Monday, November 18, 2024
Homeតារាខ្មែរឌុច លីដា-ភិន សុដាលីស ជួបបុរសកូនកាត់ខ្មែរ-រុស្សី ក្នុងរឿង "ណូលី ណូឡា"

ឌុច លីដា-ភិន សុដាលីស ជួបបុរសកូនកាត់ខ្មែរ-រុស្សី ក្នុងរឿង “ណូលី ណូឡា”

ឌុច លីដា បានចាប់ដៃភិន សុដាលីស សម្ដែងជាតួឯកដូចគ្នា ក្នុងរឿងស្នេហាបែបកំប្លែង និងបង្កប់ការអប់រំជាច្រើន តាមរយៈរឿង ”ណូលី ណូឡា” ដែលបានធ្វើពិធីសម្ពោធជាផ្លូវការ កាលពីល្ងាចម្សិលមិញនេះ នៅរោងកុន Legend បឹងកក់ ដោយមានតារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនចូលរួម។

ភាពយន្ដខ្នាតធំនេះ ក្រៅពីមានស្រីស្អាតទាំង២ដួង លីដា និងសុដាលីស ជាតួឯកនោះ ក៏មានការចូលរួមពីលោកសួន រ៉ានីរ៉ាស៊ីនី ដែលជាកូនកាត់ខ្មែរ-រុស្សី ផងដែរ ទើបធ្វើឲ្យផ្ទៃរឿងទាំងមូលកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀតពីមហាជន។

អ្នកនាងភិន សុដាលីស ដែលជាអ្នកចាត់ការទូទៅផលិតកម្មមហាហង្ស និងសម្ដែងតួឯកផងនោះ បានឲ្យដឹងថា “នាងមានអារម្មណ៍រំភើបរីករាយ នៅពេលដែលបានសម្ដែងជាលើកដំបូង ប៉ះជាមួយកញ្ញាឌុច លីដា នេះហើយ នាងយល់ថា ទស្សនិកជននឹងបានប្លែកភ្នែកជាងភាពយន្ដមុនៗមិនខានព្រោះថារឿងនេះមានគ្រប់រសជាតិស្នេហា កំប្លែង អប់រំ វប្បធម៌ និងប្រពៃណីខ្មែរ ជាដើម ហេតុនេះហើយបានការរំពឹងថា ទស្សនិកជននឹងគាំទ្រភាពយន្ដខ្មែរទាំងអស់គ្នាជាមិនខាន”។

មិនសុខពីអ្នកនាងភិន សុដាលីស នោះទេ កញ្ញាឌុច លីដា វិញ បាននិយាយដោយរីករាយនៅចំពោះមុខអ្នកកាសែតថា “នាងពិតជារំភើបនៅពេលដែលភាពយន្ដនេះ ត្រូវបានដាក់បញ្ចាំង ព្រោះថារឿងនេះថតជាង១ឆ្នាំហើយ ទើបរួចរាល់ ដោយសារតែមិនអាចថតសម្រុកតែម្ដងឲ្យចប់នោះទេ ដោយសារតារាៗមានភាពរវល់ខ្លាំង អ៊ីចឹងហើយបានជាទើបពេលនេះអាចដាក់បញ្ចាំងបាន”។

 

តារាស្រអែមស្រស់ លីដា និយាយទាំងមានជំនឿចិត្តថា “រឿងនេះទស្សនិកជននឹងបានសប្បាយរីករាយទាំងអស់គ្នា និងទទួលបានការអប់រំផងដែរ ហេតុនេះហើយនាងមានការរំពឹងថា ជោគជ័យដូចការសង្ឃឹមរបស់សុដាលីស ដែរ”។

