ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធមួយគូនេះ ទើបនឹងរៀបការសាងគ្រួសារនឹងគ្នា បានរយៈពេលប្រមាណ៤-៥ខែប៉ុណ្ណោះ ស្រាប់តែជួបរឿងរកាំរកូសមិនអស់មិនហើយ ដោយសារបុរសជាប្តី មានចរិតកោងកាច និងថែមទាំងមានចិត្តប្រចណ្ឌហួងហែងប្រពន្ធខុសរឿង តែងបង្ករឿងឈ្លោះ ប្រកែក ចោទថាប្រពន្ធមានប្រុសសហាយក្បត់ចិត្តខ្លួនជាប្តី រហូតដល់ដាច់ចិត្តលើកដៃវ៉ៃប្រពន្ធបណ្តាលឱ្យបែកមាត់ប៉ោងមុខ ទាំងដឹងច្បាស់ថា ប្រពន្ធរបស់ខ្លួនកំពុងមានផ្ទៃពោះ៣ខែ។
ដោយសារតែទ្រាំនឹងទង្វើកំណាចឃោរឃៅរបស់បុរសជាប្តីតទៅទៀតលែងបាន ទើបស្ត្រីជាប្រពន្ធដាច់ចិត្តដាក់ពាក្យបណ្តឹងទាមទារលែងលះ និងថែមទាំងពឹងឱ្យបងស្រីបង្កើត ជួយបង្ហោះរឿងរ៉ាវឈឺចាប់របស់នាងនៅលើហ្វេសប៊ុកឱ្យមហាជនបានដឹងទៀតផង។
បុរសជាប្តីដែលប្រើអំពើហិង្សាវ៉ៃដំប្រពន្ធដោយគ្មានអាសូរ រហូតដល់បែកមាត់ ជាំភ្នែក រងរបួសយ៉ាងដំណំទាំងកំពុងមានផ្ទៃពោះនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ប៉ុន្តែត្រូវបានស្ត្រីជាបងថ្លៃរបស់បុរសរូនោះ បង្ហើបប្រាប់ថា គឺជាមន្ត្រីបម្រើការនៅច្រកព្រំដែនខ្មែរ-ថៃ (ឡែម) និងជាអ្នកវ៉ៃត្រាចេញចូលនៅក្នុងផ្សារថៃ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ និងមានមុខមាត់ រូបសម្រស់ល្អស្រស់ផូរផង់។
យោងតាមគណនីហ្វេសប៊ុកឈ្មោះថៃ ចាន់ធី ដែលត្រូវជាបងស្រីបង្កើតរបស់ស្ត្រីរងគ្រោះ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន៦សន្លឹក បង្ហាញពីរបួសស្នាមរបស់ប្អូនស្រីបង្កើតដែលត្រូវប្តីកំណាចចិត្តអប្រិយវាយដំដោយគ្មានអាសូរ ព្រមទាំងបានបង្ហោះ សារភ្ជាប់មកជាមួយថា “ខ្លោចចិត្តអាណិតប្អូនស្រី! សូមអ្នកទាំងអស់គ្នាជួយពិចារណាមើល ការបានបួនប្រាំខែ អាប្តីនឹងវាវ៉ៃធ្វើបាបរហូតមកដល់ ពេលនេះប្រពន្ធនៅក្មេងហើយស្រឡាញ់វាណាស់។ វ៉ៃធ្វើបាបប្អូនខ្ញុំច្រើនលើកច្រើនសារ ពេលនេះខ្ញុំទ្រាំលែងបានហើយ ទើបដាច់ចិត្តផុស ឱ្យអ្នកទាំងអស់គ្នាបានឃើញ និងជួយអាណិតប្អូននាងខ្ញុំ ប្តីហ្នឹងធ្វើការនៅច្រកព្រំដែនថៃនៅឡែម វ៉ៃត្រាចេញចូលនៅក្នុងផ្សារថៃ។ ប្រពន្ធក្មេងស្អាតប៉ុននឹងហើយ វានៅដាច់ចិត្តវ៉ៃធ្វើបាបទៀត អ្នកទាំងអស់គ្នាមើលចុះ វាវ៉ៃឡើងជាំខៀវភ្នែក បែកមាត់ឈាមរហាម ពេលនេះប្អូនខ្ញុំខ្លាចវាណាស់ ព្រោះថាវ៉ៃធ្វើបាបច្រើនដងពេក។ សូមអ្នកទាំងគ្នាជួយ Share ឱ្យវាបានឃើញផង និងសុំម្នាក់មួយមាត់ទៅកាន់វា…”។
ឆ្លើយតបទៅនឹងការសួរនាំផ្សេងៗពីអ្នកលេងហ្វេសប៊ុក ស្ត្រីជាបងស្រីស្ត្រីរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះថៃ ចាន់ធី បានរៀបរាប់ថា ប្អូនស្រីរបស់គាត់ម្នាក់នេះ (ស្ត្រីរងគ្រោះ) នៅវ័យក្មេងណាស់ និងទើបរៀបការប្តី បានរយៈពេលប្រមាណ៤-៥ខែប៉ុណ្ណោះ ដោយប្តីគឺជាអ្នកធ្វើការវ៉ៃត្រាចេញចូលផ្សារថៃ នៅច្រកឡែម។ កាលពីរៀបការនឹងគ្នារួចថ្មីៗ ប្តីប្រពន្ធពួកគេស្រលាញ់គ្នាខ្លាំងណាស់ ចាក់ទឹកមិនលិចទេ លុះក្រោយមកស្រាប់តែបុរសជាប្តីនោះចាប់ផ្តើមប្រែប្រួលចិត្ត ទៅជាមានចិត្តប្រចែប្រចណ្ឌប្រពន្ធជាប់រហូត ហើយទោះជាប្រពន្ធធ្វើអ្វី ក៏មិនដែលត្រូវចិត្តសោះ ចេះតែតាមចាប់កំហុសគ្នាសព្វបែបយ៉ាង និងឧស្សាហ៍រករឿងឈ្លោះប្រកែកសឹងរាល់ថ្ងៃ ធ្វើឱ្យសុភមង្គលគ្រួសារបាត់បង់រលាយអស់គ្មានសល់។
ស្ត្រីជាបងស្រីស្ត្រីរងគ្រោះ បានបន្តថា ប្អូនថ្លៃប្រុសរបស់គាត់ម្នាក់នោះ (បុរសជាប្តី) មានចរិតកោងកាចខ្លាំងណាស់ មិនថាពេលផឹកស្រាស្រវឹង ឬមិនស្រវឹងស្រានោះទេ តែងតែរករឿងប្រពន្ធជាប់រហូត ទាំងដែលប្រពន្ធជាមនុស្សស្លូតបូត សុភាពរាបសារ នៅតែផ្ទះធ្វើបាយម្ហូប ផ្គាប់ផ្គុនប្តីសព្វបែបយ៉ាង មិនដែលឱ្យឃ្នើសចិត្តឡើយ តែប្តីនៅមិនត្រូវចិត្តដដែល។ បន្ទាប់មកទៀត ក្រៅពីរករឿងឈ្លោះប្រកែក ជេរស្តីតែមាត់ ស្រាប់តែប្តីកំណាចនេះ ចាប់ផ្តើមចេះប្រើអំពើហិង្សា វាយទះតប់ប្រពន្ធជាច្រើនលើកច្រើនសារមកហើយ តែមិនធ្លាប់មានសភាពធ្ងន់ធ្ងរដូចលើកនេះ។
