ខេត្តកណ្តាល ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈគូស្នេហ៍វ័យក្មេងមួយគូ បានស្រលាញ់គ្នាជ្រុលជ្រួស (ទុំមុនស្រគាល) រហូតដល់ខាងស្រីមានផ្ទៃពោះ ទើបដាច់ចិត្តទម្លាយរឿងប្រាប់ឪពុកម្តាយទាំងសងខាង រៀបចំផ្សំផ្គុំ កំណត់ថ្ងៃរៀបការ ទាំងដែលកូនក្រមុំកំពុងពពោះប៉ុនកញ្ជើ ស្រាប់តែអ្វីដែលភ្ញាក់ផ្អើលបំផុតនោះ គឺនៅថ្ងៃក្រាបផ្ទឹមរៀបការ កូនក្រមុំក៏ស្រាប់តែបែកទឹកភ្លោះ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាលនៅមណ្ឌលសុខភាពរហូតបានសុវត្ថិភាពទាំងម្តាយទាំងកូន ចំណែកពិធីមង្គលការ ត្រូវបានសម្រេចចាប់ឪពុកម្តាយខាងកូនកំលោះ ឱ្យសំពះផ្ទឹមរៀបការជំនួនវិញ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិកូនគ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។
កូនក្រមុំដែលសម្រាលកូនក្នុងថ្ងៃក្រាបផ្ទឹមរៀបការនោះ មានឈ្មោះម៉ាច ខ្លី ហៅស្រីមុំ អាយុ២១ឆ្នាំ មុខរបរប៉ាក់ឌិនខោអាវ។ ចំណែកភាគីកូនកំលោះមានឈ្មោះខាន់ មករា អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ដោយឡែកឪពុកម្តាយខាងកូនកំលោះ ដែលត្រូវបានចាប់ផ្ទឹមឱ្យរៀបការជំនួសកូនកំលោះក្រមុំនោះ ភាគីកូនកំលោះមានឈ្មោះយ៉ឺន លក អាយុ៤៨ឆ្នាំ រីឯភាគីកូនក្រមុំ មានឈ្មោះម៉ិច ស អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីយុវជនឈ្មោះខាន់ មករា បានរៀបរាប់ប្រាប់ថា រូបគេគឺជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) កាលពីក្មេងរូបគេ មិនសូវបានរៀនសូត្រខ្ពង់ខ្ពស់ទេ ដោយរៀនបានត្រឹមថ្នាក់ទី៧ ក៏ឈប់រៀនងាកទៅស៊ីឈ្នួលធ្វើជាងដែកឱ្យគេនៅភ្នំពេញ។ លុះមកដល់ឆ្នាំ២០១៦កន្លងទៅ រូបគេក៏បានជួបស្គាល់គ្នាជាមួយកូនក្រមុំឈ្មោះម៉ាច ខ្លី ហៅស្រីមុំ ដែលកាលណោះនាងបានទៅស៊ីឈ្នួលឌិនប៉ាក់ខោអាវឱ្យគេ នៅភ្នំពេញដែរ។ តាមពិតកំណើតស្នេហ៍របស់ខ្លួន គឺជួបភ្លាមស្រលាញ់ភ្លែតតែម្តង លុះក្រោយពីមានទំនាក់ទំនងគ្នាយូរទៅ ក៏ឈានដល់ស៊ីជម្រៅ ដឹកដៃគ្នាឡើងផ្ទះសំណាក់ ក្រេបរសជាតិទឹកឃុំគ្រាដំបូង លុះក្រោយមក ក៏ចេះតែបានរួមស្នេហ៍នឹងគ្នាជាញឹកញាប់ ដោយព្យាយាមលាក់បាំង មិនឱ្យឪពុកម្តាយទាំងសងខាងបានដឹងនោះឡើយ។
យុវជនខាន់ មករា បន្តថា ក្រោយមក ស្រីស្នេហ៍របស់ខ្លួន ក៏បានប្រាប់រូបគេថា នាងមានផ្ទៃពោះហើយ ទើបពួកគេទាំង២នាក់ ដាច់ចិត្តទម្លាយប្រាប់ឪពុកម្តាយទាំងសងខាងឱ្យបានដឹង ចំណែកឪពុកម្តាយទាំងសងខាង ក៏មិនបានប្រកាន់ខឹងអ្វីវែងឆ្ងាយដែរ ក៏នាំគ្នាពិភាក្សា រើសពេលា កំណត់ថ្ងៃរៀបការឱ្យពួកគេទាំង២នាក់តែម្តង ដោយសម្រេចយកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃក្រាបសំពះផ្ទឹមរៀបការតែម្តង ដោយពិធីមង្គលការរៀបចំឡើងនៅផ្ទះរបស់ខ្លួនជាកូនកំលោះ។