ចំណែកតួឯកប្រុសរូបរាងសង្ហា ដែលជាកូនកាត់ខ្មែរ-រុស្សី លោកសួន រ៉ានីរ៉ាស៊ីនី បានឲ្យដឹងដែរថា “លោកមានឪពុកជាជនជាតិខ្មែរ ម្ដាយជាជនជាតិរុស្សី ហើយបានរៀនចប់អនុបណ្ឌិត ផ្នែកគ្រប់គ្រងរដ្ឋបាល និងពាណិជ្ជកម្ម ហើយពេលនេះជាមន្រ្ដីនៅក្រសួងប្រៃសណីយ៍ផងដែរ តែដោយសារស្រលាញ់សិល្បៈ ទើបចូលប្រឡូកនៅពេលនេះ ជាមួយការលេចមុខនៅផលិតកម្មមហាហង្ស នេះ”។

លោករ៉ានីរ៉ាស៊ីនី បន្ថែមថា “រឿងនេះឆ្លុះបញ្ចាំងពីទំនៀមទំលាប់ប្រពៃណី វប្បធម៌ខ្មែរច្រើន ហើយឈុតដែលលោកពិបាកជាងគេ គឺនៅត្រង់ជិះសេះ ព្រោះកន្លងមកមិនដែលជិះសេះទេ ហេតុនេះហើយបានជាមានការព្រួយបារម្ភ ខ្លាចតែពេលជិះសេះទៅ សេះលោតចូលទឹកស្រះ ដែលថតនៅក្បែរអង្គរវត្តខេត្តសៀមរាប នោះ”។

ប៉ុន្ដែកូនកាត់ខ្មែរ-រុស្សី នេះ បែរជានិយាយថា “ចំពោះឈុតដែលមានខ្មោចលងនោះ លោកមិនខ្លាចនោះទេ គឺខ្លាចតែឈុតជិះសេះមួយគត់ ហើយបន្ទាប់ពីបានសម្ដែងរឿង ”ណូលី ណូឡា” នេះ លោកក៏ត្រៀមលេខមុខនៅភាពយន្ដក្រោយៗទៀតរបស់មហាហង្ស ដែរ”។

ក្រៅពីភិន សុដាលីស ឌុច លីដា និងសួន រ៉ានីរ៉ាស៊ីនី ជាតួឯកនោះ ភាពយន្ដខ្នាតធំរឿង ”ណូលី ណូឡា” ដែលនិពន្ធដោយកញ្ញាម៉ៅ ចាន់រស្មី និងដឹកនាំដោយលោកជុំ វិចិត្រ នោះ ក៏មានការចូលរួមពីតារាល្បីៗជាច្រើនដួងទៀតផងដែរ ដូចជា អ្នកនាងចាន់ តារាទី , ខ្ញុង, ប៉េងប៉ោង, ភឹម តារាវិបុល , អូន ឧស្សាហ៍, ឌីជេ កាកា, ពាក់មី, ងួន សុបិន្ទ, នាយក្រឹម, នាយយក្ស ជាដើម។

លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានឲ្យដឹងថា “រឿង ”ណូលី ណូឡា” នេះ មានរសជាតិប្លែកៗជាងរឿងមុនៗ ដែលឈុតភាគច្រើនថតនៅខេត្តកំពង់ធំ សៀមរាប និងកំពង់ស្ពឺ ជាដើម ហើយផ្ទៃរឿងទាំងមូលឆ្លុះបញ្ចាំងពីទំនៀមទំលាប់ ប្រពៃណីខ្មែរ ស្នេហា កំប្លែងសើចសប្បាយ និងមានការអប់រំជាច្រើនទៀត។ រឿងនេះនឹងដាក់បញ្ចាំងនៅគ្រប់ភាពយន្ដទំនើបៗទាំងអស់នៅក្នុងស្រុក ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះតទៅ។​ក្រៅពីផ្ដោតលើរោងភាពយន្ដនៅខ្មែរ នោះ រឿង ”ណូលី ណូឡា” ក៏ត្រៀមយកទៅដាក់បញ្ចាំងនៅមហោស្រពភាពយន្ដជប៉ុន ,ចិន និងសហរដ្ឋអាមេរិក តំបន់ដែលមានប្រជាជនខ្មែររស់នៅច្រើន ក្នុងលក្ខណៈកុនខ្មែរកិត្តិយស នាពេលខាងមុខនេះផងដែរ”៕

RELATED ARTICLES