ភ្នំពេញ ៖ បុរសម្នាក់បាននាំប្រពន្ធ និងកូនរបស់ខ្លួនចូលទៅព្យាបាលជំងឺនៅគ្លីនិកឯកជនមួយ លុះទៅដល់ឃើញម្ចាស់គ្លីនិកទុកកាបូបប្រហែស ក៏ចូលទៅលួច ស្រាប់តែត្រូវបុគ្គលិកប្រទះឃើញ ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភពពន្លឺ មានទីតាំងស្ថិតនៅផ្លូវ១៩២៨ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលូញ នេត អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកាត់កណ្តឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះសុខ សែរ អាយុ៣៥ឆ្នាំ និងមានកូនក្នុងបន្ទុកចំនួន២នាក់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានបើករថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-0762 នាំប្រពន្ធ និងកូនមកព្យាបាលជំងឺនៅគ្លីនិកពន្លឺ ខាងលើ។ លុះមកដល់ ខណៈដែលប្រពន្ធកូនកំពុង ត្រូវបាន គ្រូពេទ្យពិនិត្យ ស្រាប់តែជនសង្ស័យដែលនៅអង្គុយរង់ចាំខាងក្រៅ ក៏ប្រទះឃើញកាបូបលុយរបស់ម្ចាស់គ្លីនិក ដែលទុកចោលក្នុងបន្ទប់ ទើបបែកគំនិតលបចូលទៅលួចយកកាបូបនោះ តែភ្លាមនោះ ត្រូវបានបុគ្គលិកក្នុងគ្លីនិកខាងលើប្រទះឃើញ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង កាបូបពណ៌ខ្មៅមួយរបស់ជនរងគ្រោះ ជាម្ចាស់គ្លីនិក ដែលក្នុងកាបូបនោះ មានទូរស័ព្ទដៃចំនួន៧គ្រឿង និងលុយសរុបទាំងអស់៣០០០ដុល្លារ។ ជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងរបស់ជនសង្ស័យផងដែរ៕