ខេត្តសៀមរាប ៖ បុរសម្នាក់ទើបនឹងក្រោកពីដំណេក ក៏ដើរទៅផែមុខផ្ទះ ដើម្បីលុបលាងមុខមាត់ ស្រាប់តែភ្លាមនោះ ក៏ដួលផ្កាប់មុខទាំងកំរោល បណ្តាលឱ្យស្លាប់នៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក។
បុរសរងគ្រោះដែលដួលផ្កាប់មុខស្លាប់ មានឈ្មោះប៊ុត ខ្លឹង អាយុ៣២ឆ្នាំ មុខរបរនេសាទ មានប្រពន្ធឈ្មោះអ៊ាន ចាន់រី អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ប្តីរបស់នាង បានក្រោកពីដំណេក រួចក៏ដើរចេញទៅរកលុបលាងមុខនៅលើផែខាងមុខផ្ទះតាមទម្លាប់។ លុះពេលកំពុងឈរលុបមុខសុខៗ ស្រាប់តែប្តីរបស់នាងបានដួលផ្កាប់មុខទាំងកំរោល ទើបធ្វើឱ្យនាងស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងនាំគ្នាមកជួយលើកប្តីរបស់នាង ធ្វើចលនាសង្គ្រោះបឋម តែអកុសល ប្តីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា សាកសពពុំមានហូរឈាម ក៏ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចស្លាប់ដោយសារដាច់សសៃឈាមខួរក្បាល ឬបញ្ហា គាំងបេៈដូង៕