ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះខណ្ឌទួលគោក បានវាយឆ្មក់ចុះបង្ក្រាបករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ភ្នាល់បាល់ និងកន្ទុយលេខ ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងដោយមានការសម្របសម្រួលផ្នែកច្បាប់ពីលោកសឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួម លោកក្រឡាបញ្ជី អោ នី នៃសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងភ្នាល់បាល់ និងកាត់កន្ទុយលេខ ឆ្នោតវៀតណាម នៅចំណុចផ្ទះលេខ៣ ផ្លូវលេខ២៣១ ក្រុម១ ភូមិ២ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ក្នុងនោះមានស្រី៦នាក់ ដោយមានអ្នកស៊ីសងចំនួន៨នាក់, ប្រុស២នាក់ និងអ្នកលេង៤នាក់ និងដកហូតយកវត្ថុតាងពាក់ព័ន្ធនឹងល្បែងមួយចំនួន រួមមានពាក់ព័ន្ធនឹងឆ្នោតកន្ទុយលេខវៀតណាម ក្រដាសកត់ឆ្នោត ២៣សន្លឹក ត្រាចុះ ថ្ងៃខែចំនួន៤ ម៉ាស៊ីនគិតលេខ២ ប្រាក់រៀលចំនួន ១៦៦៩០០០ រៀល ប្រាក់ដុល្លារ ១៥៣ដុល្លារ។
ចំណែកវត្ថុតាងពាក់ព័ន្ធនឹងល្បែងភ្នាល់បាល់ រួមមាន ម៉ូនីទ័រចំនួន១៥ គ្រឿង្ប ឃីបតចំនួន១៣គ្រឿង, ម៉ៅចំនួន១៥ គ្រឿង, ម៉ាស៊ីនព្រីន បុងបាល់ចំនួន០៣គ្រឿង, ម៉ាស៊ីនព្រិនក្រដាស ចំនួន១គ្រឿង, ប្រាក់រៀលចំនួន ៧២៥០០រៀល, ម៉ាស៊ីន DVR ផ្ទុករូបភាព១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី៕