Thursday, January 23, 2025
Homeព័ត៌មានជាតិលង់ស្នេហ៍តាមទូរស័ព្ទ ម៉ែហាមមិនស្តាប់វ៉ៃ កូនស្រីរត់ចោលផ្ទះ

លង់ស្នេហ៍តាមទូរស័ព្ទ ម៉ែហាមមិនស្តាប់វ៉ៃ កូនស្រីរត់ចោលផ្ទះ

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានទាក់ទងស្នេហាជាមួយនឹងយុវជនម្នាក់តាមទូរស័ព្ទ លុះស្ត្រីជាម្តាយតាមទាន់ ព្យាយាមហាមឃាត់ច្រើនដងដែរ តែកូនស្រីមិនព្រមស្តាប់ ទើបស្តីប្រដៅ និងជ្រុលដៃវ៉ៃបន្តិចបន្តួច ស្រាប់តែកូនស្រីបានរត់ចេញពីផ្ទះទៅតាមយុវជនជាសង្សារបាត់អស់រយៈពេលជិត១ខែ ដោយមិនផ្តល់ដំណឹងអ្វីឱ្យអ្នកផ្ទះបានដឹងសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

យុវតីដែលតូចចិត្តនឹងម្តាយស្តីវ៉ៃប្រដៅរឿងមានស្នេហាតាមទូរស័ព្ទ ស្រាប់តែរត់ចោលផ្ទះអស់រយៈពេលជិត១ខែនេះ មានឈ្មោះង៉ាន់ មីហៃ អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ មានលំនៅក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ យុវតីខាងលើ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

តាមសម្តីបុរសឈ្មោះង៉ាន នឿន អាយុ៣៧ឆ្នាំ មុខរបរចិញ្ចឹមទា ត្រូវជាឪពុកបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ គឺជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣)។ កន្លងមកកូនស្រីគាត់ម្នាក់នេះ គឺជាក្មេងស្រីម្នាក់ល្អណាស់ រៀនក៏ពូកែដែរ ទាំងភាសាខ្មែរ និងភាសាចិន។ ប៉ុន្តែទើបតែរយៈពេលប្រមាណជិត១ខែចុងក្រោយនេះ កូនស្រីនេះក៏បានទាក់ទងស្នេហាតាមទូរស័ព្ទ តាមឆាតជាមួយនឹងយុវជនម្នាក់ (មិនស្គាល់អត្តសញ្ញាណ) គ្រាន់តែដឹងថា មានវ័យស្របាក់ស្របាលគ្នា និងធ្វើការជាកម្មករឡានដឹកដែក។

បុរសជាឪពុករូបនេះ បន្តថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានដឹងពីទំនាក់ទំនងកូនស្រី ជាមួយនឹងយុវជននោះតាមហ្វេសប៊ុក តាមឆាត ទើបចេះតែហាមប្រាមកូនស្រីឱ្យឈប់ទាក់ទងបែបនេះទៅ មិនល្អទេ ព្រោះខ្លួនជាស្រី ណាមួយនៅវ័យក្មេងខ្ចីទៀត ប៉ុន្តែកូនស្រីមិនព្រម ស្តាប់នៅបន្តទាក់ទងគ្នារហូត ទើបមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ខណៈដែលគាត់ជាឪពុកកំពុងនៅកន្លែងរោងចិញ្ចឹមទា ប្រពន្ធរបស់គាត់ ក៏បានហៅកូនស្រីនេះមកស្តីប្រដៅ រហូតដល់ជ្រុលដៃវ៉ៃព្រមានដោយរំពាត់ ទុកជាការប្រៀនប្រដៅប៉ុណ្ណោះ មិននឹកស្មានថាកូនស្រីខឹងចិត្តរហូត រត់ចេញពីផ្ទះបែបនេះសោះ។

បុរសជាឪពុក បន្តថា ក្រោយពីត្រូវម្តាយវ៉ៃបន្តិចបន្តួចហើយ មកដល់វេលាម៉ោង៤សៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ ក៏បានពឹងមិត្តភក្តិម្នាក់នៅក្បែរផ្ទះ ឱ្យជួយដឹកនាងចេញទៅក្រៅ និងបានទៅជួបជាមួយនឹងយុវជនខាងលើ ហើយក៏នាំគ្នាចេញទៅបាត់ មិនដឹងជាមានគោលដៅទៅណាមកណានោះទេ។ ក្រោយពីកូនស្រីបាត់ខ្លួន១យប់ មកដល់ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ទើបប្រពន្ធគាត់បានប្រាប់ដំណឹងនេះឱ្យគាត់បានដឹង រួចក៏នាំគ្នាដើរតាមរកសព្វកន្លែង តែរកយ៉ាងណា ក៏មិនឃើញកូនស្រីសោះ ហើយទោះជាទៅដាក់ពាក្យបណ្តឹង ក៏សមត្ថកិច្ចរកមិនទាន់ឃើញតម្រុយដែរ។

បុរសជាឪពុក បានបញ្ជាក់ថា ប្រសិនបើកូនស្រីបានលឺដំណឹងនេះហើយ សូមឱ្យកូនស្រីវិលត្រឡប់មកផ្ទះវិញ ឪពុកម្តាយមិនប្រកាន់ខឹងអ្វី នឹងកូនឡើយ ហើយពេលនេះ ឪពុកម្តាយពិតជាបារម្ភពីសុវត្ថិភាពកូនស្រីខ្លាំងណាស់។ ចំណែករឿងទំនាក់ទំនងគ្នានោះ ប្រសិនបើកូនស្រីពិតជា ស្រលាញ់គ្នាជាមួយយុវជននោះមែន ឱ្យតែព្រមត្រឡប់មកផ្ទះវិញ ពួកគាត់មិនជំទាស់រារាំងអ្វីនោះទេ គឺឱ្យខាងប្រុសចូលស្តីត្រឹមត្រូវ ពួកគាត់ជាឪពុកម្តាយ នឹងផ្សំផ្គុំឱ្យមិនខាន៕

RELATED ARTICLES