ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា ប្រទះឃើញ កើតមានអការៈមិនស្រួលខ្លួនខ្លាំង ក៏ប្រញាប់ជួយ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្រាប់តែអកុសល បុរសចំណាស់បានដាច់ខ្យល់ស្លាប់តាមផ្លូវគួរឱ្យសង្វេគ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល។
បុរសចំណាស់រងគ្រោះ មានឈ្មោះព្រីង នុន អាយុ៦២ឆ្នាំ មុខរបរកម្មករថែសួនអនុស្សាវរីយ៍ម៉ុងថ្លើក នៅភូមិអង្គកន្ធាយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល។
តាមសម្តីស្ត្រីឈ្មោះនីម វើន អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកជារៀងរាល់ព្រឹក ជនរងគ្រោះតែងក្រោកពីព្រលឹម ហើយចាក់បទចម្រៀងល្ខោនបាសាក់ជាប្រចាំ លុះមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៥ទៀបភ្លឺ ពេលគាត់ក្រោកពីដេក អត់ឮជនរងគ្រោះចាក់ចម្រៀងល្ខោនដែលគាត់ធ្លាប់ចាក់ ក៏មានការងឿងឆ្ងល់ ហើយដើរចូលទៅមុខបន្ទប់ជនរងគ្រោះស្រែកហៅ តែពុំលឺសំឡេងឆ្លើយតបវិញសោះ ខណៈនោះគាត់ក៏រុញទ្វារចូល តែជាប់គន្លឹះខាងក្នុង ទើបទៅអើតមើលតាមបង្អួចឃើញជនរងគ្រោះដេកធ្លាក់ក ភ្លាមនោះគាត់ស្រែកហៅបងប្អូនជិតខាងមកជួយរុញទ្វារ ចូលដើម្បីយកជនរងគ្រោះទៅព្យាបាល ដោយស្ទាបខ្លួនមានអក្ការៈក្តៅខ្លាំង រហូតដល់ម៉ោងប្រហែល៥និង៤០នាទី ក៏នាំគ្នារករ៉ឺម៉កកង់បីដឹកយកទៅពេទ្យក្នុងភូមិ តែដោយអាការៈធ្ងន់ធ្ងរពេក ក៏ដឹកបញ្ជូនទៅមន្ទីរពេទ្យប្រតិបត្តិស្រុក តែជាអកុសលដឹកចេញបានចំងាយប្រហែល ៣០ម៉ែត្រក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។
ក្រោយពីមានហេតុការណ៍កើតឡើង ពលរដ្ឋក៏បានរាយការណ៍ជូននគរបាលជំនាញ ធ្វើការពិនិត្យ ដោយមានចូលរួមពីក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិនិងកូន រួមនឹងបងប្អូនជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន៕