ខេត្តព្រៃវែង៖ ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ាង គឹមហុង អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង។ ចំណែកស្ត្រីរងគ្រោះដែលត្រូវឃាតករវាយសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះតិត នឿន ហៅណូក អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មទៅលើស្ត្រីរងគ្រោះឈ្មោះតិត នឿន ហៅណូក រួចមកសមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជាវដល់ទីតាំងកើតហេតុភ្លាមៗ ប៉ុន្តែជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ យ៉ាងណា សមត្ថកិច្ចក៏បន្ត ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈដែលបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយ បានកើតឡើង នៅចំណុចភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ដោយស្ត្រីវ័យចំណាស់ម្នាក់ បានជួបជុំផឹកស៊ីជាមួយមនុស្ស៤នាក់ទៀត យ៉ាងសប្បាយក្អាកក្អាយពេញ១យប់ លុះព្រឹកឡើងស្រាប់តែត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅលើគ្រែក្រោមផ្ទះរបស់ខ្លួន ដោយមានស្នាមរបួសជាច្រើនកន្លែង៕