ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ បានកើតមានជំលោះពាក្យសម្តីជាមួយនឹងប្អូនបង្កើតរបស់ខ្លួនតិចតួច ពីរឿងដណ្តើមផ្លែត្របែកគ្នា ឃើញបែបនេះ ស្ត្រីជាម្តាយក៏ស្តីបន្ទោសកូនស្រីខ្លាំងៗថាធ្វើបងគេមិនគួរដណ្តើមជាមួយប្អូនបែបនេះទេ ស្រាប់តែកូនស្រីរូបនេះតូចចិត្ត ក៏សម្រេចចិត្ត ចងកសម្លាប់ខ្លួន ធ្វើឱ្យក្រុមគ្រួសាររន្ធត់ចិត្តគ្រប់គ្នា។
ករណីក្មេងស្រីតូចចិត្តម្តាយស្តីបន្ទោស បែរជាជ្រើសយកវិធីចងកបញ្ចប់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។
ក្មេងស្រីចិត្តខ្លាំងគំនិតខ្លី ដែលចងកធ្វើអត្តឃាតនេះ មានឈ្មោះតាត ស្រីល័ក្ខ អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ កូនស្រីម្នាក់នេះ (ក្មេងស្រីរងគ្រោះ) បានឈ្លោះប្រកែកគ្នាជាមួយនឹងប្អូន ពីរឿងដណ្តើមផ្លែត្របែកគ្នា។ នៅពេលឃើញកូនៗឈ្លោះប្រកែកគ្នា មិនចេះស្រលាញ់គ្នា ពិសេសគ្រាន់តែរឿងផ្លែត្របែក១ផ្លែសោះ មិនព្រមចែកគ្នាហូប ទើបគាត់ជាម្តាយ បានស្តីបន្ទោសទៅកូនស្រីជាបង យ៉ាងខ្លាំងថា ធ្វើបងគេ ត្រូវចេះស្រលាញ់ប្អូន គ្រាន់តែផ្លែត្របែក១ផ្លែសោះ បែរជាមកឈ្លោះដណ្តើមជាមួយប្អូនដែរ។ លុះត្រូវគាត់ស្តីបន្ទោសរួច កូនស្រីនេះ ក៏ចូលទៅសម្ងំនៅក្នុងផ្ទះបាត់ទៅ ចំណែកគាត់ជាម្តាយ ក៏មិននឹកស្មានដល់សោះថា កូនស្រីអាចនឹងមានគំនិតខ្លីដល់ម្លឹង ទាំងដែលការពិត គាត់ស្តីបន្ទោសនេះ គ្រាន់តែចង់ឱ្យកូនល្អ ចេះស្រលាញ់បងប្អូនប៉ុណ្ណោះ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៧យប់ថ្ងៃដដែល គាត់ដេឡីងទៅលើផ្ទះ ក៏ស្រាប់តែប្រទះឃើញកូនស្រីបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យគាត់ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ៕