Thursday, January 23, 2025
Homeព័ត៌មានជាតិមួយគូទៀតហើយ! កូនក្រមុំថា «​ស្រលាញ់ស្រីដូចគ្នា ក៏មានអនាគតដែរ»

មួយគូទៀតហើយ! កូនក្រមុំថា «​ស្រលាញ់ស្រីដូចគ្នា ក៏មានអនាគតដែរ»

ខេត្តសៀមរាប ៖ គូស្នេហ៍ស្រលាញ់ភេទដូចគ្នា (ស្រីស្រលាញ់ស្រី) មួយគូនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាមប្រពៃណី ក្នុងពេលដ៏ខ្លីខាងមុខ ដោយក្នុងនោះ ភាគីកូនក្រមុំ បានអះអាងថា សុភមង្គលពិតប្រាកដ គឺផ្តើមចេញពីចិត្តស្រលាញ់ និងការស្មោះត្រង់នឹងគ្នា ហើយទោះជាពួកនាងស្រីស្រលាញ់ស្រី ក៏មានអនាគតដែរ។

គូស្នេហ៍ស្រីស្រលាញ់ស្រីខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភាគីខាងកូនក្រមុំដែលមានរូបសម្រស់ ស្រស់សោភា មានវ័យប្រមាណជាង២០ឆ្នាំ និងមានគណនីហ្វេសប៊ុកឈ្មោះ See Geck មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ចំណែកភាគីកូនកំលោះ មានវ័យប្រមាណជិត៣០ឆ្នាំ និងមានគណនីហ្វេសប៊ុកឈ្មោះ Smiley Khuoch ជាបុគ្គលអង្គការមួយ ប្រចាំខេត្តសៀមរាប។

យោងតាមគណនីភាគីកូនក្រមុំ ឈ្មោះ See Geck កាលពីពេលថ្មីៗកន្លងទៅបានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីសកម្មភាពនៃការថតរូបអាពាហ៍ពិពាហ៍សម្រាប់ដាក់តាំងមុខរោងការ រវាងនាង និងកូនកំលោះកំពូលស្នេហ៍ ព្រមទាំងបានបង្ហោះសារមួយឃ្លាយ៉ាងខ្លី តែមានន័យយ៉ាងខ្លាំងថា “ស្រលាញ់ស្រីដូចគ្នា ក៏មានអនាគត មិនចាំបាច់ស្រលាញ់ប្រុសបានមានអនាគតទេ មែនអត់?…”។

ចំណែកភាគីកូនកំលោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Smiley Khuoch បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា “អគុណអូនសម្លាញ់ ដែលចូលមកក្នុងជីវិត…”។ ភ្លាមនោះ ភាគីកូនក្រមុំក៏បានឆ្លើយតបទៅវិញយ៉ាងផ្អែមល្ហែមថា “ចាសប្តីសម្លាញ់ អូនក៏អរគុណបងដែលធ្វើឱ្យជីវិតអូនរីករាយ អូនស្រលាញ់បងខ្លាំងណាស់បងដឹងអត់ ស្រលាញ់បងគ្មានថ្ងៃកែប្រែចិត្ត…”។

ដោយឡែក តាមការអះអាងពីភាគីកូនក្រមុំ បានឱ្យដឹងថា ការថតរូបអាពាហ៍ពិពាហ៍នាពេលនេះ គឺគ្រាន់តែជាការថតរូបសម្រាប់យកដាក់តាំងនៅមុខរោងការប៉ុណ្ណោះ ខណៈដែលពិធីមង្គលការរវាងពួកនាង នឹងឈានចូលមកដល់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលនឹងរៀបចំឡើងតាមបែបបទប្រពៃណីត្រឹមត្រូវ និងប្រព្រឹត្តទៅនៅគេហដ្ឋានខាងកូនក្រមុំ ស្ថិតក្នុងខេត្តពោធិ៍សាត់ បន្ទាប់មកនឹងរៀបចំពិធីកាត់ចំណងដៃ នៅឯខេត្តសៀមរាបវិញម្តង ទីដែលកូនកំលោះស្នាក់នៅ និងបម្រើការងារ។

បន្ទាប់ពីឃើញការបង្ហោះរូបភាព ក៏ដូចជាពាក្យពេចន៍ផ្អែមល្ហែមរបស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នាខាងលើនេះ គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើល និងលួចច្រណែនចំពោះគូស្នេហ៍មួយគូនេះយ៉ាងខ្លាំង។ ប៉ុន្តែមួយចំនួនតូចបែរជាធ្វើការរិះគន់ សើចចំអក និងរើសអើងចំពោះចំណងស្នេហ៍ភេទដូចគ្នាទៅវិញ។
ផ្ទុយពីការរិះគន់ ឬសើចចំអកមួយចំនួនតូច គេឃើញម្ចាស់គណនីហ្វេស ប៊ុក ឈ្មោះ រ្សុន រ្សៀរន បានបង្ហោះសារមួយថា “សូមចូលរួម អបអរប្អូនទាំងពីរផង បាទ! អ្វីទៅសុភមង្គលជីវិត? សុភមង្គល គឺសេចក្តីរីករាយ សប្បាយ ត្រេកអរ កក់ក្តៅ យោគយល់ និងស្រលាញ់គ្នា ដោយសេចក្តីគោរព និង ស្រលាញ់។ ជីវិត គឺមនុស្សម្នាក់ៗ មានជីវិតមួយម្នាក់រៀងៗខ្លួន ដែលគ្មាននរណាអាចរស់ អាចស្រលាញ់ ឬឈឺ ជំនួសគ្នាបានឡើយ! អបអរសាទរប្អូន SeeGeck & Smiley Khuoch…”។

ចំណែកម្ចាស់គណនី Smiley Khuoch ក៏បានចូលរួមជាយោបល់ផងដែរថា “ខ្ញុំមិនដែលស្គាល់អ្នកទាំង២ទេ តែបើយើងមិនទៅបំផ្លាញគ្រួសារគេ ឬធ្វើឱ្យេគេបែកបាក់ប្រពន្ធកូនប្តី យើងកុំខ្វល់ពីអ្នកដទៃ បើយើងស្រលាញ់គ្នាហើយ យើងដឹងថាអ្វីដែលយើងធ្វើហើយ វាមានក្តីសុខ យើងកុំខ្វល់ពីអ្នកដទៃ ព្រោះពួកគេមិនមែនរស់នៅជាមួយយើង ហើយពួកគេមិនយល់ច្បាស់ពីយើងទេ ខ្ញុំត្រេកអរ និងរីករាយ ជូនពរអ្នកទាំងពីរ ឱ្យស្រលាញ់គ្នារហូតមានសុភមង្គលក្នុងជីវិតរហូតទៅ…”៕

RELATED ARTICLES