Friday, March 29, 2024
Homeសេដ្ឋកិច្ចជាតិ​វិស័យ​សំណង់​​នៅតែ​ប្រឈម​​ប្រកាស​​អាស​ន្ន

​វិស័យ​សំណង់​​នៅតែ​ប្រឈម​​ប្រកាស​​អាស​ន្ន

បើទោះជាមានការប្រកាសថាប្រទេសកម្ពុជានៅតែមានកំណើនលើវិស័យសំណង់ និងការសាងសង់បុរី ក៏ស្ថានភាពធ្លាក់ចុះនៅតែត្រូវគេវាយតម្លៃ ជាពិសេសនៅក្នុងដំណាក់កាលដែលកម្ពុជាត្រូវគេវាយតម្លៃថាមិនមានអ្នកមានលទ្ធភាពទិញដូរបុរី និងខុនដូពីអ្នកក្នុងស្រុកច្រើនដូចមុន។ ក្រុមអ្នកជំនាញបានអះអាងថាបើអំឡុងពាក់កណ្ដាលឆ្នាំ២០១៦ខាងមុខ និងអំឡុងឆ្នាំបន្តបន្ទាប់ មិនមានលំហូរជនបរទេស ឬអ្នកពីក្រៅជួយទិញគម្រោងបុរី និងខុនដូនៅកម្ពុជាទេ នោះស្ថានភាពដាំក្បាលចុះនឹងឈានដល់ការប្រកាសអាសន្ន។

build2

ការលើកឡើងខាងលើ ត្រូវគេមើលឃើញថាមានសភាពស្របគ្នាពីអ្នករកស៊ីលើវិស័យអចលនទ្រព្យភាគច្រើន និងជាពិសេសគឺពីអ្នកវិភាគសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថាថា ទីផ្សារខុនដូ នឹងមានការប្រឈមជាងគេ ប្រសិនបើជនបរទេសមិនចាប់អារម្មណ៍ចុះមកកុម្ម៉ង់ទិញក្នុងចំនួនអោយស្របនឹងកំណើននៃអាគារខ្ពស់ៗដែលបានរំលេចឡើង។ លោកថាពលរដ្ឋខ្មែរភាគច្រើន បើទោះជាមានមួយចំនួន បានងាកមកចាប់អារម្មណ៍លើការរស់នៅក្នុងប្រភេទខុនដូខុសប្លែកជាងមុន ប៉ុន្តែចំនួនអ្នកចង់ទិញខុនដូរស់នៅគឺមានបរិមាណតិចតួចនៅឡើយ។ តម្រូវការនេះលោកថាមានចំនួនតិចជាងគម្រោងដែលបានលេចឡើងខ្លាំងណាស់ ជាពិសេសនៅក្នុងដំណាក់កាលដែលកម្ពុជានឹងត្រូវប្រឈមដោយដំណាក់បោះឆ្នោតនាឆ្នាំ២០១៧ និង២០១៨ខាងមុខ ដែលគេនៅមិនទាន់ប្រាកដពីស្ថានភាពនយោបាយនាពេលនោះ។ លោកថាអ្នកនៅក្នុងស្រុក  និងជនបរទេសហាក់កំពុងសំកាំងខ្លួនមិនហ៊ានចំណាយលុយក្នុងកម្រិតច្រើនដូចមុនសម្រាប់គម្រោងទិញបុរី និងខុនដូ បើទោះជាបុគ្គលទាំងនោះនៅមានលទ្ធភាពទិញដូ។ ក្នុងនោះសូម្បីតែជនបរទេសក៏ហ៊ានចំណាយទិញខុនដូត្រឹមតែអ្នកដែលមានតម្រូវការចាំបាច់ និងអ្នកចុះមកស៊ីស្រុកខ្មែរប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកទិញដើម្បីទុកលំហែកាយ និងអ្នកទិញដើម្បីទុកជួលជាដើម គឺចាប់ផ្ដើមថយកម្រិត។ លោកថាស្ថានភាពអចលនទ្រព្យនៅកម្ពុជា បើចង់អោយមានកំណើនហើយមិនប្រឈមធ្លាក់ចុះ គឺលុះត្រាជនបរទេសចុះមកច្រើន ហើយដើម្បីទាក់ទាញជនបរទេសអោយចុះមកទិញច្រើន គឺលុះត្រាតែស្ថាភាពនយោបាយនៅអំឡុងបោះឆ្នោត និងក្រោយបោះឆ្នោតថ្នាក់ជាតិមិនមានស្ថានភាពស្មុគស្មាញ បើមិនដូច្នោះទេ គឺច្បាស់ណាស់ថាវិស័យសំណង់ដែលបានសាងសង់សម្រាប់ទុកលក់ដូចជាបុរី និងខុនដូ គឺពិតជាមានការប្រឈម។ លោកនិយាយថា«បច្ចុប្បន្នយើងឃើញថា គម្រោងខុនដូពិតជាច្រើនមែន! ចឹងយើងទាមទារ និងត្រូវតែមានទីផ្សារខាងក្រៅដើម្បីរក្សាកំណើននេះ ព្រោះខ្ញុំគិតថាប្រជាជនយើងមួយចំនួនមិនទាន់មានចំណង់ចំណូលចិត្តទៅរស់នៅក្នុងខុនដូនោះទេ ចឹងបើយើងអត់មានអ្នកក្រៅចុះមកទិញ គឺ ច្បាស់ណាស់ថាវានឹងយ៉ាងមិច!»។ លោកបានបន្តថា ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាធ្លាក់ដល់ដំណាក់កាយផុយស្រួយហើយ បើគម្រោងកាន់តែច្រើននៅតែបន្តសាងសង់ ហើយអ្នកទិញកាន់តែមានចំនួនតិចទៅៗ ដោយសារតែមិនមានអ្នកក្រៅស្រុកចុះចូលមកទិញជួយទប់។ លោកថាទីផ្សារបរទេសគឺជាកត្តាតែមួយគត់ក្នុងការនាំឱ្យទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបន្តស្ថិរភាព។

