ភ្នំពេញ៖ ស្គាល់គ្នាជិត២ខែ យុវជនអាយុ១៧ឆ្នាំ បានលួងលោមគូស្នេហ៍ អាយុ១៤ឆ្នាំ ទៅរស់នៅក្នុង បន្ទប់ជួលបាន២ថ្ងៃ ត្រូវបានឪពុកម្តាយតាមរកឃើញចាប់ញាត់ចូលរថយន្តទៅប្តឹងសមត្ថកិច្ច ផ្អើលថាជាករណីចាប់ជំរិតទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្តកិច្ចទាំង១២ខណ្ឌ ធ្វើការស្វែងរុករកនៅវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែសីហា តាមផ្លូវបេតុង នៅម្តុំផ្ទះជួល មុខផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងស្រីដែលរត់ចោលផ្ទះមានឈ្មោះ គោក ចិន្ដា អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ នៅសាលាវិទ្យាល័យទួលអំពិល ស្នាក់នៅផ្ទះជួលភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំនើត នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ទៅរស់នៅបន្ទប់ជួលជាមួយសង្សារមានឈ្មោះ ជា ភក្កី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំនើតនៅភូមិ កោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។
តាមសំដីរបស់ម្ដាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែសីហា រូបគាត់បានត្រលប់មកពីធ្វើការវិញ អត់ឃើញកូនរបស់គាត់នៅផ្ទះ ក៏បានដើររកតែរកមិនឃើញ ពេលនោះមានអ្នកនៅជិតខាងបានមកប្រាប់គាត់ថា កូនរបស់គាត់មានមនុស្សប្រុស២នាក់មកដឹកយកទៅបាត់ហើយ ភ្លាមៗនោះរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានជាដំណឹង ។ លុះមកដល់ថ្ងៃកើតហេតុ រូបគាត់ទទួលដំណឹងថាកូនរបស់គាត់បាននាំគ្នាទៅលាក់ខ្លួននៅម្ដុំផ្សារទួលពង្រ គាត់ជាឪពុកម្ដាយក៏បាននាំគ្នាទៅរកកូននៅកន្លែងខាងលើបានប្រទះឃើញកូនរបស់គាត់ ហើយពួកគាត់បាននាំគ្នាចាប់កូនរបស់គាត់និងយុវជនដែលនាំកូនគាត់រត់ទៅនោះដាក់ក្នុងរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2F 2185 ដឹកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរ ។
នៅពេលសាកសួរយុវជនវ័យក្មេងរូបនោះបានសារភាពថារូបគេពិតជាបាននាំនាងរត់តាមគ្នាពិតប្រាកដមែន ព្រោះពួកគេលួចមានទំនាក់ទំនងជាមួយនិងនារីខាងលើជិត២ខែរួចមកហើយ ហើយនៅពេលដែលពួកគេនាំគ្នារត់ទៅនោះ គឺមាននារីម្នាក់ទៀតដែលរស់នៅក្នុងភូមិកើតហេតុខាងលើនិងទៅម្នាក់ទៀតផងដែរជាមួយសង្សាររបស់គេ សរុបទៅសង្សារ២គូ តែនារីម្នាក់ទៀតត្រូវបានសង្សារនាងបាននាំខ្លួនទៅលាក់ខ្លួនបន្តទៀតហើយ។ នៅសល់តែរូបគេនិងនារីជាសង្សារ ត្រូវបានឪពុកម្ដាយរបស់នាងនាំខ្លួនយកទៅអោយសមត្ថកិច្ចតែម្ដងទៅ ។ រីឯខាងក្មេងស្រីរងគ្រោះវិញ មិននិយាយស្តីអ្វីទាំងអស់ គឺគិតតែយកដៃខ្ទប់មុខតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើបុរសរូបនោះ អោយសមត្ថកិច្ចធ្វើតាមនិតិវិធី ។
ដោយឡែកលោកវរសេនីយ៍ យឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានករណីចាប់មនុស្សដាក់ចូលរថយន្ត លោកបានបញ្ជាឲ្យកម្លាំងរបស់លោក ចេញស្កាត់គ្រប់ច្រកល្ហក់និងបានប្រកាស់តាមវិទ្យុទាក់ទងគ្រប់បណ្តាខណ្ឌទូរទាំងរាជធានីភ្នំពេញ ទើបដឹងថាករណីនេះមិនមែនជាករណីចាប់ជំរិតអីទេ គ្រាន់តែឪពុកម្តាយមកនាំខ្លួនកូនរបស់ដែលបាននាំគ្នារត់ចេញពីផ្ទះតែប៉ុណ្ណោះ ៕
ណន រ៉ាត់