Friday, March 29, 2024
Homeព័ត៌មានជាតិគណបក្ស​ហ៊្វុន​ស៊ិន​បិុច បំភ្លឺ​ការ​ចោទ​ចែក អំណាច​ឆ្នាំ​១៩៩៣ ធ្វើឱ្យ​រាស្ត្រ​រង​ទុក្ខ

គណបក្ស​ហ៊្វុន​ស៊ិន​បិុច បំភ្លឺ​ការ​ចោទ​ចែក អំណាច​ឆ្នាំ​១៩៩៣ ធ្វើឱ្យ​រាស្ត្រ​រង​ទុក្ខ

ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញ សេចក្តីបកស្រាយបំភ្លឺជុំវិញការលើកឡើងថា ដោយសារតែបែងចែកអំណាចរបស់គណបក្ស រាជានិយមនេះ នាឆ្នាំ១៩៩៣ ទើបប្រជារាស្ត្រ រងទុក្ខវេទនា។

សេចក្តីបកស្រាយបំភ្លឺរបស់គណបក្សហ៊្វុនស៊ិនបិច ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ បាន បញ្ជាក់ថាគណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើ សេចក្តីបកស្រាយបំភ្លឺជុំវិញការលើកឡើងថា ប្រជារាស្ត្ររងទុក្ខលំបាកវេទនា គឺដោយសារ ការបែងចែកអំណាចរបស់គណបក្សហ៊្វុនស៊ិនប៉ិច នាឆ្នាំ១៩៩៣។

គណបក្សហ៊្វុនស៊ិនប៉ិច សូមរំលឹកជម្រាប ជូនបងប្អូនជនរួមជាតិបានជ្រាបអំពីព្រឹត្តិការណ៍ និងគ្រោះថ្នាក់បំផុតរបស់ប្រទេសជាតិ ក្រោយ ពីការប្រកាសលទ្ធផលបោះឆ្នោត ឆ្នាំ១៩៩៣ ដែលគណបក្សហ៊្វុនស៊ិនបិច ទទួលបានជោគជ័យ។ ពេលនោះស្ថានការណ៍នយោបាយនៅ ក្នុងព្រះរាជាណចក្រកម្ពុជាទាំងមូល មានសភាព តានតឹង ប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង អាចឈាន ទៅសដល់ការបង្កសង្គ្រាមបង្ហូរឈាមខ្មែរនិង ខ្មែរសាជាថ្មី និងការបង្កើតឡើងនូវតំបន់អបគមន៍ បែងចែកទឹកដីខាងកើតទន្លេមេគង្គ។

ដោយមើលឃើញនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ របស់ប្រជារាស្ត្រនិងប្រទេសជាតិ នាពេលនោះ  សម្តេចឪ ព្រះមហាវីរក្សកត្រ ព្រះបរមរតនកោដ្ឋ ព្រះបានស្នើឱ្យគណបក្សហ៊្វុនស៊ិនបិច ជាពិសេស សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងឋានៈ ជាព្រះប្រធាន ដើម្បីធ្វើការបែងចែកអំណាច ឱ្យទៅគណបក្សដែលចាញ់ឆ្នោត ក្នុងន័យធ្វើការ បង្រួបបង្រួម ផ្សះផ្សាជាតិ បញ្ចៀសនូវសង្គ្រាម បង្ហូរឈាមខ្មែរនិងខ្មែរ និងកុំឱ្យមានការបង្កើត តំបន់អបគមន៍បែងចែកទឹកដី ។

គណបក្សហ៊្វុនស៊ិនប៉ិច ជាពិសេស សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយមនសិការ ស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាធំ ព្រះអង្គសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និង គណបក្ស ហើយដង្ហែតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា នៃអង្គសម្តេចឪ ព្រះបរមរតនកោដ្ឋ នៃយើង យល់ព្រមធ្វើការបែងចែកអំណាចឱ្យទៅគណបក្សដែលចាញ់ឆ្នោត។

តាមរយៈនៃការបែងចែកអំណាច និង ការលះបង់ដ៏ធំធេងរបស់គណបក្សហ៊្វុនស៊ិនប៉ិច នេះហើយ បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព បញ្ចៀសសង្គ្រាមខ្មែរនិង ខ្មែរ ការបង្កើតតំបន់អបគមន៍បែងចែកទឹកដី ជាពិសេស បាននាំនូវសមិទ្ធផលដ៏ធំធេង មិន អាចកាត់ថ្លៃបានជាប្រវត្តិសាស្ត្រ ជូនដល់ប្រទេស ជាតិ និងប្រជារាស្ត្រខ្មែរ គឺការវិលមកវិញនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនញ្ញ ភ្លេងជាតិ ទង់ជាតិ បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ របបទីផ្សារសេរី សិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ទាំងក្នុងនិងក្រៅប្រទេសសិទ្ធិ សេរីភាពក្នុងការ បញ្ចោញមតិ និងជំនឿសាសនានានាជាដើម។

ដូច្នេះការលើកឡើងថា ប្រជារាស្ត្ររងទុក្ខវេទនា ដោយសារការបែងចែកអំណាចនៅ ឆ្នាំ១៩៩៣នោះ គឺជាការលើកឡើងដោយខុសស្រឡះពីការពិត។ ផ្ទុយទៅវិញ សុខសន្តិភាព និងសមិទ្ធផលសង្គមជាតិទាំងឡាយដែលមាន នាពេលបច្ចុប្បន្ននេះ គឺជាកេរមរតកដ៏ថ្លៃថ្លាមិន អាចកាត់ថ្លៃបានអំពីការលះបង់ដ៏ធំធេងរបស់ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលបានធ្វើ ការបែងចែកអំណាច និងបង្រួបបង្រួម ផ្សះផ្សាជាតិ នាឆ្នាំ១៩៩៣

ដោយ ៖ កុលបុត្រ

RELATED ARTICLES