ខេត្តសៀមរាប ៖ យុវជនម្នាក់កំពុងធ្វើការងារនៅខាងមុខផ្ទះសុខៗ ស្រាប់តែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំដោយផ្គររន្ទះផង ទើបប្រញាប់រត់ទៅជ្រកក្រោម ដើមឈើនៅខាងមុខផ្ទះសិន ស្រាប់តែអកុសល ក៏ត្រូវរន្ទះបាញ់ប្រហារ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ។
យុវជនរងគ្រោះ ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះលេប ឡំ អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ កំពុងយុវជនរងគ្រោះខាងលើ កំពុងធ្វើការងារនៅខាងមុខផ្ទះរបស់ខ្លួន លុះបន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងមួយមេធំ លាយឡំដោយផ្គររន្ទះផងនោះ បានធ្លាក់គ្របដណ្តប់ភូមិសាស្ត្រខាងលើ។ ចំណែកជនរងគ្រោះឃើញមេឃធ្លាក់ភ្លៀងបែបនេះ មិនបានរត់ចូលផ្ទះវិញទៅ បែរជារត់ទៅជ្រកភ្លៀងនៅខាងក្រោមដើមឈើមុខផ្ទះទៅវិញ ស្រាប់តែភ្លាមនោះ ក៏មានផ្លេកបន្ទោររួចក៏កើតជារន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឱ្យដេកដួលស្តូកស្តឹងតែម្តង។
ក្រោយកើតហេតុ សាច់ញាតិក្រុមគ្រួសារ រួមនឹងអ្នកជិតខាង បាននាំគ្នាទៅជួយលើកជនរងគ្រោះយកមកដាក់ក្រោមផ្ទះ ដើម្បីជួយធ្វើចលនាសង្គ្រោះបឋម តែអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង៕