ខេត្តត្បូងឃ្មុំ ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ ធ្លាប់បានចាប់រំលោភកូនស្រីបានសម្រេចម្តងរួចមកហើយ តែដោយឃើញប្រពន្ធមិនហ៊ានប្តឹងប៉ូលិស ក៏ញៀនញ៉ាម តាមរំលោភកូនស្រីម្តងទៀត លុះស្ត្រីជាប្រពន្ធបានឃើញ ក៏ចូលទៅឃាត់ ស្រាប់តែធ្វើឱ្យប្តីកំណាចផ្ទុះកំហឹង នឹងប្រពន្ធមករំខានសេចក្តីសុខរបស់ខ្លួន ក៏ទាញដំបងដេញវាយសំពងទាំង២នាក់ម្តាយកូន រួចបណ្តេញឱ្យចេញពីផ្ទះទៀតផង ទីបំផុតប្រពន្ធកូនទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកជនល្មោភកាមខាងលើ យកទៅចាត់ការតាមច្បាប់។
ករណីឪចុងរំលោភកូនស្រី តែត្រូវប្រពន្ធតាមទាន់ ស្រែកឃាត់ ធ្វើឱ្យប្តីផ្ទុះកំហឹងដេញវាយទាំងប្រពន្ធកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវែលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុំចភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុ។
ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ៉េន រាង អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះវ.ស.ថ អាយុ៣៩ឆ្នាំ មុខរបរកសិករ រីឯកូនស្រីរងគ្រោះ មានឈ្មោះរ.ស.ធ អាយុ១៥ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ម្តាយកូនខាងលើ សព្វថ្ងៃស្នាក់នៅជាមួយជនសង្ស័យ នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងធ្លាប់មានប្តីម្តងរួចមកហើយ និងមានកូនស្រីម្នាក់ (ក្មេងស្រីរងគ្រោះ) លុះក្រោយពីបែកបាក់ជាមួយប្តីទី១ នាងក៏បានទទួលយកជនសង្ស័យខាងលើ មកធ្វើជាប្តីទី២ និងបាននាំកូនស្រីរងគ្រោះខាងលើ មករស់នៅជុំគ្នាផងដែរ។ កន្លងមក ជនសង្ស័យជាប្តីនេះ ធ្លាប់បានចាប់រំលោភកូនស្រីរបស់នាងបានសម្រេចម្តងរួចមកហើយ តែនាងនិងកូនស្រី មិនហ៊ានប្តឹង ចេះតែប្រឹងលាក់បាំងរហូតមក ដោយសារខ្លាចជនសង្ស័យវាយសម្លាប់បំបិទមាត់។
ស្ត្រីជាប្រពន្ធរូបនេះ បន្តថា ស្រាប់តែមកដល់ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ប្តីកំណាចរូបនោះ បានប៉ុនប៉ងចាប់រំលោភកូនស្រីនាង ជាលើកទី២ ធ្វើឱ្យកូនស្រីនោះស្រែកឆោឡោ ផ្អើលដល់នាងឡើងទៅទាន់ ស្រែកឃាត់ប្តី ស្រាប់តែប្តីកំណាចផ្ទុះកំហឹង ចោទថានាងជាប្រពន្ធហ៊ានមកបំផ្លាញសេចក្តីសុខរបស់ប្តី ក៏ទាញដំបងមកដេញវាយសំពងពួកនាង២នាក់ម៉ែកូន ព្រមទាំងបណ្តេញពួកនាងឱ្យចេញពីផ្ទះទៀតផង។
ចំណែកក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១រំលងអធ្រាត្រ អំឡុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅ គ្រាដែលនាងកំពុងដេកលង់លក់នៅលើផ្ទះ ស្រាប់តែឪចុងទុរយសខាងលើ បានចូលមកចាប់បង្ខំរំលោភនាងទាំងកំរោល រហូតដល់បានសម្រេច លុះនាងយករឿងនេះប្រាប់ម្តាយ ស្រាប់តែឪចុងកំណាចរូបនេះ បានគំរាមសម្លាប់ពួកនាង២នាក់ម្តាយកូនចោល ប្រសិនបើ ហ៊ានធ្វើឱ្យបែកធ្លាយរឿងមួយនេះ ជាហេតុធ្វើឱ្យពួកនាង២នាក់ម៉ែកូន មិនហ៊ានប្រាប់អ្នកណា ឬប្តឹងផ្តល់អ្វីឡើយ សុខចិត្តទ្រាំបៀមទុក្ខ លាក់បាំង រហូតមក។
ក្មេងស្រីរងគ្រោះបន្តថា ស្រាប់តែមកដល់ថ្ងៃកើតហេតុ ឪចុងល្មោភកាមរូបនោះ បានមកប៉ុនប៉ងចាប់រំលោភនាងជាលើកទី២ទៀត តែត្រូវនាងស្រែកផ្អើលដល់ម្តាយឡើងមកជួយ ក៏ត្រូវឪចុងដេញវាយទាំង២នាក់ រួចដេញឱ្យចុះចេញពីផ្ទះតែម្តង ទើបពួកនាងសម្រេចដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនឪចុងល្មោភកាមរូបនេះតែម្តង៕