Thursday, January 23, 2025
Homeព័ត៌មានជាតិស្រលាញ់គ្នា២ឆ្នាំ ម៉ែបងថាខុសខែឆ្នាំ អូនកាត់ចិត្តទាំងទឹកភ្នែក

ស្រលាញ់គ្នា២ឆ្នាំ ម៉ែបងថាខុសខែឆ្នាំ អូនកាត់ចិត្តទាំងទឹកភ្នែក

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ បានចាប់ចិត្តស្រលាញ់គ្នា សាងអនុស្សាវរីយ៍ផ្អែមល្ហែម អស់រយៈពេល២ឆ្នាំមកហើយ និងនឹកស្រម៉ៃ ថានឹងបង្កើតក្រុមគ្រួសារ ក្លាយជាស្វាមីភរិយានឹងគ្នានៅពេលខាងមុខ ស្រាប់តែពេលម្តាយខាងប្រុសយកខែឆ្នាំកូនប្រុសស្រីទាំង២ ទៅគន់គូមើលពីជោគជតា ស្រាប់តែគ្រូហោប្រាប់ថា គូនេះជាគូកម្មខុសខែឆ្នាំ មិនអាចរួមរស់នឹងគ្នាបានឡើយ ទីបំផុតគូស្នេហ៍វ័យក្មេងមួយនេះ បានសម្រេចចិត្ត បែកចែកផ្លូវគ្នាទាំងឈឺចាប់ ហូរទឹកភ្នែកមិនឈប់ ព្រោះតែក្តីស្រម៉ៃត្រូវរលាយសាបសូន្យ។

គូស្នេហ៍ដែលបែកបាក់គ្នា ព្រោះតែខែឆ្នាំមិនត្រូវគ្នានេះ ត្រូវគេដឹងថា ខាងស្រីមានគណនីហ្វេសប៊ុកឈ្មោះ ឈុននាង ឈុននាង។ ចំណែក ខាងប្រុសមានគណនីហ្វេសប៊ុក ឈ្មោះឡុង កូនខ្មែរ។ គូស្នេហ៍ខាងលើ បើពិនិត្យតាមភិនភាគ ទើបនឹងមានវ័យប្រមាណ២០ឆ្នាំប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុក ឈុននាង ឈុននាង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ បានបង្ហោះរូបថតមួយសន្លឹក ដែលនាងនិងប្រុសស្នេហ៍ធ្លាប់ទៅកំដរការមិត្តភក្តិ ព្រមទាំងបញ្ចោញនូវសារឈឺចាប់មួយថា “គូយើងគូកម្ម យកគ្នាមិនបាន បងត្រូវធ្វើចិត្តឱ្យបានណាឡុង អូនក៏ខំធ្វើចិត្តដែរ ធ្វើម៉េចយើងមិនមែនគូព្រេងនឹងគ្នា ពិបាកកាត់ចិត្តណាស់ អូនសូមជូនពរឱ្យបងជួបមនុស្សស្រីដែលល្អ ហើយស្រឡាញ់បង ស្មោះដូចអូនស្រឡាញ់បងពេលនេះ ខ្ញុំទាំង២រៀនកាត់ចិត្តពីគ្នាហើយ ធ្វើមិត្តភិក្តដូចកាលពីមុនវិញម្តងហើយ ឈឺចាប់ណាស់ខ្ញុំ ហេតុអីទៅក្តីស្រមៃ ពួកយើងរលាយសាបសូន្យហើយពេលនេះ…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមថា “ឈឺហួសព្រោះខែឆ្នាំ ឈឺទេ? ពេលឮម្តាយគេប្រាប់ឱ្យកាត់ចិត្ត ឈឺទេ? ពេលឮថាខែឆ្នាំ មិនត្រូវគ្នា យកគ្នាមិនបាន ខំស្រឡាញ់គ្នា២ឆ្នាំជាង ឮចឹងឈឺចាប់ណាស់ ឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅ? ឱ្យពួកខ្ញុំបែកគ្នា ខ្ញុំធ្វើមិនបានទេដាច់ខាត ខ្ញុំស្រឡាញ់គ្នាណាស់ហេតុអីទៅ? ខ្ញុំឈឺចាប់ណាស់ សរសេរសទាំងទឹកភ្នែកហូរ? បើអាណិតខ្ញុំស៊ែរ១ទៅណព្វ…”។

ជាមួយនេះ ភាគីខាងស្រី ក៏បានអះអាងដែរថា ចំណងស្នេហ៍ពួកនាងផ្តើមចេញពីចិត្តនិងចិត្ត និងខំថែរក្សាអស់រយៈពេលជាង២ឆ្នាំមកហើយ ចំណែកចាស់ទុំខាងប្រុស ក៏ពេញចិត្តនឹងនាងដែរ តែពេលទៅគន់គូឃើញថាខែឆ្នាំមិនត្រូវ ម្តាយខាងប្រុសក៏មានចិត្តអាណិតនាងខ្លាំងណាស់ដែរ។ មិនតែប៉ុណ្ណោះគ្រួសារនាងផ្ទាល់ ក៏ធ្លាប់ទៅគន់គូមើលដោយខ្លួនឯងដែរ និងឃើញថាលទ្ធផលដូចគ្នា ណាមួយរវាងនាងនិងគូស្នេហ៍នេះ សុទ្ធតែជាកូនពៅដូចគ្នា ហើយនាងធ្លាប់ឃើញកន្លងមកកូនពៅ និងកូនពៅ រៀបការជាមួយគ្នាមិនសូវមានក្តីសុខទេ ជាហេតុធ្វើឱ្យនាងភ័យខ្លាចថា ជួបបញ្ហាដូចការទស្សន៍ទាយនោះមែន។

បន្ទាប់ពីបានឃើញ សារឈឺចាប់របស់យុវតីខាងលើរួចមក គេឃើញមិត្តភក្តិ រួមនឹងអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែកតៗគ្នា ព្រមទាំងបានបញ្ចោញនូវអារម្មណ៍សោកស្តាយ អាណិតអាសូរចំពោះទឹកចិត្តស្មោះរបស់គូស្នេហ៍ទាំងពីរ ដែលកន្លងមកខំស្រលាញ់ យកចិត្តទុកដាក់ថែរក្សាស្នេហារបស់ខ្លួន សង្ឃឹមថា នឹងអាចបង្កើតបានជាគ្រួសារមួយដ៏មានសុភមង្គល តែផ្ទុយទៅវិញ មិនទាន់បានសាងគ្រួសារផង ក៏ជួបរឿងប្រេះឆា ព្រោះតែខែឆ្នាំទៅវិញ៕

RELATED ARTICLES