អ្នក​​លក់​​បន្លែ​​ម្នាក់​ ​គេ​កាប់​២​ពូថៅ ​របួស​ធ្ងន់ ​សង្ស័យ​ជា​រឿង​គំនុំ​

dffdgdsa
ជនរងគ្រោះ គ្រូពេទ្យកំពុងដេរ

ខេត្ដកណ្តាលៈ បុរសជាអ្នកលក់បន្លែម្នាក់ ត្រូវបានជល្មើសស្ទុះកាប់២ពូថៅត្រូវចំក្បាល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុរសជាអ្នកលក់បន្លែរូបនេះកំពុងអង្គុយរាប់លុយក្រោយពីលក់បន្លែអស់ ។ ក្រោយពីធ្វើសកម្មភាពរួចជនល្មើសបានលោតចូលទៅក្នុងទឹកហែលឆ្លងទៅកាន់កោះចំរើនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

ហេតុការណ៍កាប់ប្រហារដោយពូថៅនេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ទូកដររបស់ឈ្មោះ សួ ស៊ីម (ត្រើយខាងលិច) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

dfsfdsdf
មុខរបួសដែលជនសង្ស័យកាប់រយះក្បាល

ប៉ូលិសស្រុកលើកដែកបានឲ្យដឹងថា ជនល្មើសឈ្មោះ ជិន ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ ។ ចំណែកឯជនរងគ្រោះឈ្មោះ ខន ម៉ារ៉េន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងលក់ដូរ មានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក (រងរបួសក្បាល០២កន្លែងយ៉ាងធ្ងន់ធ្ងរ) ។

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកបន្លែពីផ្ទះឆ្លងទូកដរទៅលក់នៅត្រើយខាងលិច ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ។ បន្ទាប់ពីលក់បន្លែអស់ជនរងគ្រោះបានដើរមកអង្គុយរាប់លុយនៅត្រង់ចំណុចកំពង់ចម្លង ខណៈនោះស្រាប់តែជនល្មើសកាន់ពូថៅស្ទុះចូលទៅកាប់ជនរងគ្រោះត្រូវចំក្បាលចំនួន២ពូថៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបកាន់ពូថៅលោតចូលទៅក្នុងទឹកហែលឆ្លងឆ្ពោះទៅកាន់កោះចំរើនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

ffdsaas
ជនរងគ្រោះ គ្រូពេទ្យលាងរបួស

សមត្ថកិច្ចនៅពុំទាន់ដឹងថា ការកាប់ប្រហារគ្នានេះផ្តើមចេញពីមូលហេតុអ្វីនោះទេ គ្រាដែលជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯជនល្មើសកំពុងរត់គេចខ្លួន។បច្ចុប្បន្នសមត្ថកិច្ចប៉ូលិសស្រុកលើកដែកកំពុងបន្តស្រាវជ្រាវ ដើម្បីឈានដល់ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕

សិលា