ភ្នំពេញ ៖ យុវជនម្នាក់ ដើរលេងយប់តែម្នាក់ឯងរងាឯកា អផ្សុកខ្លាំងពេក ក៏ជិះម៉ូតូទៅតថ្លៃនារីបម្រើសេវាផ្លូវភេទនៅម្តុំវត្តភ្នំ យកទៅរួមរ័កនៅផ្ទះសំណាក់ ដោយត្រូវរ៉ូវគ្នាក្នុងតម្លៃ៥ម៉ឺនរៀល រួចក៏ដឹកដៃគ្នាឡើងឋានសួគ៌ក្នុងផ្ទះសំណាក់បាត់ទៅ ស្រាប់តែចុះមកវិញ ខាងប្រុសរាប់លុយឱ្យខាងស្រី ទើបដឹងថាលុយក្នុងកាបូបចំនួន១លាន២សែនរៀល បាត់អស់គ្មានសល់ ធ្វើឱ្យកើតមានការផ្អើលឡោ ឈ្លោះប្រកែកគ្នាបែកផ្សែង ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ទើបខាងស្រីប្រគល់លុយឱ្យវិញ។
ហេតុការណ៍នាំស្រីឡើងផ្ទះសំណាក់រួមរ័ក ប៉ះស្រីដៃស្អិតលួចលុយអស់ជាង១លានរៀលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ២៧៣ (ទំនប់៧០) ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
យុវជនរងគ្រោះ ដែលត្រូវនារីបម្រើសេវាផ្លូវភេទដៃស្អិតលួចលុយអស់ពីខ្លួននេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យ តាមភិនភាគមានវ័យប្រមាណជាង២០ឆ្នាំ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែងពណ៌ក្រហម និងពាក់មួកការពារសុវត្ថិភាព ពណ៌ស កញ្ចក់ខ្មៅ។ ចំណែកនារីជើងល្អ មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យប្រមាណជិត៣០ឆ្នាំ ជានារីបម្រើសេវាផ្លូវភេទ មានមាឌធំដំបង សាច់ស ស្លៀករូបពណ៌ក្រហមខើចលើខើចក្រោម។
តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងនារីម្នាក់ ដែលត្រូវភាគីខាងប្រុសអះអាងថា គឺជានារីរកស៊ីផ្លូវភេទ ដែលគេនាំមករួមរ័កនៅផ្ទះសំណាក់ ដោយភាគីខាងប្រុស បានចោទថា ខាងស្រី បានលួចលុយរបស់ខ្លួនអស់១លាន២សែនរៀល (ស្មើ៣០០ដុល្លារ) តែខាងស្រីចេះតែប្រកែកថាមិនបានលួចនោះទេ និងចោទថាខាងប្រុសបាន ទះនាងចំនួន២កំផ្លៀង និងសន្យាថាបង់លុយឱ្យនាងចំនួន៤០ម៉ឺនរៀល។ ពេលនោះ គេឃើញភាគីខាងស្រី និយាយបណ្តើរដើរបណ្តើរ ក្នុងបំណង ចង់គេចខ្លួន តែត្រូវខាងប្រុសស្ទាក់ពីមុខជាប់ បន្ទាប់មកទើបឃើញខាងស្រីឱ្យលុយទៅខាងប្រុសវិញ តែមិនទាន់គ្រប់ចំនួននោះទេ រហូតដល់សមត្ថកិច្ចល្បាតប្រទះឃើញចូលមកសួរនាំ និងជួយអន្តរាគមន៍ ក៏ត្រូវខាងស្រីឡាំប៉ាថាអត់បានលួចលុយទេ និងថែមទាំងទាមទារស្រាតឱ្យសមត្ថកិច្ចឆែកទៀតផង ទីបំផុត សមត្ថកិច្ចបានព្រមានថា បើមិនឱ្យលុយគេវិញទេ មានតែចាប់ដាក់គុក ស្រាប់តែខាងស្រីបានលូកយកលុយ ដែល នាងលាក់ក្នុងអាវទ្រនាប់ជាប់រ៉ូប មកប្រគល់ឱ្យភាគីខាងប្រុសវិញគ្រប់ចំនួន។
តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានទៅចរចាជាមួយនារីជើងល្អខាងលើ ពីម្តុំវត្តភ្នំមក បំណងនាំឡើងផ្ទះសំណាក់រួមរ័ក ដោយត្រូវរ៉ូវគ្នាក្នុងតម្លៃ៥ម៉ឺនរៀល រួចក៏ដឹកគ្នាចូលផ្ទះសំណាក់ នៅក្បែរកន្លែងកើតហេតុ។ ក្រោយពីនាំគ្នាឡើង ឋានសួគ៌រួច រូបគេ បានចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួន ស្លៀកពាក់វិញ លុះចេញមកវិញ ក៏ដកលុយឱ្យថ្លៃផ្ទះសំណាក់ និងដកលុយឱ្យខាងស្រី ទើបដឹងថា លុយក្នុងកាបូបរបស់ខ្លួនចំនួន១លាន២សែនរៀល (ក្រដាស៥ម៉ឺន លាយក្រដាស១០ម៉ឺន) ត្រូវបានបាត់អស់គ្មានសល់។
យុវជនរងគ្រោះ បន្តថា នៅពេលដឹងថាបាត់លុយភ្លាម រូបគេក៏សួរនាំខាងស្រី តែត្រូវនាងព្យាយាមឆ្លើយបដិសេធ ថាអត់បានលួចយកទេ និងចេះតែព្យាយាមដើរចង់គេចខ្លួន ប៉ុន្តែខ្លួនចេះតែតាមស្ទាក់ មិនឱ្យរត់រួចហើយ ទើបនារីនោះបានដកលុយុឱ្យរូបគេចំនួន៤០ម៉ឺនវិញ ក្រោយមក ក៏ឱ្យ៣០ម៉ឺនទៀត និងប្រាប់ថា អស់ហើយ តែដោយសារមិនទាន់គ្រប់ចំនួនទើបរូបគេ មិនសុខចិត្តនៅតែសួរនាំនាង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញផ្លូវ និងត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ចូលមកជួយអន្តរាគមន៍ ស្រាប់តែខាងស្រីបែរជាលូកលុយដែលនៅសល់ និងត្រូវនាងលាក់ក្នុងអាវទ្រនាប់ មកប្រគល់ឱ្យខ្លួនវិញ តែនៅបាត់១០ម៉ឺននៅឡើយ។
ក្រោយកើតហេតុ ដោយសារតែខ្ជិលមានរឿងវែងឆ្ងាយ ទើបក្រោយពីទទួលបានលុយមកវិញអស់ហើយ យុវជនរូបនោះ ក៏ព្រមទទួល និងសម្របសម្រួលគ្នា ដោយប្រគល់លុយឱ្យខាងស្រីចំនួន៥ម៉ឺនរៀល ថ្លៃចរចានាំគ្នាមករួមរ័ក រួចក៏ជិះម៉ូតូចាកចេញទៅវិញបាត់ទៅ។ ចំណែកនារី ជើងល្អ ក៏បានហៅម៉ូតូឌុបជិះចេញទៅបាត់ដែរ ដោយគិតថា ថ្ងៃនេះជាថ្ងៃស៊យ ប៉ះម៉ូយស៊ីមិនដាច់ ស្វិតដូចកៅស៊ូ ប៊ិះទាំងជាប់ខ្នោះទៀតផង៕