Wednesday, January 22, 2025
Homeព័ត៌មានជាតិផឹកស្រវឹងល្បួងរួមរ័ក ស្រីមិនព្រម ប្រុសដាល់ឆ្អល់ពោះ

ផឹកស្រវឹងល្បួងរួមរ័ក ស្រីមិនព្រម ប្រុសដាល់ឆ្អល់ពោះ

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏លួងលោមស្រីស្នេហ៍របស់ខ្លួនជាជនជាតិខ្មែរ ឡើងផ្ទះសំណាក់ ដើម្បីរួមរ័កមេត្រី លុះខាងស្រីមិនព្រម ស្រាប់តែបុរសជាប្រុសស្នេហ៍ចិត្តកំណាច ក៏បានស្ទុះទៅវាយដំច្រំធាក់ ដាល់ចូលពោះគូស្នេហ៍របស់ខ្លួន បណ្តាលឱ្យចុកឆ្អល់ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ វាយខ្នោះនាំយកទៅប៉ុស្តិ៍សួរនាំ ស្រាប់តែទៅដល់ត្រូវជនដៃដល់ធ្វើពុតជាសន្លប់ស្តូក។

ហេតុការណ៍អំពើហិង្សា ប្រុសខឹងស្រីស្នេហ៍មិនព្រមឡើងផ្ទះសំណាក់រួមរ័កជាមួយខ្លួន បែរជាវាយដំគូស្នេហ៍យ៉ាងចាស់ដៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងសណ្ឋារមួយយីហោ ឡឺម៉ុង ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះមុំ ស្នាក់នៅខណ្ឌឬស្សីកែវ។ ចំណែកជនបង្កជាជនជាតិចិន មិនទាន់ឱ្យស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ រូបនាងមានគ្នា៣នាក់(ស្រីៗ) បានមកផឹកស៊ីនៅសណ្ឋាគារខាងលើជាមួយបុរសជនជាតិចិន មានគ្នា៣នាក់ដូចគ្នានៅពេលស្រវឹងរៀងៗខ្លួនហើយ រូបនាងក៏សុំបុរសជនជាតិចិនត្រូវជាសង្សារខ្លួនទៅផ្ទះមុន ប៉ុន្តែសង្សារនោះ បែរជាហាមមិនឱ្យនាងទៅផ្ទះទេ ដោយចង់នាំនាងទៅផ្ទះសំណាក់ តែនាងមិនព្រមចង់តែទៅផ្ទះ ស្រាប់តែបុរសនោះផ្ទុះកំហឹង ប្រើអំពើហិង្សាវាយទាត់ធាក់លើរូបនាង និងដាល់ចូលពោះរបស់នាង បណ្តាលឱ្យចុកឆ្អល់ដួលសន្លប់នៅកន្លែងតែម្តង។ ដោយឃើញបែបនេះ មិត្តភក្តិស្រីៗរបស់នាងក៏ទូរស័ព្ទសុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីឱ្យជួយដល់ពួកនាងតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងអន្តរាគមន៍ខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ រួចចាប់វាយខ្នោះបុរសជាជនជាតិម្នាក់នោះ យកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ស្រាប់តែពេលនាំទៅដល់ប៉ុស្តិ៍បុរសរូបនោះ បែរជាធ្វើពុតជាសន្លប់ ធ្វើឱ្យសមត្ថកិច្ចពិបាកនឹងសួរនាំបំផុត។

ក្រោយពេលកើតហេតុ ដោយសារតែអត់មានដំណោះស្រាយចេញ បុរសជាជនជាតិម្នាក់នោះត្រូវសមត្ថកិច្ចបញ្ជួនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងផងដែរ៕

RELATED ARTICLES