Thursday, January 23, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនចិន៣នាក់ ប្រើហិង្សា គំរាមទារប្រាក់45000ដុល្លារ

ឃាត់ខ្លួនចិន៣នាក់ ប្រើហិង្សា គំរាមទារប្រាក់45000ដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនជាតិចិន៣នាក់ ជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ ហ័ងស៊ីង ដែលបានប្រើប្រាស់អំពើហិង្សា និងគំរាមទារប្រាក់ពីជនជាតិចិនដូចគ្នា ដែលជំពាក់ចំនួន៤៥,០០០ ដុល្លារ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ចំណែកជនដៃដល់២នាក់ទៀត កំពុងរត់គេចខ្លួន។

ប្រភពពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា អំពើហិង្សានេះ កើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទីតាំងកម្ចីប្រាក់ ហ័ងស៊ីង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៣នាក់នោះ ទី១-ឈ្មោះ Chen DongWen អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ Ehen qiuzi អាយុ២៣ឆ្នាំ និងទី៣-ឈ្មោះ Li QingMou អាយុ៤២ឆ្នាំ និងបក្ខពួក២នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន មិនទាន់ស្គាល់ ឈ្មោះ។ ដោយឡែកជនរងគ្រោះឈ្មោះ Li Shigang អាយុ៤៧ឆ្នាំ ម្ចាស់សិប្បកម្ម មានលំនៅក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ និងអ្នកបើកបររថយន្ត បានចេញពីសិប្បកម្មនៅក្រុងដូនកែវ ខេត្តតាកែវ ដើម្បីមកបើកប្រាក់ពីក្រុមហ៊ុន រោងចក្រថ្នល់ចិន ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។ លុះពេលមកដល់ជនរងគ្រោះបានបើកប្រាក់ពីក្រុមហ៊ុន បានប្រាក់ចំនួន២៥ ០០០ដុល្លារ បន្ទាប់ពីបើកប្រាក់បាន ជនរងគ្រោះបែរជាត្រូវក្រុមហ៊ុនកម្ចីប្រាក់ ហ័ងស៊ីង ទារប្រាក់ជំពាក់ចំនួន៤៥ ០០០ដុល្លារ នៅខាងមុខរោងចក្រ ពេលនោះជនរងគ្រោះបានឯកភាពប្រគល់ប្រាក់ចុងការ ឱ្យទៅក្រុមហ៊ុនកម្ចីចំនួន ៣០០០ដុល្លារសិន។ តែខាងក្រុមហ៊ុនមិនព្រម ក៏នាំជនរងគ្រោះមកការិយាល័យ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ហើយជន-សង្ស័យ៥នាក់ ជាបុគ្គលិកក្រុមហ៊ុន បានវាយទៅលើជនរងគ្រោះ បណ្តាលឱ្យហើមកញ្ចឹងក ផ្នែកខាងក្រោយ ព្រោះតែជនរងគ្រោះមិនព្រម ឱ្យប្រាក់ជំពាក់តាមការទាមទារ ក៏មានការឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះបានរត់ ចេញពីស្នាក់ការតែម្តង។

ពេលរត់រួច ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្អាង ទើបសមត្ថកិច្ចស្រុកស្អាង ទាក់ទងមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន ជនសង្ស័យបានចំនួន៦នាក់ ហើយសួរនាំទៅ ជាប់ពាក់ព័ន្ធតែ៣នាក់ ខណៈដែល២នាក់ផ្សេងទៀត មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ៕

RELATED ARTICLES