ម៉ៅ ហាជី ដែលកំពុងតែស្ងប់ស្ងាត់នៅថោន ព្រោះផលិតកម្មនេះលើកតែសុគន្ធ ថេរ៉ាយុ ជាងនោះ ស្រាប់តែជួបយីអ៊ុនដាក់អាក្សជាន់ថែមទៀត ព្រោះថ្មីៗនេះ បទចម្រៀងរបស់គេដែលមានចំណងជើងថា “ភ្ជុំបិណ្ឌនឹកស្រុក” ដែលចេញបានជិត២ឆ្នាំទៅហើយនោះ ស្រាប់តែត្រូវឯកឧត្តម អ៊ឹត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរលិខិតទៅឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” របស់តារាចម្រៀងផលិតកម្មថោន លោកម៉ៅ ហាជី ក្រោមហេតុផលថា បទ “ភ្ជុំបិណ្ឌនឹកស្រុក” មានឃ្លាមួយ ច្រៀងថា “កម្មករនិយោកជិតមិនទាន់បើកប្រាក់ ខែក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឱ្យកម្មករ និយោជិត មិនបានទៅលេងស្រុកកំណើត លេងពុកម៉ែ បានត្រឹមតែស្រក់ទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែពុក បន្ទាប់ពីភ្ជុំបិណ្ឌ រួចហើយ បានអាចទៅលេងស្រុកកំណើតបាន”។ ត្រង់អត្ថន័យនេះហើយ បានជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យល់ថា ខុសឆ្គងដោយផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងលើកម្មករនិយោជិត។
តាមរយៈបណ្តាញសង្គមថ្មីៗនេះ តារាចម្រៀងម៉ៅ ហាជី បានសម្តែងការងឿងឆ្ងល់ចំពោះការបិទបទចម្រៀងរបស់ខ្លួន ដែលចេញតាំងពីឆ្នាំ២០១៦នោះ តែអតីតបេក្ខភាព Cambodian Idol រដូវកាលទី១នេះ មិនបានតវ៉ាចំពោះចំណាត់ការរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។
ដោយឡែក លោកងួន សុបិន ដែលជាអ្នកនិពន្ធបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” ហើយធ្លាប់មានបញ្ហានិពន្ធបទ “ស៊ីបានចេះតែស៊ីទៅ” របស់តារាចម្រៀងកែវ វាសនា នោះ បានថ្លែងថា “បទនេះគ្រាន់តែបង្ហាញរឿងរ៉ាវខ្លះ ដែលអាចមានរោងចក្រខ្លះ អាចមិនបើកប្រាក់ខែទាន់ឱ្យកម្មករ ទៅលេងស្រុករដូវភ្ជុំបិណ្ឌ។ បទនេះចេញយូរហើយ បើចង់បិទ ម្តេចមិនបិទតាំងពីចេញភ្លាមៗ។ គាត់អាចគិតតែមួយជ្រុង ខ្ញុំកំពុងតែឆ្ងល់ថា គាត់សុំបិទរឿងអី?”៕