ខេត្តកំពង់ធំ៖ រថយន្តដឹកឈើខុសច្បាប់១គ្រឿង តែត្រូវបានជាប់អន្ទាក់កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង ចាប់បញ្ជូនឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កាលពីវេលាម៉ោង១២និង១៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចំណុចភូមិស្លាក់ក្រាញ់ ឃុំចំណាក្រោម ស្រុកស្ទោង។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មុនពេលឃាត់រថយន្តនេះ កម្លាំងអាវុធហត្ថបានទទួលព័ត៌មានពីបណ្តាញសម្ងាត់ថា មានរថយន្តហាយឡែនឌឺ១គ្រឿង ពណ៌ស្លែរ ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2V-4056 ត្រូវបានថៅកែឈើឈ្មោះតឿ ដែលជាមេឈ្មួញរកស៊ី ដឹកឈើប្រចាំខេត្តសៀមរាប-កំពង់ធំ ប្រើឱ្យដឹកឈើដែលមានឈើនាងនួន និងឈើគ្រញូង ឆ្លងកាត់ខេត្តកំពង់ធំ គោលដៅឆ្ពោះយកទៅលក់ នៅប្រទេសវៀតណាម។ លុះដឹកមកដល់ចំណុចភូមិស្លាក់ក្រាញ់ ឃុំចំណាក្រោម ស្រុកស្ទោង ក៏ត្រូវបានលោកវរៈសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ដឹកនាំកម្លាំងបង្ក្រាប និងស្ទាក់ចាប់តែម្តង ដោយមានការឯកភាពពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយប្រើកម្លាំងអាវុធហត្ថស្រុកស្ទោង ចំនួន៧នាក់ និងរថយន្ត៣គ្រឿង។
លោកវរសេនីយ៍ត្រី ឃុន ភារៈ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ លោកក៏បានសុំយោបល់ពីមេបញ្ជាការដឹកនាំកម្លាំង បង្ក្រាបបានរថយន្តហាយឡែនឌឺ ដែលបានដឹកបទល្មើសធនធានធម្មជាតិ ករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញតិ។ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ សមត្ថកិច្ចបានប្រមូលវត្ថុតាង រួមមានប្រភេទឈើនាងនួនចំនួន ១៤ដុំ ស្មើនឹង០,៥១០ម៉ែត្រគូប ហើយបានប្រគល់ជូន សង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីអនុវត្តន៍តាមនីតិវិធី៕