ខេត្តព្រះវិហារ៖ ក្រុមប្រជាពលរដ្ឋទាំង៤គ្រួសារ ដែលអះអាងថា ត្រូវទទួលរងអំពើអយុត្តិធម៌ ដោយការរំលោភបំពានយកដីនោះ មានតំណាងម្នាក់ឈ្មោះផាន់ វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១១០៥០៨២៤៨ មានលំនៅភូមិតាកោ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត។
ចំណែកភាគីទទួលរងការចោទប្រកាន់ មានឈ្មោះហួត ឈាងអន ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីយោធាពាក់ផ្កាយ៣ បម្រើការនៅអង្គភាព ង៧០ មានលំនៅផ្ទះលេខ៣៦ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋដែលបានដាក់ចូលសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក មានបទល្មើសរំលោភកាន់កាប់អចរលនវត្ថុរបស់អ្នកដទៃដោយហិង្សា ប្រព្រឹត្តនៅភូមិត្រពាំងទន្ទឹងម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បង្កឡើងដោយឈ្មោះហួត ឈាងអន ភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ជាទាហានអង្គរក្ស មានអាវុធក្នុងដៃប្រហែលចំនួនជាង១០នាក់ បានបាញ់គំរាមដុតរោងចាំដី និងបាញ់កម្ទេចម៉ាស៊ីនបូមដីជាច្រើនគ្រឿង រួចបណ្តេញខ្ញុំបាទឈ្មោះ ផាន់ វុទ្ធី និងបងប្អូនដែលជាម្ចាស់កម្មសិទ្ធករនៃដី ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៖ ១៣០៥១១០១-០៤៣៦ និងមួយប្លង់ទៀត មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៖ ១៣០៥១១០១-០៤៣៧ ឱ្យចាកចេញពីលើដីនោះ ហើយគំរាមថា បើមិនចេញទេ នឹងបាញ់សម្លាប់ចោល នៅក្រោយពេលដែលឈ្មោះហួត ឈាងអន បានបណ្តេញខ្ញុំបាទចេញពីលើដីនោះ ហើយបានធ្វើអាជីវកម្មរ៉ែមាស លើដីនោះ រហូតមកដល់បច្ចុប្បន្ន៕