ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាម្តាយចុងម្នាក់ ក្រោយពីកើតមានទំនាស់ពាក្យសម្តីជាមួយប្តី ស្រាប់តែមួម៉ៅក្តៅចិត្ត បញ្ចេញកំហឹងទៅលើកូនស្រី (កូនប្រពន្ធដើម) ដែលទើបនឹងមានអាយុ៥ឆ្នាំ ដោយចាប់បោកបណ្តាលឱ្យក្មេងស្រីរងគ្រោះរងរបួសខ្ទេចមុខ រួចយកទៅទុកចោលនៅក្នុងព្រៃមួយកន្លែងក្បែរផ្សាររោងក្លឿ ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ទីបំផុតក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ស្ត្រីជាម្តាយចុងចិត្តអប្រិយ ដែលវាយដំធ្វើទារុណកម្មកូនស្រីយ៉ាងសាហាវឃោរឃៅ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ លី ស្រីនីត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករអូសរទេះ មានប្តីឈ្មោះស៊ីន ឆាយ អាយុ២៨ឆ្នាំ មុខរបរកម្មករអូសរទេះ ស្នាក់នៅផ្សាររោងក្លឿ ទឹកដីថៃ និងមានលំនៅក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះណាត ស្រីម៉ី អាយុ៥ឆ្នាំ ជាកូនរបស់ប្តីជាមួយប្រពន្ធដើម រងរបួសបែក ជាំពេញផ្ទៃមុខ ជាច្រើនកន្លែង មានស្នាមរបួសក និងហើមបបូរមាត់ទៀតផង។
តាមសម្តីស្ត្រីឈ្មោះយូ សុភី អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នាងបានរួមរស់នឹងប្តីឈ្មោះស៊ីន ឆាយ រហូតបង្កើតបានកូនស្រីម្នាក់ (ក្មេងស្រីរងគ្រោះ) លុះក្រោយមក ដោយសារតែរស់នៅមិនចុះសម្រុងគ្នា ទើបសម្រែចលែងលះគ្នាទៅ ហើយនាងបាននាំកូនស្រីទៅ ស្នាក់នៅឯខេត្តស្រះកែវ ប្រទេសថៃ ព្រោះនាងនៅធ្វើការនៅទីនោះ។
ម្តាយបង្កើតក្មេងស្រីរងគ្រោះបន្តថា លុះមកដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម្តាយឪពុករបស់នាង ដែលធ្វើការនៅខេត្តស្រះកែវ ដែរ បានធ្វើដំណើរមកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីបន្តប័ណ្ណឆ្លងដែនស្នាក់នៅបន្តលើទឹកដីថៃ និងបាននាំចៅស្រី (កូនស្រីរបស់នាង) មកជាមួយផង។ លុះមកដល់ផ្សាររោងក្លឿ ក៏បានជួបអតីតប្តីរបស់នាង (ស៊ីន ឆាយ) ហើយអតីតប្តីនេះ ក៏បានសុំឪពុកម្តាយនាង ទុកកូនឱ្យនៅលេងជាមួយខ្លួនមួយរយៈសិន។ ដឹងអី ក្រោយពីអតីតប្តី និងជាឪពុករវល់ទៅអូសរទេះ ស្រាប់តែនាងជាប្រពន្ធចុងអប្រិយ ក៏បាននាំកូនស្រីរបស់នាងទៅក្នុងព្រៃខាងក្រោយផ្សារឥណ្ទូចិន ក្បែរផ្សាររោងក្លឿ វាយធ្វើបាប រហូតមានស្នាមជាំពេញផ្ទៃមុខតែម្តង។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា រឿងនេះ នាងកំពុងសង្ស័យនាងប្រពន្ធចុងរូបនោះប៉ុនប៉ងសម្លាប់កូនស្រីនាងបំបិទមាត់ តែសំណាងល្អ កូនស្រីនាងនៅមានជីវិត ក៏រត់ចេញពីព្រៃ ទើបត្រូវអាជីវករខ្មែរប្រទះឃើញ នាំគ្នាថតបង្ហោះតាមហ្វេសប៊ុកប្រកាសរកសាច់ញាតិ។ បន្ទាប់មកក៏ដឹងដល់សមត្ថកិច្ចថៃធ្វើអន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកក្មេងស្រីយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញែតម្តង។
