ភ្នំពេញ ៖ ស្ត្រីម្នាក់ បានឡើងមកភ្នំពេញដើម្បីធ្វើការងាររោងចក្រ លុះជួបនឹងប្រុសសម្តីផ្អែមម្នាក់ ក៏លង់ស្នេហ៍ព្រមរួមរស់នឹងគ្នា ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ លុះ៣ឆ្នាំក្រោយមក ចាប់ផ្តើមមានផ្ទៃពោះ ក៏ត្រូវប្តីហេងស៊យបោលចោលបាត់ ធ្វើឱ្យស្ត្រីជាប្រពន្ធស្ពាយ ព្រោះគ្រប់ខែ ដើរតាមស្វែងរកសព្វកន្លែង តាំងពីខេត្តព្រះសីហនុ ធ្លាយដល់រាជធានីភ្នំពេញ នៅតែមិនឃើញ រហូតអស់លុយកាក់ពីខ្លួន ក៏ទៅសំពះសុំសមត្ថកិច្ចឱ្យជួយ គ្រាន់បានសោហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញសម្រាលកូន។
ហេតុការណ៍ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ដើរតាមរកប្តីមិនឃើញ ក៏ចូលទៅសុំសមត្ថកិច្ចឱ្យជួយ គ្រាន់បានលុយកាក់ ធ្វើសោហ៊ុយជិះឡាន ទៅស្រុកវិញនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីអភ័ព្ទដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែខាងលើ មានឈ្មោះខន រស្មី អាយុ២៥ឆ្នាំ មុខរបរជាអតីតកម្មកររោងចក្រ សព្វថ្ងៃរស់នៅ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកបុរសជាប្តីហេងស៊យ ដែលប្រពន្ធតាមរកមិនឃើញនោះ មានឈ្មោះថន ពៅ អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ចល័ត ធ្វើការនៅខេត្តព្រះសីហនុផង ខេត្តកំពតផង។
តាមសំដីស្ត្រីអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ នាងបានឡើងមកពីស្រុកកំណើតឯខេត្តស្វាយរៀង ទៅខេត្តព្រះសីហនុ បំណងរកការងារធ្វើ គ្រាន់បានប្រាក់ខែផ្ញើទៅម៉ែនៅស្រុក ជួយជ្រោងគ្រួសារដែលកំពុងលំបាកលំបិន។ លុះឡើងមកធ្វើការរោងចក្របានមួយរយៈ ក៏បានជួបស្គាល់ជាមួយប្តីហេងស៊យឈ្មោះថន ពៅ ហើយក៏បានទាក់ទងស្រលាញ់គ្នា និងបានយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការ ឬសែនព្រេន ក្បាលជ្រូកមាន់ស្ងោរអ្វីទាំងអស់ ពោលគឺរួមរស់ជាប្តីប្រពន្ធអត់ខាន់ស្លាតែម្តង។
ស្ត្រីអភ័ព្វរូបនេះបន្តថា ក្រោយពីរួមរស់នឹងប្តីនេះ៣ឆ្នាំ នាងគ្មានសល់ប្រាក់កាក់អ្វីជាប់ខ្លួននោះទេ ដោយសារតែប្តីចេះតែដើរធ្វើការសំណង់ចល័ត ម្តងធ្វើនៅខេត្តព្រះសីហនុ ម្តងថាមេការតម្រូវឱ្យចេញទៅធ្វើនៅសំណង់នៅខេត្តកំពត មិនសូវបាននៅជាប់លាប់ជាមួយនាងជាប្រពន្ធ ប៉ុន្មានទេ។ ចំណែកនាង ដោយសារតែជឿទុកចិត្តស្រលាញ់ប្តីខ្លាំងពេក ទើបមិនដែលសួរនាំអ្វីឡើយ ខ្លាចនាំឱ្យប៉ះពាល់អារម្មណ៍មានរឿងរកាំរកូសនឹងគ្នាអត់ប្រយោជន៍។
ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែខាងលើ បានឱ្យដឹងទៀតថា ក្រោយមក នាងក៏ចាប់ផ្តើមានផ្ទៃពោះ៣ខែ ធ្វើឱ្យនាងចេះតែចាញ់កូន ឈឺមិនស្រួលខ្លួនជាញឹកញាប់ ធ្វើការអ្វីក៏មិនកើត ក៏សុំប្តីចេញទៅស្រុកកំណើតវិញ និងគិតថា នឹងទៅសម្រាលកូននៅស្រុកតែម្តង ព្រោះមានឪពុកម្តាយ បងប្អូននៅជួយមើលថែ។ ចំណែកប្តីក៏មិនថាអ្វីដែរ បានយល់ព្រមឱ្យនាងចេញទៅស្រុក ហើយគាត់ថា ចាំគាត់ផ្ញើលុយទៅឱ្យមួយខែម្តង លុះដល់ពេលសម្រាលចាំគាត់ឡើងទៅតែម្តង។
ស្ត្រីខាងលើ បានបញ្ជាក់ថា លុះនាងចេញពីប្តីបានប្រមាណ៣ទៅ៤ខែ ស្រាប់តែប្តីមិនឃើញផ្ញើលុយកាក់មកឱ្យនាងទាល់តែសោះ រហូតមកដល់ពេលនេះផ្ទៃពោះនាងចាប់ផ្តើមខ្ទាតធំ៨ខែ ជិតដល់ថ្ងៃសម្រាលទៅហើយ នៅតែមិនមានដំណឹងពីប្តីទៀត ទើបនាងដាច់ចិត្តធ្វើដំណើរចេញ ពីស្រុកកំណើត ទៅរកប្តីនៅខេត្តព្រះសីហនុ តែពេលទៅដល់កន្លែងធ្វើការប្តី នាងបានសួររកប្តីដែរ គេប្រាប់ថា ប្តីនាងឈប់ធ្វើការនៅទីនេះហើយ លឺថាទៅរកការងារធ្វើនៅឯភ្នំពេញ។
បន្ទាប់មកនាងបានទៅរកប្តីនៅរាជធានីភ្នំពេញបន្តទៀត តែដើរស្វែងរកសព្វកន្លែង នៅតែពុំឃើញប្តីសោះ រហូតដល់លុយពីខ្លួនរលីង មិនដឹងទៅណាមកណា ក៏បានសម្រេចចូលទៅប៉ុស្តិ៍នគរបាលចោមចៅ៣ សំពះសុំសមត្ថកិច្ចឱ្យជួយ គ្រាន់បានសោហ៊ុយ ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។
ក្រោយពេលកើតហេតុ លោកថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ ដោយមានទឹកចិត្តអាណិតអាសូរ ក៏បានឧបត្ថម្ភជាទឹកប្រាក់ ចំនួន១០ម៉ឺនរៀល ជូនដល់ស្ត្រីអភ័ព្វខាងលើ និងថែមទាំងបានឱ្យលុយថ្លៃម៉ូតូឌុប ជួននាងទៅដាក់នៅចំណតរថយន្ត ធ្វើដំណើរទៅស្រុកកំណើតវិញ ទៀតផង៕