ខេត្តពោធិ៍សាត់៖ ជនសង្ស័យដែលបង្កហិង្សា និងគំរាមម្តាយក្មេក រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជឿង ភឿក ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះមាឃ សាម៉ន អាយុ៥៦ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ និងត្រូវជាអតីតម្តាយ ក្មេករបស់ជនសង្ស័យខាងលើ។
តាមប្រភពពីកិន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ដោយសារតែរួមរស់មិនចុះសម្រុងនឹងគ្នា ទើបស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះបានសម្រេចដាក់ពាក្យប្តឹងលែងលះប្តីឈ្មោះជឿង ភឿក រហូតសំណុំរឿងបានឡើងដល់ដៃតុលាការ និងត្រូវបានតុលាការចេញសាលក្រមលែងលះគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ទៀតផង។
ប្រភពដដែលបន្តថា ក្រោយមក ទំនងជាមិនដាច់អាល័យពីប្រពន្ធ ទើបជនសង្ស័យឈ្មោះជឿង ភឿក ចេះតែតាមរករឿងប្រពន្ធមិនឈប់ និងព្យាយាមអង្វរលួងលោមសុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែត្រូវស្ត្រីជាប្រពន្ធប្រកាន់ជំហរដាច់ខាត មិនអាចជានាគ្នាវិញបានឡើយ និងចេះតែព្យាយាមគេចមុខពីជនសង្ស័យ ព្រោះតែធុញទ្រាន់នឹងការតាមរំខានខ្លាំងពេក។
ប្រភពខាងលើ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យក៏បានតាមមករកជួបមុខអតីត ប្រពន្ធរបស់ខ្លួនសារជាថ្មី លុះមកដល់ឃើញជាប់សោរបង ជនសង្ស័យក៏ធ្វើសកម្មភាពកាត់សោរបង បន្ទាប់មកក៏ចូលទៅទម្លុះជញ្ជាំងស័ង្កសី ផ្ទះរបស់ស្ត្រីរងគ្រោះជាម្តាយក្មេក រួចបានគំរាមអតីតម្តាយក្មេកទៀតផង ដោយចោទប្រកាន់ថា ម្តាយក្មេកបានលាក់បាំងប្រពន្ធរបស់ខ្លួន៕