Thursday, January 23, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនស្ទាវជាង១០នាក់ បង្ហោះកាណូតលើបឹងទន្លេសាប

ឃាត់ខ្លួនស្ទាវជាង១០នាក់ បង្ហោះកាណូតលើបឹងទន្លេសាប

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាល ខេត្តពោធិ៍សាត់ ឥឡូវពុំសូវជាខ្វល់ខ្វាយរឿងស្ទាវ បង្ហោះម៉ូតូតាមផ្លូវសាធារណៈទៀតទេ ប៉ុន្តែមកខ្វល់អំពល់ទុក្ខរឿងបង្ហោះកាណូតម្តង ជាពិសេសការបំពាក់ម៉ាស៊ីនកាណូតលាន់សំឡេងឮខ្លាំងៗ ធ្វើឱ្យហ្វូងមច្ឆជាតិបឹងទន្លេសាប ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាក់ស្តែងស្ទាវ១ក្រុមនេះ បានបង្ហោះកាណូតលើផ្ទៃទឹក បង្កផលប៉ះពាល់សណ្តាប់ធ្នាប់ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបយកមកអប់រំ ដោយតម្រូវឱ្យដោះដូរម៉ាស៊ីនចេញ និងបញ្ឈប់សកម្មភាពបើកកាណូតបង្ហោះលើទឹកតទៅទៀត។ ការឃាត់ខ្លួនស្ទាវទាំងនោះ ធ្វើឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ។

ប្រភពពីលោកឯម រុន អធិការនគរបាល ស្រុកក្រគរ បានឱ្យដឹងថា សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ នគរបាលការិយាល័យចរាចរណ៍ជើងទឹក និងអាជ្ញាធរភូមិ-ឃុំ បានចុះដល់ទីតាំងខាងលើ ជាមុខសញ្ញាដែលតែងតែបើកកាណូតបង្ហោះ ដោះបំពង់សឺម៉ាំងចេញ ប៉ះពាល់សណ្តាប់ធ្នាប់ បង្កការរំខានដល់ការ រស់នៅរបស់បងប្អូនប្រជាពលរដ្ឋលើផ្ទៃទឹក ដោយហៅមកឱ្យធ្វើកិច្ចសន្យាបញ្ឈប់លើកទី១ បើមិនព្រមស្តាប់ ហ៊ានល្មើសលើកក្រោយទៀត នឹងត្រូវដកហូតកាណូតយកមកទុកជាការព្រមាន។ ដោយឡែក ចំពោះម្ចាស់កាណូតដែលប្រើប្រាស់ម៉ាស៊ីន ធំចាប់ពីបួនសេះឡើងទៅ គឺតម្រូវរុះរើកែសម្រួលដោយខ្លួនឯង ដោយប្រើប្រាស់ម៉ាស៊ីន ធុនតូចវិញ ដែលការបង្ក្រាបនេះ មានស្ទាវចំនួនជាង១០នាក់ រួមទាំងម្ចាស់កាណូតផង។

គួរបញ្ជាក់ថា ដោយសារពេលនេះ ជា រដូវទឹកឡើងខ្លាំង ធ្វើឱ្យក្មេងស្ទាវខ្លះភ្លើតភ្លើន លែងចង់ជិះម៉ូតូ ក៏ងាកមកបង្ហោះកាណូតម្តង ដើម្បីឱ្យប្លែកដោយមិនខ្វល់ថា សកម្មភាពនេះ នាំឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គមនោះទេ៕

RELATED ARTICLES