build3

មិនខុសពីការលើកឡើងរបស់លោក គុយ វ៉ាត អ្នកវិភាគសេដ្ឋកិច្ចដ៏សំខាន់គឹ លោកកង ច័ន្ទតារារ័ត្ន ក៏បានប្រកាសថាស្ថានភាពសំណង់នៅក្នុងប្រទេសកម្ពុជានឹងមានហានិភ័យដូចគ្នាផងដែរដោយសារម្ចាស់បុរី និងសំណង់ខុនដូ បានបង្កើតគម្រោងសាងសង់ច្រើនហួសពីការស្មានដែលលោកយល់ថាមានកម្រិតខ្ពស់ជាងតម្រូវការ។ ជាក់ស្ដែងលោកថាគ្រាន់តែម្ចាស់ដីទំនេរ ក៏ប្រើយុទ្ធសាស្រ្តគៀរគរអ្នកមានចំណូលក្នុងស្រុកអោយជាប់ជំពាក់បំណុលសឹងនឹងគ្មានសល់នោះដែរ ដោយសារតែបានពុះឡូតិ៍លក់ហើយអនុញ្ញាតិអោយបង់រំលោះ។ លោកនិយាយថា«បរិបទឥឡូវនឹង គឺថាពលរដ្ឋអ្នកមានចំណូលសឹងនឹងជាប់បំណុលអត់មានសល់នោះទេ ដោយអ្នកមានចំណូលខ្ពស់ក៏ជាប់បំណុងទិញវីឡា ទិញបុរីធំៗ ហើយអ្នកមានចំណូលតិចក៏ជាប់បំណុលពុះដីឡូតិ៍ដែលដាក់លក់ ចឹងខ្ញុំមើលឃើញថាបើអត់មានបរទេស ឬមានអ្នកមានអ្នកចំណូលក្រៅពីនឹងមកជួយទិញ ស្ថានភាពអចលទ្រព្យកម្ពុជាអាចប្រឈម!»។ លោកថារដ្ឋាភិបាលគួរមានយុទ្ធសាស្រ្តទាក់ទាញបរទេសអោយចុះមករស់នៅស្រុកខ្មែរអោយបានច្រើនទើបចលនារក្នុងការទិញដូរខុនដូ និងអចលទ្រព្យនៅកម្ពុជាមាននិរន្តរភាពបានយូរ។