ស្ត្រីជាបងស្រី បានឱ្យដឹងទៀតថា មកដល់សព្វថ្ងៃនេះ ប្អូនស្រីរបស់គាត់ មានផ្ទៃពោះ៣ខែហើយ តែនៅតែត្រូវធ្វើបាបទាំងផ្លូវចិត្តផ្លូវ កាយមិនឈប់។ គាប់ជួន ថ្ងៃមួយប្រពន្ធត្រូវចោរដាក់ថ្នាំសណ្តំ យកលុយកាក់អស់ពីខ្លួន និងត្រូវគេដឹងពេញមួយផ្សារ ស្រាប់តែត្រឡប់មកផ្ទះវិញ បែរជាប្តីនេះមិនជឿថាប្រពន្ធត្រូវថ្នាំសណ្តំ ទៅជាចោទប្រកាន់ថា ប្រពន្ធយកលុយកាក់ទៅឱ្យម៉ែឪ និងថែមទាំងចោទថា យកទៅឱ្យប្រុសសហាយ ទៀតផង រួចក៏រករឿងឈ្លោះវ៉ៃដំគ្នា ទាំងកំពុងមានផ្ទៃពោះ៣ខែ បណ្តាលឱ្យបែកមាត់ និងជាំភ្នែកម្ខាង រងរបួសយ៉ាងធ្ងន់ធ្ងរ។ លុះព្រឹកឡើងគាត់ ជាបងស្រីដែលរស់នៅផ្ទះឆ្ងាយពីគ្នា បានទៅផ្ទះប្អូនស្រី ឃើញនាងមានសភាពរបួសបែបនេះ ក៏សួរនាំ ទើបនាងរៀបរាប់ប្រាប់ថា នាងទទួលរងកណ្តាប់ដៃប្តីកំណាច ហើយពេលនេះ នាងពិតជាមានអារម្មណ៍នឹកខ្លាចប្តីនោះខ្លាំងណាស់ ព្រោះប្តីមិនត្រឹមតែវាយដំនាងនឹងដៃទេ ថែមទាំងកាន់កាំបិតគំរាមនាងទៀតផង។
ស្ត្រីជាបងស្រីរូបនេះ បានបញ្ជាក់ថា ដោយសារតែប្អូនស្រីរបស់គាត់ទ្រាំនឹងអំពើហិង្សាដ៏ឃោរឃៅរបស់ប្តីលែងបាន ទើបនាងបានសម្រេចចិត្តប្តឹងលែងលះ និងសុំឱ្យគាត់ជាបងស្រី បង្ហោះរឿងនេះ នៅក្នុងហ្វេសប៊ុក ដើម្បីជាការចែករំលែកបទពិសោធន៍ដល់ស្ត្រីដទៃ ហើយប្អូនស្រីនេះបានប្រាប់ថានាងលែងអៀនខ្មាស់ទៀតហើយ ព្រោះនៅទីនោះ អ្នកណាក៏គេដឹងដែរ និងថែមទាំងស្អប់ប្តីនាងពេញមួយស្រុកទៀតផង ហើយពេលនេះ ទើបបែកធ្លាយការពិតថា តាមពិតគេកុហសថាគ្មានប្រពន្ធ តែតាមពិតមានប្រពន្ធ៥-៦នាក់មកហើយ តែគេរត់ចោលអស់ ដោយសារទ្រាំនឹងទង្វើឃោរឃៅបែបនេះមិនបាន។ យ៉ាងណា នៅពេលប៉ូលិសហៅទៅសួរនាំនៅប៉ុស្តិ៍ ប្តីនោះបានប្រាប់ថា គេស្អប់ប្រពន្ធ និងមិន ទុកចិត្តប្រពន្ធទេ ដោយសារតែប្រពន្ធកុហកថា ត្រូវថ្នាំសណ្តំ ចោរយកលុយអស់ពីខ្លួន តែតាមពិតប្រពន្ធយកលុយទៅឱ្យឪម៉ែ និងប្រុសសហាយ សោះ ដែលពាក្យសម្តីបែបនេះ ធ្វើឱ្យប្អូនស្រីរបស់គាត់ឈឺចាប់ខ្លាំងណាស់ មិនគួរណាប្តីប្រពន្ធដេកឱបគ្នាជាប់នឹងទ្រូងមិនទុកចិត្តគ្នា និងថែមទាំង មើលងាយប្រពន្ធដល់ថ្នាក់នេះសោះ ហេតុនេះ នាងសម្រេចប្តឹងលែងលះ ឡើងដល់តុលាការតែម្តង ខណៈដែលប្តីអាងខ្នង អាងខ្សែ បោះពាក្យ សម្តីថា ចង់ប្តឹងដល់ណាក៏គេមិនខ្លាចដែរ។
ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបាននៅឡើយទៅ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