ខុសពីអ្នកដឹកនាំតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន ដែលគ្រាន់តែហៅតារាៗឡើងច្រៀងរាំ ហើយខាង Sponsor ពេញចិត្ត គឺជាការស្រេចនោះ ប៉ុន្ដែសម្រាប់លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីជាន់ខ្ពស់ម្នាក់ដែលមានបទពិសោធន៍យ៉ាងជោគជាំនោះ បានប្រកាន់ជំហរថា លោកនៅតែរក្សាការធ្វើកម្មវិធីឲ្យចំទៅតាមកម្មវិធីបុណ្យថ្នាក់ជាតិធំៗជានិច្ច ដើម្បីឲ្យមហាជនស្គាល់ពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរ ពិសេសគឺបណ្ដុះបណ្ដាលកុមារតូចៗឲ្យមានមនសិកាស្វែងងយល់ពីប្រពៃណីជាតិរបស់ខ្លួនផងដែរ។ ការផលិតកម្មវិធីតម្រូវតាមពិធីបុណ្យថ្នាក់ជាតិធំៗនោះ មិនមែនជាការងាយស្រួលឡើយ ព្រោះពេលខ្លះតម្រូវឲ្យមានការជជែកគ្នាយ៉ាងស្វិតស្វាញជាមួយម្ចាស់ Sponsor តែយ៉ាងណា លោកខេវិន នៅតែមានះលើការធ្វើកម្មវិធីទាំងនោះ រួមមានដូចជា កម្មវិធីបុណ្យចូលឆ្នាំខ្មែរ, បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ជាដើម។
ដោយឡែក សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោកគួច ខេវិន បានហៅតារាល្បីៗជាច្រើនដួងមកច្រៀងបទប្រពៃណីខ្មែរ ហើយតារាសស្រីៗស្លៀកឈុតហូល ផាមួង អាវប៉ាក់ ទៀតផង ដើម្បីឲ្យស័ក្តិសមនឹងកម្មវិធីបុណ្យប្រពៃណីជាតិនេះ និងជាការបង្ហាញឲ្យយុវវ័យបានដឹងថា ទោះជាសម័យជឿនលឿនយ៉ាងណា ក៏មិនត្រូវភ្លេចប្រពៃណីជាតិរបស់ខ្លួនដែរ។
លោកគួច ខេវិន បានឲ្យដឹងថា “បុណ្យខ្មែរចំនួន៣ ដែលខ្មែរមិនអាចចៀសវាងបាន រួមមាន បុណ្យភ្ជុំបិណ្ឌ, បុណ្យអុំទូក និងបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រដូវកាលនេះ ទាំងនៅតាមស្រុកតាមស្រែ ឬនៅ Aeon Mall គឺគេស្ដាប់បទប្រពៃណី ហើយនិយាយការពិតទៅ ផលិតកម្មវិធីបែបនេះ គឺអស់លុយច្រើន ហើយមានផលវិបាកទៀត ត្រូវស្រាវជ្រាវរកតួ និងបទចម្រៀងឲ្យស៊ីទៅតាមរដូវកាលបុណ្យទានទៀតផង។ ប៉ុន្ដែយើងត្រូវតែធ្វើដើម្បីឲ្យមហាជនបានទស្សនា និងបណ្ដុះមនសិកាប្អូនតូចៗឲ្យពួកគេបានស្វែងយល់ពីវប្បធម៌និងបុណ្យជាតិរបស់ខ្លួន ហើយក្រៅពីកម្មវិធីខាងលើនេះ ខ្ញុំក៏ធ្លាប់រៀបចំផលិតកម្មវិធីថ្នាក់ជាតិជាច្រើនទៀត ឲ្យចំទៅតាមពេលវេលាផងដែរ ដូចជា កម្មវិធីចំរើនព្រះជន្មព្រះមហាក្សត្រ និងកាកបាទក្រហម ជាដើម”។
សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោកគួច ខេវិន បានហៅតារាល្បីៗច្រៀងបទប្រពៃណីខ្មែរ ក្នុងកម្មវិធី ”Anchor Fun Zone” របស់ទូរទស្សន៍ PNN មានដូចជា អ្នកនាងហ៊ឹម ស៊ីវន , ខាត់ សុឃីម , មាស សុខសោភា , ចេន សាយចៃ , ខេម , គង់ សុទា្ធរិទ្ធិ ជាដើម ដែលធ្វើឲ្យអ្នកទស្សនាបានជក់ចិត្តជាមួយតារាចម្រៀងដែលម្នាក់ៗអាចច្រៀងបានគ្រប់ទំរង់។
លោកគួច ខេវិន បន្ថែមថា “លោកសប្បាយចិត្តដែលពេលនេះកម្មវិធីប្រគំតន្ដ្រី “Anchor Fun Zone” ទទួលបានការគាំទ្រច្រើន ហើយមាន Rating ខ្ពស់ ដោយសារតែកម្មវិធីនេះមានតារាល្បីៗលំដាប់ប្រទេសជាច្រើនបានចូលរួមច្រៀងជាបន្ដបន្ទាប់ ហើយបើទោះជាពេលខ្លះ យើងមានការសម្ដែងបែបបុរាណខ្លះមែន តែបុរាណបែបសម័យទំនើប ព្រមទាំងមានការអប់រំផងដែរ”៕