ការលើកឡើងរបស់អ្នកខាងលើ គឺជាឆ្លើយតបនឹងរបាយការណ៍ដែលបានប្រកាសថាស្ថានភាពសាងសង់បុរី និងខុនដូនៅ កម្ពុជាមានការស្ទុះឡើងគួរអោយកោតសរសើរគិតត្រឹម៧ខែកាលពីឆ្នាំ២០១៦ ដែលទើបបញ្ចប់។ យោងតាមរបាយការណ៍ដែលបញ្ចេញដោយក្រសួងដែនដីនគរូបនីយកម្ម៧ខែដើមឆ្នាំ គម្រោងសាងសង់បុរីនៅក្នុងប្រទេសកម្ពុជាបានកើនដល់២៣៤គម្រោង និងមានតម្លៃប្រហាក់ប្រហែលនឹងជាង១៦៩លានដុល្លារ។ ក្នុងនោះសំណង់បុរីបានគ្របដណ្ដប់លើផ្ទៃដីសរុប៣សែន៨ម៉ឺនម៉ែត្រការ៉េ កើនឡើងជាងមុន ដែលមានន័យថាផ្ទៃដីទំនេរនៅតាមតំបន់ជាយៗភ្នំពេញសុទ្ធតែបានអភិវឌ្ឍន៍ជាហេដ្ឋារចនាសម្ព័ន្ធ និងប្រែក្លាយជាទីតាំងលំនៅដ្ឋានរបស់ពលរដ្ឋ ក្នុងពេលដែលកាលពីឆ្នាំមុនផ្ទៃដីសង់បុរីគ្របដណ្ដប់ត្រឹមតែ៩ម៉ឺន២ពាន់ម៉ែត្រការ៉េ។ បើរាប់ដល់ទំហ៊ំទឹកប្រាក់ក្នុងការវិនិយោគសុទ្ធសាធលើវិស័យសំណង់វិញ គឺ រយៈពេល៧ខែដែលបានបញ្ចប់មានដល់៧១០៨លានដុល្លារ ខ្ពស់ជាងឆ្នាំមុនដែលមានត្រឹមតែ៨៩៩លានដុល្លារ។ នេះមិនទាន់រាប់បញ្ចូលដល់ទំហ៊ំនៃការស្ថាបនាស្ពា្នថ្នល់ និងពង្រឹងនូវវិស័យសំខាន់ៗផ្សេងរបស់ជាតិបូកបញ្ចូលនោះផង។ ក្រសួងនគរដែនដីរូបនីយកម្មបានអះអាងថា មានគម្រោងចំនួន១៥០០ដែលខ្លួនអនុម័តអោយសាងសង់ក្នុងឆ្នាំ២០១៦នេះ ដោយស្មើនឹង១១លានម៉ែត្រការ៉េ ដែលចំនួននេះបើធៀបនឹងឆ្នាំ២០១៥មានតែ១០៨៣គម្រោង និងមានតែ២,៧លានម៉ែត្រការ៉េ។ ប៉ុន្តែកំណើននេះកំពុងក្លាយជាក្ដីបារម្ភមួយវិញ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថាវិស័យសំណង់បានជួយអោយកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំងដោយក្នុងនោះ ពលរដ្ឋខ្មែរប្រមាណ២០៨.២៩០ ទៅ២៥១.៩៤០ ក្នុងមួយថ្ងៃគឺជាអ្នកបានទទួលឱកាសការងារពីការរីកលូតលាស់នេះ។ នៅរាជធានីភ្នំពេញមានកម្មករពី ៩៦.៥០០ ទៅ១០៨.៥០០ មានការងារធ្វើ និងទទួលបានចំណួលពីវិស័យសំណង់ទៀងទាត់៕

ដោយ ៖ ប៉េងលី

RELATED ARTICLES