Thursday, January 23, 2025
Homeព័ត៌មានជាតិឪស្រវឹង រត់ធ្លាក់អណ្តូងទឹករបស់កូន បោកក្បាលស្លាប់

ឪស្រវឹង រត់ធ្លាក់អណ្តូងទឹករបស់កូន បោកក្បាលស្លាប់

ខេត្តព្រះវិហារ ៖ បុរសម្នាក់ ឱ្យតែស្រវឹងស្រាតែងកើតមានអាការៈភ័យខ្លាច ដូចជាមានអ្វីមួយតាមមកយាយី លុះក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏រត់ទៅធ្លាក់ចូលអណ្តូងទឹករបស់កូនបង្កើតរបស់ខ្លួន បណ្តាលឱ្យបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចព្រៃស្មាច់ ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន។

បុរសរងគ្រោះខាងលើ មានឈ្មោះអ៊ុន អុន អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងអួទីនួជាប់ជាប្រចាំ ហើយឱ្យតែស្រវឹងស្រាម្តងៗ ចេះតែមានអារម្មណ៍ភ័យខ្លាច។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ លុះឆ្លៀតពេលដែលប្រពន្ធកូនកំពុងដេកថ្ងៃលង់លក់ ជនរងគ្រោះក៏បានកើតមានអារម្មណ៍ភ័យខ្លាចជាថ្មីម្តងទៀត រួចក៏បានរត់សំដៅទៅផ្ទះ កូនបង្កើតរបស់ខ្លួន ដែលនៅទល់មុខផ្ទះគ្នា ស្រាប់តែអកុសល បានធ្លាក់ចូលទៅក្នុងអណ្តូងទឹក ដែលមានជម្រៅ៥ម៉ែត្រ បណ្តាលឱ្យបោកក្បាលនឹងថ្មបែកក្បាល ពេលនោះកូនបង្កើតជាម្ចាស់អណ្តូងបានឮសំទ្បេងឪពុកស្រែក ក៏រត់ទៅមើល ស្រាប់តែប្រទះឃើញឪពុកដេករងរបួសក្នុងអណ្តូង ទើបស្រែកឆោឡោហៅក្រុមគ្រួសារ និងអ្នកជិតខាងឱ្យជួយ ចុះស្រង់យកឪពុកឡើងមកលើគោក បន្ទាប់មកក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពគូលែនភ្លាមៗដែរ តែអកុសល ដោយសាររបួសធ្ងន់ធ្ងរពេក ទើបបុរសជាឪពុកបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជារត់ធ្លាក់អណ្តូងទឹកបណ្តាលឱ្យបែកក្បាលផ្នែកខាងក្រោយ ស្លាប់ដោយខ្លួនឯងប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹង និងចេះតែកើតមានអារម្មណ៍ភ័យខ្លាច៕

RELATED ARTICLES