ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់បានជិះម៉ូតូដឹកកូន និងក្មួយរបស់ខ្លួន បំណងត្រឡប់ទៅផ្ទះវិញ ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែអកុសល ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្ត្រីជាម្តាយស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកកូនប្រុស រួមនឹងក្មួយស្រីបានទទួលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចវល្លិ៍ប្រេង ភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ។
ស្ត្រីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះសួន ស្រីនេត្រ អាយុ៣៤ឆ្នាំ។ ចំណែកក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ ដែលរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះលាង ផាន់ណា ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាកូនបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ និងទី២-ឈ្មោះ យ៉ុម លីនដា ភេទស្រី អាយុ៧ឆ្នាំ ត្រូវជាក្មួយស្ត្រីរងគ្រោះខាងលើ។ ជនរងគ្រោះទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងមួយមេធំលាយឡំដោយផ្គររន្ទះផងនោះ បានធ្លាក់គ្របដណ្តប់ភូមិសាស្ត្រកើតហេតុខាងលើ លុះបន្តិចក្រោយមក គេឃើញស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូដឹកកូនប្រុសរបស់ខ្លួន រួមនឹងក្មួយស្រីម្នាក់ទៀត បំណងត្រឡប់ទៅផ្ទះវិញ ទាំងមេឃកំពុងធ្លាក់ភ្លៀង។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជួបគ្រោះអកុសល ត្រូវរន្ទះបាញ់ប្រហារ បណ្តាលឱ្យដួលម៉ូតូ ចំណែកស្ត្រីជាម្តាយបានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត។ ដោយឡែកក្មេងប្រុសស្រីទាំង២នាក់ បានទទួលរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញភ្លាមៗដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ ប្រាកដមែន៕