ភ្នំពេញ ៖ ក្មេងស្ទាវ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់បានសម្រេច រួចព្យាយាមបើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋផ្អើលឆោឡោព័ទ្ធចាប់ ធ្វើឱ្យភ័យស្លន់ស្លោ ក៏ជ្រុលចង្កូតម៉ូតូបុកខឿនសួនច្បារចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបែកមុខមាត់ រងរបួសធ្ងន់ ទាំង២នាក់ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីចោរឆក់ទូរស័ព្ទអស់លក្ខណ៍ជិះម៉ូតូបុកខឿនសួនច្បារដួលបែកមុខមាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវហាណូយ កែងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បុរសរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះ យ៊ុង មុន្នី អាយុ៤០ឆ្នាំ មុខរបរមេការខារ៉ាអូខេ ឃីងដ្រេហ្គិន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យជាចោរឆក់ទាំងពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានវ័យប្រមាណ ២០ឆ្នាំដូចគ្នា និងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HE-6641។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក GIORNO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DF-2393 ចេញមកពីកន្លែងធ្វើការ បំណងជិះទៅហូបមីឆានៅក្បែរកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូតាមមកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំសុង របស់គាត់ដែលដាក់ក្នុងហោប៉ៅអាវបានសម្រេច។
បុរសរងគ្រោះបន្តថា បន្ទាប់ពីឆក់ទូរស័ព្ទរបស់គាត់បានសម្រេចហើយ ជនសង្ស័យទាំង២នាក់បានព្យាយាមជិះម៉ូតូរត់គេចខ្លួន តែភ្លាមនោះ គាត់បានស្រែកឆោឡោ ថាចោរៗ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានរត់ដេញតាម និងទាញដុំថ្មគុបទៅលើជនសង្ស័យ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏រេចង្កូតដួលបោកនឹងខឿនសួនច្បារចែកទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរទាំង២នាក់តែម្តង និងត្រូវប្រជាពលរដ្ឋព័ទ្ធឃាត់ខ្លួនជាប់ ចំណែកឯម៉ូតូរងការ ខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ លុះពិនិត្យឃើញស្ថានភាពរបួសរបស់ជនសង្ស័យជាចោរឆក់ទូរស័ព្ទទាំង២នាក់ មានសភាពធ្ងន់ធ្ងរ ទើបសមត្ថកិច្ចសម្រេចទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនសង្ស័យទាំង២នាក់ខាងលើ ទៅសង្គ្រោះទៅឯមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ មុននឹងនាំខ្លួនយកទៅចាត់ការតាមច្បាប់៕