានតែចប់ បើគាត់និយាយចឹងចប់ហើយ មានអីនិយាយ។
-(ស្ត្រីជាប្រពន្ធ) ៖ ពេលនៅផ្ទះ ចប់ក៏ចប់ ចង់ចប់ក៏បាន ដល់មកជួបមុខគ្នា ធ្វើចឹង? សួរថាខ្ញុំមានខុសអី គ្រាន់តែមកស្តាប់រឿងអ្នកទាំងពីរហ្នឹង ខ្ញុំជាប្រពន្ធស្របច្បាប់ ខ្ញុំចង់ធ្វើអីក៏បានដែរ តែខ្ញុំអត់កកូរកកាយជីវិតអ្នកឯងទេ ឱ្យអ្នកឯងរស់នៅដោយស្រួល ខ្ញុំគ្រាន់តែចង់លឺសម្តីរបស់អ្នកឯងទាំងសងខាង ហេតុអីបានជាអ្នកឯងទៅខេត្តកំពតជាន់ដីខ្ញុំនាំថោកទេ ចឹងហើយខ្ញុំសុខចិត្តថោកតែខ្លួនខ្ញុំទៅបានហើយ កុំឱ្យពូជរបស់ខ្ញុំ វាថោក ទៅនិយាយទៅ ព្រោះអីមីអូននេះវានិយាយហើយៗ គាត់ទទួលគាត់ព្រមយក គាត់ទទួលយកគាត់ស្រលាញ់ ចុះយើងម៉េចដែរ?
-(បុរសជាប្តី) ៖ ហើយបើខ្ញុំថា បកក្រោយឯងយកវិញអត់?
-(ស្ត្រីជាប្រពន្ធ) ៖ ចឹងនិយាយឱ្យស្រេចមក។
-(បុរសជាប្តី) ៖ បើបងថាបកក្រោយអូនឯង ខឹងអី?
-(ស្រីស្នេហ៍) ៖ បើបងឯងគិតថាបកក្រោយ បងឯងចាំបាច់នាំកាត់មកនិយាយ យកកិត្តិយសខ្ញុំទៅបោះចោលធ្វើអី? បងឯងគ្រាន់តែខល ប្រាប់តែមួយម៉ាត់មក ទោះបីខ្ញុំស្លាប់ ក៏ខ្ញុំអត់ស្តាយដែរជីវិតនេះ តែគ្រួសារខ្ញុំ បើគំនិតបងឯងគិតចឹង ហេតុអីក៏បងឯងមិនខលប្រាប់មក? ហើយ បើបងឯងសម្រេចចិត្តថាបកក្រោយ បងឯងមិនខលប្រាប់មក យកលេខបងឯងខលមក គាត់ទៅពីនេះ គាត់ប្រាប់ថា ប្រហែលដេកផ្ទះសំណាក់ ហើយចឹងពីម្សិលមិញខ្ញុំគ្រាន់តែចង់សួរថា គាត់ទៅហ្នឹង ទៅដល់ផ្ទះបងស្រី ឬក៏សម្រាកនៅផ្ទះសំណាក់។
-(ស្ត្រីជាប្រពន្ធ) ៖ នៅផ្ទះខ្ញុំ នៅដេកផ្ទះខ្ញុំ តែក៏មិនដេកចូលគ្នា ហើយក៏មិនធ្វើគ្នាដែរ។
-(ស្រីស្នេហ៍) ៖ ខ្ញុំមិនគិតថាធ្វើគ្នា ឬក៏មិនធ្វើគ្នាដែរ គាត់គ្រាន់តែប្រាប់ខ្ញុំថា គាត់ដេកផ្ទះសំណាក់ ហើយ អូនឯងកុំខលមកបង ឬក៏ឆាតមកបង ហើយខ្ញុំក៏ថា ខ្ញុំអត់ទៅរំខានបងឯងទេ ខ្ញុំយល់ ខ្ញុំផ្ញើសារចឹង ហើយបងស្រីក៏ខលមកខ្ញុំ២-៣ដង ខ្ញុំក៏ផ្ញើសារ ប្រាប់គាត់ថា បងស្រីខលមកខ្ញុំច្រើនដងហើយ ហេតុអីបងឯងបិទទូរស័ព្ទធ្វើអី? ធ្វើចឹងនាំឱ្យគាត់ខឹងខ្ញុំខ្លាំងទៀត គិតថាខ្ញុំ ជាមនុស្សចាក់ឆ្កឹះឱ្យប្តីប្រពន្ធគេឈ្លោះគ្នាហើយ ហើយខ្ញុំក៏ផ្ញើសារទៀតថា ជូនពរឱ្យបងត្រូវគ្នាវិញផង បើបងឯងគិតថាបកក្រោយចឹង បងឯងមិនខលមក ខ្ញុំអត់ខឹងទេ ព្រោះខ្ញុំចាត់ទុកថា វាជាកម្មពៀរបរ់ខ្ញុំទេ។
-(ស្ត្រីជាប្រពន្ធ) ៖ គាត់ចង់ Surprise អូនឯងធ្វើឱ្យអូនឯងសប្បាយចិត្ត បើកទ្វារមកវ៉ាក់អើទាំងអស់គ្នាចឹង អូនឯងប៉ុណ្ណឹងអូនឯងទាមទារកិត្តិយស ចុះបងនេះ ប្រពន្ធពេញច្បាប់នេះ តើកិត្តិយសបងទុកណា?
