ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ធ្វើឱ្យបុរសជាប្តីមួម៉ៅក្តៅចិត្តក៏រករឿងអុកឡុកពេញផ្ទះ ឃើញបែបនេះ ស្ត្រីជាប្រពន្ធខ្លាចប្តីវ៉ៃដំ ក៏គេចខ្លួនចេញទៅដេកផ្ទះប្អូនស្រីរបស់ខ្លួន ដែលមានចំងាយពីគ្នាប្រមាណ១០០ម៉ែត្រ លុះប្តីអត់មានប្រពន្ធដេកក្បែរ ដឹងកំហុសខ្លួន ក៏ចុះហែលទឹកស្កាត់ទៅសុំជួបមុខប្រពន្ធ តែមិនបានជួប ក៏ហែលទឹកមកវិញ រួចទំនងជាអស់ដៃ ក៏បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះបណ្តែតទឹកមួយកន្លែង ក្នុងទន្លេសាប ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
បុរសរងគ្រោះជាប្តី មានឈ្មោះយ៉ យ៉ាំងឡាំ អាយុ៣៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមេជាងសំណង់ ស្នាក់នៅលើបែរក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធឈ្មោះឡេ ធីវិន អាយុ៣៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅជាមួយគ្នា។
តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាបប្រាប់ថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធនាងបានទាស់ទែងពាក្យសម្តីគ្នា ដោយសារតែប្តីនាងចង់ម៉ៅការសំណង់គេ តែគ្មានលុយទិញសម្ភារៈសំណង់ ទើបពឹងឱ្យនាងជាប្រពន្ធទៅខ្ចីលុយគេ៥០០ដុល្លារមកឱ្យគាត់ តែនាងដើរខ្ចីគេមិនបាន ទើបធ្វើឱ្យប្តីនាងច្រឡោតខឹង ចោទថានាងមិនព្រមទៅរកខ្ចីគេ ក៏បានអុកឡុកពេញផ្ទះ។ ឃើញដូច្នេះ នាងខ្លាចប្តីវាយ ព្រោះកន្លងមក ប្តីធ្លាប់ប្រើហិង្សាមកលើនាង ពេលដែលប្តីផឹកស្រាវឹង ទើបនាងក៏ចេញពីផ្ទះ ទៅនៅផ្ទះប្អូនស្រី ដែលនៅចម្ងាយពីគ្នាប្រហែលជាង១០០ម៉ែត្រ។
តាមសម្តីស្ត្រីជាប្អូនថ្លៃជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាងបានស្តាប់លឺសូរសំទ្បេងហែលទឹក ទើបនាងបានចេញទៅមើល ក៏ឃើញបុរសរងគ្រោះជាបងថ្លៃ កំពុងហែលទឹកនៅក្រោមផ្ទះ ប្រាប់ថាមករកប្រពន្ធ លុះនាងប្រាប់ថា បងស្រីដេកលក់ហើយ ទើបបងថ្លៃរូបនោះ ក៏បានហែលទឹកចេញទៅវិញបាត់ទៅ ចំណែកនាងក៏បានចូលសម្រាកវិញដែរ។ ស្រាប់តែក្រោយមក នៅវេលាព្រឹកព្រលឹមថ្ងៃដដែល ក៏មានប្រជាពលរដ្ឋក្នុងភូមិ បានប្រាប់ថាបងថ្លៃនាង បានលង់ទឹកស្លាប់បាត់ហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