Thursday, January 23, 2025
Homeព័ត៌មានជាតិឃាតករដៃឆៅ! វ៉ៃសម្លាប់ រួចច្រកថង់ប្លាស្ទិក ដឹកទៅប្លុងចោល

ឃាតករដៃឆៅ! វ៉ៃសម្លាប់ រួចច្រកថង់ប្លាស្ទិក ដឹកទៅប្លុងចោល

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានឃាតករដៃឆៅ ធ្វើសកម្មភាពវាយសម្លាប់យ៉ាងសាហាវឃោរឃៅ រួចញាត់សពចូលទៅក្នុងថង់ប្លាស្ទិក បន្ទាប់មកក៏ដឹកចេញពីកន្លែងកើតហេតុ យកទៅបោះប្លុងចោលនៅក្បែរចិញ្ចើមផ្លូវ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ករណីឃាតកម្មដ៏ឃោរឃៅ វាយសម្លាប់បុរសម្នាក់ រួចដឹកសពយកមកប្លុងចោលនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ១ ក្បែរប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត។

សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គឺជាជនបរទេស និងមានវ័យប្រមាណជាង៤០ឆ្នាំ ស្លៀកខោជើងខ្លី ឆ្នូតសលាយប្រផេះ និងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គេឃើញមានរថយន្តតូច១គ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តតូច១គ្រឿងនោះ ក៏បានឈប់មួយសន្ទុះ រួចក៏បត់រថយន្តត្រឡប់ទៅទិសខាងកើតវិញ ក៏ប៉ុន្តែមិនមានអ្នកណាម្នាក់ ចាប់អារម្មណ៍ថារថយន្តខាងលើ ឈប់នៅទីតាំងកើតហេតុ ធ្វើអ្វីនោះទេ នឹកស្មានថាអ្នកបើកបរ ឈប់រថយន្តបត់ជើងតូចតាមធម្មតា។ ដឹងអី ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹកថ្ងៃដដែល ក៏មានអ្នកលក់នំម្នាក់ បានប្រទះឃើញសព នៅក្បែរចិញ្ចើមផ្លូវ ទើបស្រែកឆោឡោ ផ្អើលដល់ប្រជា ពលរដ្ឋដែលរស់នៅក្បែរនោះ រួមទាំងអ្នកដំណើរតាមផ្លូវជាតិលេខ១នាំគ្នាចោមរោមមើលគ្រប់គ្នា និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតមានការភ្ញាក់ផ្អើលថាប្រទះឃើញសាកសពរួចមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទង បន្តឱ្យមន្ត្រីជំនាញបច្ចេកទេស ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។

រហូតមកដល់វេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃដដែល ទើបមន្ត្រីជំនាញការិយាល័យបច្ចេកទេសស្នងការដ្ឋាននគបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង បានចុះមកដល់កន្លែងកើតហេតុ រួចក៏ចាប់ផ្តើមពិនិត្យនិងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ករណីនេះ ពិតជាអំពើឃាតកម្មប្រាកដមែន ដោយជនរងគ្រោះត្រូវជនដៃដល់ជាឃាតករ វាយចំក្បាលជាច្រើនកន្លែង និងមានស្លាកស្នាមបែកមាត់ ធ្ងន់ធ្ងរ បណ្តាលឱ្យស្លាប់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ អាចត្រូវឃាតករសម្លាប់ក្នុងចន្លោះម៉ោង៩ ទៅម៉ោង១០យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅកន្លែងផ្សេង សមត្ថកិច្ចបន្តទៀតថា រួចបានញាត់សពចូលទៅក្នុងថង់ផ្លាស្ទិចទុកចោល រហូតដល់ពេលទៀបភ្លឺ ឱកាសស្ងាត់ ទើបលើកសពដាក់លើរថយន្តដឹកមកទម្លាក់ចោល នៅទីតាំងកើតហេតុតែម្តង។

ជាមួយនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា បើតាមការពិនិត្យមើលភិនភាគសព សង្ស័យថាជាជនជាតិចិន ដោយសពមានសម្បុរស ហើយមានគេឃើញជនរងគ្រោះកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដើរញ៉ាំនុំប៉័ងនៅក្រុងបាវិត។ ដូច្នេះសមត្ថកិច្ចបានដាក់ការសង្ស័យថា ជនរងគ្រោះអាចស្នាក់នៅបណ្តោះអាសន្ននៅក្រុងបាវិត។

ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានដឹកយកសាកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តសុវណ្ណបុព្វារាម ស្ថិតក្នុងភូមិអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ជាឃាតករ ក្នុងអំពើឃាតកម្មដ៏ឃោរឃៅខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការកំណត់អត្តសញ្ញាណ ឈានដល់ការចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES