ខេត្តកំពង់ស្ពឺ ៖ ក្មេងស្ទាវឈាមរាវម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បានរករឿងឈ្លោះប្រកែកជាមួយអ្នកជិតខាងម្នាក់ រួចក៏ស្ទុះទៅវាយគូទំនាស់ បណ្តាលឱ្យរងរបួសស្រាល និងត្រូវបានជនរងគ្រោះខ្ជិលមានរឿងវែងឆ្ងាយ ក៏គេចចេញទៅ ស្រាប់តែធ្វើឱ្យយុវជនប្រមឹក មួម៉ៅក្តៅចិត្ត ខឹងមិនបានវ៉ៃមនុស្ស ក៏ស្ទុះទៅវ៉ៃបំផ្លាញទ្រព្យរបស់ចានឆ្នាំងរបស់គេ បណ្តាលឱ្យបែកបាក់ខ្ទេចខ្ទីអស់ ទីបំផុតម្ចាស់ផ្ទះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់អូសកយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចតាក្រាំង ស្ថិតក្នុងភូមិតានិល ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
ជនបង្កអំពើហិង្សាខាងលើ ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះចែម វុទ្ធី ហៅទុន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឆឹង ឈីម ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា (ផ្ទះក្បែរគ្នា)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កហេតុ មិនដឹងជាទើបនឹងត្រឡប់មកពីផឹកស៊ីនៅឯណាជាមួយ អ្នកណាមិនដឹង ក៏ស្រាប់តែមកបង្ករឿងអុកឡុកអ្នកជិតខាង និងបានរករឿងឈ្លោះប្រកែកជាមួយជនរងគ្រោះឈ្មោះឆឹង ឈីម រហូតឈានដល់ អំពើហ្សិា ស្ទុះទៅវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសស្រាល។ បន្ទាប់មកដោយសារតែជនរងគ្រោះនឹកឃើញ ខ្ជិលមានរឿងវែងឆ្ងាយក៏បាន គេចចេញទៅ ស្រាប់តែជនបង្ក បែរជាច្រឡោតខឹងកាន់តែខ្លាំង មួម៉ៅរឿងវ៉ៃមនុស្សមិនបាន ក៏បែរជាបញ្ចោញកំហឹងទៅលើទ្រព្យសម្បត្តិ និងសម្ភារៈរបស់ជនរងគ្រោះ ដោយបោកកំទេចចានឆ្នាំងចង្ក្រាន ព្រមទាំងវាយគោយន្តរបស់ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាតតែម្តង។
ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងចរិតឃោរឃៅ របស់ជនបង្កលែងបាន ទើបជនរងគ្រោះ សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចុះឃាត់ខ្លួនជនបង្ក នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