Wednesday, January 22, 2025
Homeព័ត៌មានជាតិខំស្កាត់ជួបមុខប្រពន្ធកូន ដល់មុខផ្ទះបែរជាក្អួតឈាមស្លាប់

ខំស្កាត់ជួបមុខប្រពន្ធកូន ដល់មុខផ្ទះបែរជាក្អួតឈាមស្លាប់

ភ្នំពេញ៖ បុរសចំណាស់មានជំងឺប្រចាំកាយម្នាក់ ខំធ្វើដំណើរស្កាត់មកពីស្រុកកំណើតឯខេត្តស្វាយរៀង បំណងមកលេងប្រពន្ធកូន ដែលកំពុងធ្វើការនៅភ្នំពេញ ស្រាប់តែអកុសល គ្រាន់តែចុះពីលើឡានឈ្នួល មកដល់ច្រកចូលបន្ទប់ជួល ស្នាក់នៅរបស់ប្រពន្ធកូន ស្រាប់តែបុរសរូបនេះ បានក្អួតធ្លាក់ឈាមស្លាប់មួយរំពេចនៅលើចិញ្ចើមផ្លូវ បង្កឱ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ ដែលក្អួតឈាមស្លាប់ មានឈ្មោះគិត ពិ អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះសារុន ណន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា គាត់មានកូនស្រីចំនួន៤នាក់ រស់នៅឯស្រុកម្នាក់មើលថែឪពុក កូនស្រីម្នាក់មកធ្វើការនៅភ្នំពេញជាមួយគាត់ជាម្តាយ ដោយស្នាក់នៅផ្ទះជួលក្នុងភូមិខាងលើ ចំណែកកូនស្រី២នាក់ទៀត បានធ្វើចំណាកស្រុកចេញទៅធ្វើពលករនៅប្រទេសថៃ។ ដោយឡែក ប្តីរបស់គាត់បានកើតមានជំងឺក្រព្រះ រ៉ាំរ៉ៃច្រើនឆ្នាំមកហើយ មូលហេតុដោយសារផឹកស្រាច្រើនព្យាបាលមិនជា ហើយនៅមុនកើតហេតុ ប្តីរបស់គាត់បានប្រាប់គាត់ជាមុនដែរថា នឹងមកភ្នំពេញ បំណងមកលេងប្រពន្ធកូនផង រកលុយទិញថ្នាំ និងទិញជីដាក់ ស្រែផង។ លុះមកដល់ពេលកើតហេតុ ខណៈដែលគាត់និងកូនស្រីកំពុងធ្វើការរោងចក្រ នៅក្បែរនោះ ស្រាប់តែមានសាច់ញាតិរត់មក ប្រាប់ថា ប្តីដួលស្លាប់តាមផ្លូវទៅវិញ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ដើរតាមផ្លូវដល់ចំណុចកែងផ្លូវចូលផ្ទះជួល ដែលប្រពន្ធកូនស្នាក់នៅ ស្រាប់តែកើតមានអាការៈក្អកយ៉ាងខ្លាំង រហូតដល់ក្អួតធ្លាក់ឈាម ប្រកាច់ដួលស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុឃើញថា ពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន៕

RELATED ARTICLES