ភ្នំពេញ ៖ ជារឿងដ៏សោកសង្រេងបំផុតមួយសម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលប្តីប្រពន្ធមួយគូ ទើបនឹងរៀបការជាមួយគ្នាបាន៦ខែ ស្រាប់តែបុរសជាប្តី ចេញទៅរត់ម៉ូតូរកប្រាក់ចិញ្ចឹមគ្រួសារ ក៏ជួបគ្រោះអកុសល ត្រូវជនដៃដល់ជាឃាតករចិត្តឃោរឃៅ ធ្វើសកម្មភាពចាក់ប្រហារ និងអារកសម្លាប់យ៉ាងព្រៃផ្សៃ រួចប្លន់យកម៉ូតូបាត់ ដោយបោះសពចោលកណ្តាលវាលស្មៅ និងត្រូវប្រជាពលរដ្ឋប្រទះឃើញ កើតមានការភ្ញាក់ផ្អើលដឹងដល់ស្ត្រីជាប្រពន្ធមកអង្គុយទួញយំ ឱបសពប្តី គួរឱ្យសង្វេគជាពន់ពេក។
ករណីអារកប្លន់ម៉ូតូ យ៉ាងសាហាវឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចដីវាល ក្នុងបរិវេណខាងមុខរោងចក្រ ហូបវែល ស្ថិតក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សាកសពជនរងគ្រោះខាងលើ ដំបូងឡើយ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ លុះក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃដដែល ទើបលេចមុខស្ត្រីម្នាក់ បានមកអះអាងថា ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ និងបានរៀបរាប់ប្រាប់ថា ប្តីរបស់នាង (សាកសព) មានឈ្មោះឡាញ់ វ៉ន អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកឡែម ខេត្តបាត់ដំបង និងមានលំនៅក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត តែមកស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះប៉ុល រិន អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើត នៅភូមិដំណាក់ ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ប្តីប្រពន្ធអ្នកទាំងពីរខាងលើនេះ ទើបនឹងរៀបការជាមួយគ្នាបានរយៈពេល៦ខែប៉ុណ្ណោះ និងនៅមិនទាន់មានកូនជាចំណងនិស្ស័យនៅឡើយ។
តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកថា ប្តីរបស់នាង តែងចេញរត់ឌុបជារៀងរាល់ថ្ងៃ ដោយប្តីរបស់នាងមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ មិនចាំស្លាកលេខ ហើយជាទូទៅប្តីតែងត្រឡប់ចូលផ្ទះវិញនៅរៀងរាល់ម៉ោង៩យប់ ទៀងពេលណាស់ ទោះជាមានម៉ូយ ឬអត់ម៉ូយក្តី។ លុះមកដល់ថ្ងៃកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ប្តីរបស់នាងមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យនាងនឹកបារម្ភ និងព្យាយាមចុចទូរស័ព្ទទៅសួរនាំប្តីដែរ តែទូរស័ព្ទមិនចូលណាមួយដោយសារយប់ជ្រៅផង នាងមិនដឹងចេញទៅរកប្តីនៅឯណា ទើបសម្ងំដេក១យប់សិន ចាំព្រឹកចាំចេញទៅតាមរកប្តី។ ស្រាប់តែមកដល់ វេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នាងក៏ទទួលបានព័ត៌មានថា ប្តីរបស់នាងត្រូវបានចោរចាក់សម្លាប់ ប្លន់យកម៉ូតូបាត់ទៅហើយ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ មិនដឹងជាត្រូវឃាតករចាក់សម្លាប់ ប្លន់ម៉ូតូតាំងពីថ្មើណាមកទេ រហូតមកដល់វេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានកម្មករធ្វើដំណើរចូលធ្វើការរោងចក្រ ឆ្លងកាត់តាមផ្លូវចូលរោងចក្រ ក៏ប្រទះឃើញសកសពដេកស្លាប់ក្នុងវាលស្រែក្បែរផ្លូវ មានធ្លាក់មួកសុវត្តិភាពចំនួន២លើផ្លូវ និងមានដាមឈាមហូរធ្លាក់តាមផ្លូវទៀតផង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានជាជំហានដំបូងថា ករណីនេះ ជាករណីចាក់ប្លន់យកម៉ូតូ ក្នុងរូបភាព ហៅជនរងគ្រោះឱ្យឌុប ដោយជនសង្ស័យប្រើមនុស្សស្រីធ្វើជាធ្នាក់ លុះពេលជនរងគ្រោះ ដឹកមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបក្ខពួកជនសង្ស័យស្ទាក់ ចាប់អារក រួចចាក់កពីក្រោយ បណ្តាលឱ្យមានស្នាមមុត សុសសាច់ត្រង់ស្មា និងក រួចប្លន់យកម៉ូតូទៅបាត់តែម្តង។
សាកសពជនរងគ្រោះ ត្រូវបានប្រទះឃើញនៅគម្លាតពីកន្លែងធ្លាក់មួក និងស្បែកជើង ប្រមាណ៥០ម៉ែត្រពីគ្នា បើតាមការសន្និដ្ឋាន ជនរងគ្រោះអាចរត់ដេញតាមម៉ូតូ រហូតអស់ខ្យល់ ទើបដួលចូលទឹកស្រែស្លាប់តែម្តង៕