Wednesday, January 22, 2025
Homeព័ត៌មានជាតិអាជ្ញាធរចុះបិទទីតាំងធ្វើមាន់ គ្មានអនាម័យ ជះក្លិនស្អុយ

អាជ្ញាធរចុះបិទទីតាំងធ្វើមាន់ គ្មានអនាម័យ ជះក្លិនស្អុយ

ភ្នំពេញ៖ ទីតាំងអាជីវកម្មលក់ និងធ្វើមាន់មួយកន្លែង ដែលមិនគិតដល់អនាម័យ គ្មានបច្ចេកទេស និងតែងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូចជាជះភាយក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជិតខាង ក៏ដូចជាអ្នកដំណើរតាមផ្លូវ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សម្រេចចុះបិទទីតាំង បញ្ឈប់អាជីវកម្មកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់មាន់ តាមបណ្តោយផ្លូវ បេតុងលេខ 26BT ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ម្ចាស់ទីតាំងអាជីវកម្មលក់មាន់ ដែលត្រូវអាជ្ញាធរសម្រេចចុះបិទខាងលើនេះ មានឈ្មោះឡុង សុវណ្ណរិទ្ធី និងប្រពន្ធឈ្មោះប្រាក់ ស្រីមុំ។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលបានដឹកនាំក្រុមជំនាញការិយាល័យ និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធ ចុះបញ្ឈប់ការធ្វើអាជីវកម្មលក់មាន់ខាងលើ ដែលបានបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅជិតខាង។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានបញ្ជាក់ប្រាប់ម្ចាស់អាជីវកម្មលក់មាន់ខាងលើថា ការសម្រេចចុះបិទអាជីវកម្មនេះ គឺដោយផ្អែកលើទីតាំងអាជីវកម្មលក់មាន់នេះ បានបង្កផលប៉ះពាល់បរិស្ថានខ្លាំង ដូចជាគ្មានអនាម័យ គ្មានបច្ចេកទេស មានក្លិនស្អុយ និងប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋរស់នៅជិតខាង ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ៕

RELATED ARTICLES