-(ស្រីស្នេហ៍) ៖ បើគាត់ចង់បកក្រោយ តើបងស្រីទទួលយកគាត់ឬអត់?
-(ស្ត្រីជាប្រពន្ធ) ៖ No! ខ្ញុំមានគ្រប់បែបយ៉ាងទាំងអស់ ដីផ្ទះ របស់របរខ្ញុំមានអស់ហើយ ខ្ញុំមិនយកអាប្រុសថោកទាបហ្នឹងទេ ទៅធ្វើរោងចក្រជាមួយគ្នាទៅ ចិញ្ចឹមគ្នាឱ្យល្អទៅ កុំឱ្យវាក្បត់ហែង ដូចវាក្បត់ខ្ញុំនៅចំពោះមុខហែងនេះទៀត ខ្ញុំធ្លាប់អត់ហើយអូន អត់មិនដែលដេកជាមួយគ្នា ធ្វើគ្នាហ្នឹងច្រើនឆ្នាំហើយ ចឹងខ្ញុំអត់បន្តទៀត ក៏អត់ងាប់ដែរ ចឹងអូនឯងអត់អត់បាន ចឹងយកចុះ ខ្ញុំអត់យកទេ ខ្ញុំចង់បញ្ជាក់ម្តងទៀត ពេលខ្ញុំខលមកឱ្យវាឡើងទៅ ឬហែងឡើងទៅជាមួយ ផ្តិតមេដៃឱ្យខ្ញុំត្រឹមត្រូវ ហើយត្រឡប់មករស់នៅជុំគ្នាចុះ…”។
-(បុរសជាប្តី) ៖ អត់អីទេ ចាំខ្ញុំឡើងទៅផ្តិតមេដៃ មិនឱ្យពិបាកទេ។
-(ស្ត្រីជាប្រពន្ធ) ៖ កុំនិយាយភាសាឱ្យពិបាក ខ្ញុំមិនពិបាកទេ យើងអ្នកធ្វើឱ្យពិបាកខ្លួនឯង បើយើងចេះចង យើងចេះយកចិត្តខ្ញុំតែបន្តិច ខ្ញុំឱ្យយើងយកគ្នាដល់ងាប់ ទី១-ដោយសារហ្វេសប៊ុកប្លុកខ្ញុំចោល បើអ្នកដទៃទាក់ទងលេខហ្នឹងបាន ហើយខ្ញុំសួរថាយើងស្រីជាប្រពន្ធនេះ បើប្តីធ្វើចឹងដាក់យើង សួរថាយើងសប្បាយចិត្តអត់? វាងាកទៅខាំយើងយ៉ាងត្រជាក់ល្អូក ហើយចុះបើយើងមានស្រី អ្នកឯងដឹងហើយថាមានប្រពន្ធ ចឹងឱ្យគេសួរប្រពន្ធកូនគេទៅ ឯងសុខសប្បាយអត់ នៅឯណានៅឯណី មិនឱ្យគេសួរគ្នាផង ប្រុងក្តោបតែម្នាក់ឯង អាណាចាក់ហ្នឹង ឥឡូវក្តោបទៅ ខ្ញុំឱ្យក្តោបហើយ យើងគិតមើល យើងយកគ្នាលើក្បាលគេហើយ យើងទៅជាន់ឈ្លីកិត្តិយិសគេទៀតធ្ងន់ណាស់ តាមពិតខ្ញុំចង់យកគាត់ទៅវិញក៏បានដែរ ក៏ប៉ុន្តែមនុស្សនេះមិនអាចកែបានទេ ក្រយៅនេះ ណាមួយអាណិតអូនឯង ដែលខំលះបង់ទោះបីគេមានប្រពន្ធហើយ ក៏នៅលះបង់តាមយកគេ ចឹងហើយគេបរិច្ចាគឱ្យគាត់ហើយ ព្រោះអីមិនខ្វះទេប្រុសលើលោកនេះនោះ បងអាក្រក់មែនអូន