យុវជនខាន់ មករា បានឱ្យដឹងទៀតថា ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃចូលរោងការ បែរជាព្រឹកព្រលឹមមិនទាន់ កូនក្រមុំក៏ចាប់ផ្តើមឈឺពោះ បែកទឹកភ្លោះ ធ្វើឱ្យសាច់ញាតិទាំងសងខាង មានការភ្ញាក់ផ្អើលរត់ខ្វែងដៃជើងគ្នា ប្រញាប់ដឹកបញ្ជូនកូនក្រមុំ ទៅកាន់មណ្ឌលសុខភាពព្រែកអំបិល១ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសម្រាលបានកូនស្រីម្នាក់ ទំងន់ជាង៣គីឡូក្រាម រហូតដល់បានជោគជ័យ សុវត្ថិភាពទាំងម្តាយទាំងកូន។ ចំណែកពិធីមង្គលការនៅផ្ទះ ត្រូវសម្រេចឱ្យម្តាយ និងឪពុកបង្កើតរបស់ខ្លួនជាកូនកំលោះ ក្រាបសំពះផ្ទឹមរៀបការ និងទទួលភ្ញៀវជំនួសកូនកំលោះក្រមុំតែម្តង។
តាមសម្តីស្ត្រីឈ្មោះម៉ៅ សារ៉េត អាយុ៥៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់កូនក្រមុំ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់មិនបានដឹងទេថាកូនក្រមុំរបស់គាត់មានផ្ទៃពោះ ដោយនាងបានចេញទៅធ្វើការនៅភ្នំពេញតាំងពីឆ្នាំ២០១៦មកម៉្លេះ។ លុះក្រោយមក ខណៈដែលផ្ទៃពោះ របស់នាងខ្ទាតធំទៅហើយ ទើបនាងបានដឹកដៃកំលោះឈ្មោះខាន់ មករា មកក្រាបសំពះសុំទោសគាត់ ធ្វើឱ្យគាត់ស្ទើរគាំងបេះដូងដែរ តែក្រោយមកក៏ព្រមបើកចិត្តទទួល មិនបំបែកបំបាក់សត្វលោកនោះទេ ហើយក៏នាំគ្នាទៅពិភាក្សាជាមួយឪពុកម្តាយខាងប្រុស ដែលគ្រួសារទាំងសងខាង សុទ្ធតែមានជីវភាពក្រីក្រដូចគ្នា ទីបំផុតភាគីទាំងសងខាង បានសម្របសម្រួល ព្រមព្រៀងគ្នាផ្សំផ្គុំកូនទាំង២ ឱ្យបានគ្នាជាប្តីប្រពន្ធ ដោយជ្រើសយកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃមង្គលការតែម្តង តែមិនដឹងថា កូនស្រីរបស់គាត់ច្រឡំថ្ងៃខែកូនក្នុងផ្ទៃយ៉ាងម៉េចមិនដឹង បែរជាមក សម្រាលកូនក្នុងថ្ងៃមង្គលការបែបនេះទៅវិញ។
ដោយឡែកលោកយ៉ឺន លក និងអ្នកស្រីម៉ិច ស ត្រូវជាឪពុកម្តាយបង្កើតរបស់កូនកំលោះ បានប្រាប់ឱ្យដឹងថា ពួកគាត់មានកូនទាំងអស់៤នាក់ (ប្រុស២ ស្រី២) ចំណែកកូនប្រុសដែលរៀបការប្រពន្ធ ឆ្លងទន្លេថ្ងៃក្រាបផ្ទឹមនេះ គឺជាកូនទី២ក្នុងគ្រួសារ។ ជីវភាពគ្រួសារគាត់ទីទ័លក្រខ្លាំងណាស់ ដោយប្តីប្រកបរបរជាកសិករ ចំណែកប្រពន្ធដើរស៊ីឈ្នួលបោចស្មៅឱ្យគេ។ ក្រោយមកពេលដែលកូនប្រុសមកប្រាប់ថា គេបានធ្វើឱ្យកូនក្រមុំគេម្នាក់មានផ្ទៃពោះទៅហើយ ធ្វើឱ្យពួកគាត់ចង់ស្រឡាំងកាំង ចង់ហាមាត់ស្តីបន្ទោសកូនប្រុសក៏ហាមិនរួចដែរ ណាមួយគិតថា កូនគេកូនយើង ធ្វើម៉េចបើជ្រុលជ្រួលទៅហើយ សំខាន់ឱ្យតែស្រលាញ់គ្នា ទើបពួកគាត់សម្រេចចិត្តិរៀបចំពិធីមង្គលការឱ្យពួកគេទាំង២នាក់ ដោយគ្មានលុយក្នុងខ្លួននោះទេ ពោលគឺចងការប្រាក់គេចំនួន១៥០០ដុល្លារ យកមករៀបការឱ្យកូន ដោយរៀបចំហៅភ្ញៀវចំនួន៣០តុ។
