Wednesday, January 22, 2025
Homeព័ត៌មានជាតិជីដូនរអ៊ូរឿងបាត់លុយ ចៅប្រុសស្ទុះដាល់បែកភ្នែក

ជីដូនរអ៊ូរឿងបាត់លុយ ចៅប្រុសស្ទុះដាល់បែកភ្នែក

ខេត្តកំពង់ចាម ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានបាត់លុយអស់ចំនួន៤០ម៉ឺនរៀល ដែលគាត់ខំសន្សំទុកជាយូរមកហើយ ជាហេតុធ្វើឱ្យគាត់ខឹងសម្បាក៏ជេររកមុខអ្នកលួចលុយ ស្រាប់តែចៅប្រុសនៅក្បែរនោះ រើសដាក់ខ្លួន ក៏ផ្ទុះកំហឹងស្ទុះទៅដាល់ជីដូន បណ្តាលឱ្យបែកភ្នែកម្ខាងរងរបួសយ៉ាងធ្ងន់ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។ លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចស្រាវ ជ្រាវឃាត់ខ្លួនជនដៃដល់បាន។

លោកយាយរងគ្រោះខាងលើ មានឈ្មោះជា ធឿន អាយុ៨៧ឆ្នាំ មុខរបរចាស់ជរា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះវន វង អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍រដ្ឋបាលហាន់ជ័យ បានទទួលពាក្យបណ្តឹងពីលោកយាយ ជា ធឿន ដោយបានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកយាយកំពុងនៅលើផ្ទះរបស់ខ្លួន ហើយពេលនោះគាត់បានទៅរើកាតាបរបស់គាត់ដើម្បីមើលលុយដែលបានសន្សំទុកយូរមកហើយ ស្រាប់តែបាត់លុយពីក្នុងកាតាបអស់ចំនួន៤០ម៉ឺនរៀល ឃើញដូច្នេះគាត់ក៏និយាយថា “លោកចោរអើយ ម៉េចបានមកលួចខ្ញុំអស់រលីងចឹង?” ស្រាប់តែភ្លាមនោះ ជនដៃដល់ឈ្មោះវន វង ដែលនៅក្បែរនោះ បានរើសដាក់ខ្លួន ហើយក៏បានជេរប្រមាថមកលើគាត់ រួចហើយបានស្ទុះមកដាល់គាត់ ចំផ្ទៃមុខចំនួន១ដៃ បណ្តាលឱ្យរងរបួសប៉ោងភ្នែកផ្នែកខាងស្តាំចំនួន១កន្លែង របួសធ្ងន់តែម្តង៕

RELATED ARTICLES