រូបរាងបង សម្តីបងអត់ល្អទេ តែបងអត់ខ្វះទេប្រុសធើ បងមានទ្រព្យរបស់ប៉ុននេះ បងអត់ខ្លាចទេអូន អូនឯងមើលថែវាឱ្យបានល្អ ព្រោះខ្ញុំឱ្យទៅតភ្លើងអត់តឱ្យខ្ញុំទេ ខ្ញុំឱ្យទៅរៀបឥដ្ឋការ៉ូ ក៏អត់រៀបឱ្យខ្ញុំដែរ សូម្បីតែភ្ជាប់ពាក្យប្អូនស្រីខ្ញុំ ពីព្រឹកដល់ល្ងាច សួរថា ខ្ញុំខឹងញ័រសាច់ប៉ុនណា? ក្នុងផ្ទះមានកម្មវិធីធំណាស់ ហេតុអីក៏ចោលម្ហូបត្រឹមសម្បត្តិអូនឯងហ្នឹង ម្ហូបអូនឯងហ្នឹងក៏ពិសេសម៉េស ទាក់ទាញវាមកវិញបាននេះ ទាំងមនុស្សដឹងថាផ្ទះនោះ វារវល់ណាស់ហើយនោះ បងមិនចង់ធ្វើផ្លូវងងឹតិទេអូន ចឹងហើយបងនិយាយឱ្យស្រួល ឱ្យល្អ យើងស្រីដូចគ្នា ហីបងក៏ អត់ចង់មានរឿងអីដែរ ឱ្យតែដឹងច្បាស់ថាអូនឯងទទួលយកៗទៅ តែបងគ្រាន់តែចង់ផ្តាំថា បើវាហ៊ានធ្វើដាក់ប្រពន្ធដើមប៉ុណ្ណឹងហើយ ប្រពន្ធចុងក៏មិនណយដែរ ស្រីផ្សេងទៀតក៏មិនណយដែរ បើវាហ៊ានធ្វើដាក់បងនេះ ជាប្រពន្ធដើម ហើយបងហ្នឹងហើយមហាចិត្តធ្ងន់ ឃើញទេ បងមានមកវ៉ៃ អូនឯងអត់? មានមកជេរអូនឯង ដៀលអូនឯងអត់? អត់ទេ បងនៅធ្វើត្រជាក់ល្អូក បើអូនឯងវិញ បើវាមានបន្តទៀត អូនឯងធ្វើម៉េចទៅ? អូនឯងទៅលោតទឹកសម្លាប់ខ្លួនទេដឹង? បងមិនដឹងដែរ ធ្វើចិត្តអត់បានអាហ្នឹងណា នេះខោអាវរបស់គាត់ យកទៅ ហើយជួយថែគាត់ផង ខ្ញុំគ្មានអីទេ រួមរស់នៅជាមួយគ្នាទៅ ខំថែគ្នាទៅ ស្រលាញ់គ្នាទៅ តែគ្រាន់បងផ្តាំហើយផ្តាំទៀតថា វាហ៊ានធ្វើដាក់បងប៉ុណ្ណឹងប្រពន្ធដើម ចឹងប្រពន្ធចុង ឬស្រីវា ក៏មិនណយដែរ…”។
ក្រោយវីដេអូឃ្លីប ប្តីសំពះប្រពន្ធសុំរស់នៅជាមួយស្រីស្នេហ៍ខាងលើនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញអ្នកលេងហ្វេសប៊ុក ជាង១ម៉ឺននាក់ បាននាំគ្នាចែករំលែកតៗគ្នា ព្រមទាំងបញ្ចេញយោបល់រិះគន់ដាក់បន្ទុកផ្សេងៗគ្នា ទាក់ទងនឹងចំណងស្នេហ៍ ត្រីកោណខាងលើនេះ៕