ដោយឡែកស្ត្រីឈ្មោះស៊ី សុផា អាយុ៤៨ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ គាត់ទទួលទូរស័ព្ទពីអតីតកូនប្រសាឈ្មោះស៊ីន ឆាយ ដែលជាឪពុកថាបាត់កូនហើយ។ ពេលនោះគាត់និងប្តី ដែលត្រូវជាជីដូន និងជីតា ក្មេងស្រីរងគ្រោះ ក៏បានទៅប្តឹងសមត្ថកិច្ចថៃឱ្យជួយស្វែងរក និងក្រោយមកត្រូវបានសន្តិសុខផ្សាររុងក្លឿប្រាប់ថា មានក្មេងស្រីម្នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបនាំគ្នាតាមទៅមើល ស្រាប់តែប្រទះឃើញចៅស្រីរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោកវរសេនីយ៍ត្រី អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានបញ្ជាក់ថា បន្ទាប់ពីឃើញក្មេងស្រីរងគ្រោះត្រូវបានគេបង្ហោះស្វែងរកសាច់ញាតិ និងដឹងថាត្រូវស្ត្រីក្មេងជាម្តាយចុងធ្វើទារុណកម្ម លោកក៏ទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ក៏ដូចជានាយការិយាល័យ ចុះស្រាវជ្រាវដោយសហការជាមួយអង្គការដៃគូ រហូតបានជួបគ្រួសាររងគ្រោះ និងក្មេងស្រីរងគ្រោះសាកសួររកមូលហេតុ និងឈានទៅដល់ការឃាត់ខ្លួនស្ត្រីជាម្តាយចុងរូបនោះនាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាម្តាយចុង បានឆ្លើយសារភាពថា នាងពិតជាបានធ្វើទារុណកម្មលើក្មេងស្រីរងគ្រោះ ជាកូនចុងប្រាកដមែន។
ស្ត្រីដៃដល់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងប្តីទើបនឹងកើតមានទំនាស់ពាក្យសម្តីនឹងគ្នាថ្មីៗ ស្រាប់តែគាប់ជួននៅថ្ងៃនោះ ប្តីបែរជាយកកូនស្រី (កូនប្រពន្ធដើម) មកលេង ទើបធ្វើឱ្យនាងខឹងប្តីពេក មិនដឹងធ្វើអ្វីបាន ក៏ជះកំហឹងដាក់កូនស្រីនោះ ដោយឆ្លៀតឱកាសប្តីចេញទៅអូសរទេះបាត់ នាងក៏នាំក្មេងស្រីរងគ្រោះ ទៅក្នុងព្រៃខាងក្រោយផ្សាររុងក្លឿ វាយធ្វើបាប និងយកស្មៅញ៉ុកមាត់កុំឱ្យស្រែកឮដល់គេ បន្ទាប់មកនាងក៏បាន ច្របាច់ក និងទះមាត់ជាច្រើនដៃរហូតដល់សន្លប់ ទើបទុកក្មេងស្រីរងគ្រោះចោលនៅកន្លែងកើតហេតុ ហើយបានវិលត្រឡប់មកផ្ទះវិញ លុះដល់ប្តីវិលមកពីអូសរទេះវិញ សួរនាំរកកូនស្រី នាងបានព្យាយាមកុហកថា បាត់កូនស្រីហើយ និងធ្វើជានាំប្តីដើររក កូនស្រីទៀតផង ដើម្បីកុំឱ្យប្តីសង្ស័យ។
យ៉ាងណាក្តីទង្វើដ៏ឃោរឃៅរបស់ស្ត្រីជាម្តាយចុងខាងលើ មិនអាចលាក់បាំងជិតឡើយ បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានអាជីវករខ្មែរប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចថ្ងៃ មកជួយអន្តរាគមន៍ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកអារញ្ញប្រទេសថៃ រួចក៏ថតរូបបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក៕