ឪពុកម្តាយកូនកំលោះ បានបន្តថា ស្រាប់តែមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃចូលរោងជ័យ កូនក្រមុំដែលកំពុងពពោះប៉ុនកញ្ជើនោះ ស្រាប់តែបែកទឹកភ្លោះ ឈឺពោះសម្រាល ទើបប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ សម្រាលបានកូនស្រីម្នាក់ ធ្វើឱ្យទាំងសាច់ញាតិទាំងសងខាង ទាំងអ្នកស្រុកភូមិ ទាំងភ្ញៀវចូលរួចសុទ្ធតែស្រឡាំងកាំងគ្រប់គ្នា។
ក្រោយមកដើម្បីកុំឱ្យពិធីមង្គលការមួយនេះ ត្រូវរំសាយទៅវិញ ដោយឥតប្រយោជន៍ ទើបតាអាចារ្យ និងសាច់ញាតិ បានចាប់ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ ឱ្យចូលខ្លួនមកធ្វើកូនកំលោះ ក្រមុំ ក្រាបសំពះផ្ទឹមរៀបការជំនួសកូនប្រុស និងកូនប្រសាស្រីតែម្តង ធ្វើឱ្យពិធីមង្គលការទាំងមូលប្រព្រឹត្តទៅដោយរលូន រហូតដល់ពិធីទទួលភ្ញៀវ ចូលមកពិសាភោជនាហារ យ៉ាងសប្បាយក្អាកក្អាយ ដោយគ្រាន់តែតួអង្គកូនកំលោះក្រមុំពិតប្រាកដ មិនអាចចូលរួមបានឡើយ ព្រោះសរសៃខ្ចី ឈរទទួលភ្ញៀវមិនកើត។
លោកសួស ប៊ុនលី អាយុ៥២ឆ្នាំ ដែលជាភ្ញៀវមកចូលរួមពិធីមង្គលការខាងលើដែរនោះ បានរៀបរាប់ទាំងហួសចិត្តប្រាប់ថា លោកគឺជាភ្ញៀវម្នាក់ ដែលត្រូវគេអញ្ជើញឱ្យមកចូលរួមពិធីមង្គលការមួយនេះ ហើយលោកមិនបានដឹងសោះថាកូនក្រមុំមានផ្ទៃពោះ លុះដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ គ្រាដែលលោកបានចូលមកដល់ក្នុងរោងការ ស្រាប់តែប្រទះឃើញកូនក្រមុំមានផ្ទៃពោះប៉ុនកញ្ជើទៅហើយ លុះសួរនាំ ទើបដឹងថា ប្តីប្រពន្ធ១គូនេះ ទុំមុនស្រគាល និងធ្វើឱ្យគាត់នឹកគិតក្នុងចិត្តលេងៗថា បើកូនក្រមុំមានផ្ទៃពោះធំម្លឹងៗ ចុះបើសម្រាលកូនថ្ងៃរៀបការ មិនរត់ជាន់ជើងគ្នាទៅហើយ ស្រាប់តែមិនទាន់បានអីផង កូនក្រមុំក៏ចាប់ផ្តើមឈឺពោះ បែកទឹកភ្លោះ និងត្រូវគេប្រញាប់បញ្ជូនទៅសម្រាលនៅមណ្ឌលសុខភាពព្រែកអំបិល១ ប្រកបដោយជោគជ័យ ទាំងម្តាយ និងកូនស្រី។
ជាមួយនេះ ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពព្រែកអំបិល១ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជិត៧ព្រឹក ក្រុមគ្រូពេទ្យបានទទួលស្ត្រីមានផ្ទៃពោះម្នាក់ចូលមកសម្រាល ដោយមិនដឹងថា ជាកូនក្រមុំអ្វីនោះទេ។ បន្ទាប់មកក្រុមគ្រូពេទ្យ បាន ជួយសម្រាលឱ្យស្ត្រីខាងលើ រហូតបានកូនស្រីម្នាក់ ដែលមានសុខភាពល្អធម្មតា ចំណែកស្ត្រីជាម្តាយក៏មានសុវត្ថិភាព។ ស្រាប់តែសម្រាលរួច ទើបមានការភ្ញាក់ផ្អើល ដឹងថា តាមពិតស្ត្រីម្នាក់នេះគឺជាកូនក្រមុំ ដែលត្រូវសំពះផ្ទឹមថ្ងៃនេះ តែមិនទាន់ដល់វេលាផង ក៏ឈឺពោះសម្រាលបានកូនស្រីមួយតែម្តង។ យ៉ាងណាក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ សង្គ្រោះទាំងម្តាយទាំងកូនរហូតដល់មានសុវត្ថិភាពទាំងអស់គ្នាហើយ៕