ខេត្តរតនៈគិរី ៖ ជនសង្ស័យល្មោភកាមម្នាក់ ដែលបានធ្វើសកម្មភាពចាប់ចងដៃក្មេងស្រីម្នាក់ រួចអូសចូលទៅក្នុងព្រៃដំឡូងមីចាប់រំលោភ រហូតដល់បានសម្រេច កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចឃុំយ៉ាងអ៊ុង ស្រុកអូរជុំ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ចាប់ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិធួយ ឃុំយ៉ាងអ៊ុង ស្រុកអូរជុំ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រីក្នុងព្រៃដំឡូងមី មានឈ្មោះទីង សឹង អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរកាត់ឡាវ មុខរបរកម្មករវ៉ៃថ្ម មានស្រុកកំណើតនៅភូមិស្រះឫស្សី ឃុំស្រែសំបូរ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះគ.ន.ទ អាយុ៩ឆ្នាំ ជាជនជាតិគ្រឹង មុខរបរសិស្សថ្នាក់បឋមសិក្សា ស្នាក់នៅជាមួយឪពុកម្តាយ ក្នុងខ្ទមចម្ការដំឡូងមី ស្ថិតក្នុងភូមិឃុំកើទហេតុខាងលើ។
តាមរបាយការណ៍សមត្ថកិច្ចស្រុកអូរជុំ បានឱ្យដឹងថា ជនសង្ស័យល្មោភកាមខាងលើ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ដែលទើបនឹងមានអាយុ៩ឆ្នាំ តាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ រួចក៏បានរត់គេចខ្លួនអស់មួយរយៈ រហូតមកដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
ជនសង្ស័យខាងលើកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។
គួររលឹកថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភក្មេងស្រីជនជាតិគ្រឹង អាយុ៩ឆ្នាំម្នាក់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងឃុំយ៉ាងអ៊ុង ស្រុកអូរជុំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតហេតុអាណាព្យាបាលក្មេងស្រីរងគ្រោះខាងលើ បានរាយការណ៍ និងប្តឹងដល់ប៉ូលិសស្រុក ក្រោយមកទៀត សមត្ថកិច្ចបានសួរនាំក្មេងស្រីរងគ្រោះ និងត្រូវបានក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុកម្តាយបានទុកនាង និងប្អូនស្រីម្នាក់ទៀតអាយុ២ឆ្នាំកន្លះឱ្យនៅចាំខ្ទមចម្ការតែ២នាក់បងប្អូន ដោយម្តាយ និងឪពុកជិះម៉ូតូទៅផ្សារបានលុង ដើម្បីទិញគ្រឿងបរិភោគ។
បន្ទាប់មកដោយសារតែពួកនាង២នាក់បងប្អូន ចាំឪពុកម្តាយយូរពេក ទើបនាំគ្នាដើរចេញពីខ្ទមចម្ការ បំណងត្រឡប់ទៅផ្ទះវិញ លុះដើរបានប្រហែល៥០០ម៉ែត្រ ដល់ចម្ការដំឡូងមី ទីតាំងកើតហេតុខាងលើ ដែលជាតំបន់ដាច់ស្រយាលគ្មានផ្ទះអ្នកភូមិនៅក្បែរ ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ស្លាទុំ ស្លៀកខោខូវប៊យ ពាក់អាវយឺតពណ៌ខ្មៅ និងកអាវមានមួក មាឌធំរាងខ្ពស់ សម្បុរខ្មៅ ថែមទាំង ដុះពុកមាត់ស្រម៉ូម បានមកដល់។
ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា នៅពេលដែលនាងដើរ២នាក់បងប្អូននោះ នៅក្នុងដៃរបស់នាងមានកាន់ក្រមា១ ស្រាប់តែត្រូវជនសង្ស័យនោះ បានឈប់ម៉ូតូហើយចាប់នាងជាប់ រួចយកក្រមារបស់នាង មកចងដៃនាងជាប់ ហើយអូសនាងចូលព្រៃដំឡូងមី បន្ទាប់មកក៏ធ្វើសកម្មភាពសម្រាតខោនាងរំលោភរហូតដល់បានសម្រេចតែម្តង។ ក្រោយពីរំលោភនាងរួច ជនសង្ស័យនោះបានជិះម៉ូតូគេចខ្លួនបន្តទៅមុខបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមិនបានរងការវាយដំពីជនសង្ស័យនោះទេ គ្រាន់តែរំលោភបានសម្រេចតែប៉ុណ្ណោះ៕