ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ ឃើញប្តីរបស់ខ្លួនជិះម៉ូតូ១គ្រឿងថ្មី ប្លែកខុសប្រក្រតី ចូលផ្ទះក៏សួរនាំ តែត្រូវប្តីប្រាប់ថា ខ្ចីមិត្តភក្តិ លុះប្តីត្រឡប់ទៅធ្វើការវិញ មិនព្រមជិះម៉ូតូទៅសងមិត្តភក្តិ ទើបស្ត្រីជាប្រពន្ធភ័យខ្លួន ខ្លាចម៉ូតូពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេងនាំទុក្ខដល់ខ្លួន ក៏សម្រេចចិត្តប្តឹង សមត្ថកិច្ច ឱ្យយកម៉ូតូទៅរក្សាទុក រង់ចាំប្តីត្រឡប់មកវិញ ដើម្បីសួរនាំឱ្យបានច្បាស់។
ករណីប្រពន្ធឃើញប្តីជិះម៉ូតូថ្មីប្លែកចូលផ្ទះ ប្តឹងសមត្ថកិច្ចឱ្យយកទៅរក្សាទុកបណ្តោះអាសន្ននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។
ស្ត្រីជាប្រពន្ធខាងលើ មានឈ្មោះរ៉ត ម៉ាច អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានប្តីឈ្មោះឡុង ដែន អាយុ២៧ឆ្នាំ មុខរបរសន្តិសុខឯកជន (មិនដឹងឈ្មោះ និងទីតាំងក្រុមហ៊ុន) សព្វថ្ងៃបម្រើការ និងស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកម៉ូតូ ដែលត្រូវស្ត្រីជាប្រពន្ធរូបនេះ យកទៅប្រគល់ឱ្យសមត្ថកិច្ច ម៉ាក Zoomer-X ពណ៌ត្រួយចេកលាយខ្មៅ គ្មានពាក់ស្លាកលេខ និងមានលេខតួ 1F5107903។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានស្ត្រីម្នាក់ឈ្មោះរ៉ត ម៉ាច បានយកម៉ូតូ១គ្រឿង មកប្រគល់ឱ្យសមត្ថកិច្ចដើម្បីរក្សាទុកជាបន្តោះអាសន្នសិន។ ចំណែកមូលហេតុដែលស្ត្រីខាងលើ យកម៉ូតូមកប្រគល់ឱ្យសមត្ថកិច្ច គឺដោយសារតែប្តីនាងឈ្មោះឡុង ដែន សព្វថ្ងៃធ្វើការនៅខេត្តព្រះសីហនុ ថ្មីៗនេះប្តីនាងបានត្រឡប់មកផ្ទះ ដោយជិះម៉ូតូមួយគ្រឿងនេះ មកជាមួយ នៅពេលឃើញម៉ូតូថ្មីប្លែកបែបនេះ នាងក៏បានសួរនាំប្តីដែរ ថាបានម៉ូតូមកពីណា? ពេលនោះប្តីបានឆ្លើយប្រាប់នាងថា ខ្ចីម៉ូតូមិត្តភក្ភិធ្វើ ការជាមួយ។ ស្រាប់តែក្រោយមក នៅពេលដែលប្តីត្រឡប់ទៅធ្វើការនៅខេត្តព្រះសីហនុវិញ បែរមិនបានយកម៉ូតូ១គ្រឿងនេះទៅជាមួយទេ គឺទុកនៅផ្ទះ ជាហេតុធ្វើឱ្យនាងជាប្រពន្ធ ភ័យខ្លាចក្រែងម៉ូតូ១គ្រឿងនេះ មានជាប់ពាក់ព័ន្ធបទល្មើសអ្វីផ្សេង ទើបនាងសំរេចចិត្តយកម៉ូតូទៅ ប្រគល់ជូនសមត្ថកិច្ចឱ្យជួយរក្សាទុកជាបណ្តោះអាសន្ន រង់ចាំប្តីត្រឡប់មកវិញចាំដោះស្រាយគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា ទង្វើរបស់ស្ត្រីជាប្រពន្ធរូបនេះ គឺជាគំរូដ៏ល្អមួយនៅក្នុងសង្គម ដែលប្រជាពលរដ្ឋគួរតែយកគំរូតាម ព្រោះរស់នៅក្នុងសង្គមត្រូវតែគោរពច្បាប់ ដើម្បីកុំឱ្យជាប់ពាក់ព័ន្ធទោសទណ្ឌដល់ខ្លួន៕