Monday, November 18, 2024
Homeតារាខ្មែរប៉ាច គីមមួយ ប្រជែងម៉ូដសក់ទេព បូព្រឹក្ស

ប៉ាច គីមមួយ ប្រជែងម៉ូដសក់ទេព បូព្រឹក្ស

តារាចម្រៀង និងសម្តែង នាងប៉ាច គីមមួយ ដែលល្បីដោយសារតែបានសម្តែងបទល្បីរបស់ លោកព្រាប សុវត្ថិ “មាន់ស្រែ បន្លែស្រស់” ហើយត្រូវបានព្រាប សុវត្ថិ ឱបថើបឡើងចង់សឹកថ្ពាល់នោះ ស្រាប់តែពេលនេះ តារាចង្កេះតូចតន់មួយក្តាប់នេះ ងាកមកលេងម៉ូដសក់ទង់ដែង ច្រឡំគ្នាទៅនឹងនាងទេព បូព្រឹក្ស ដែរ។

ការលេងម៉ូដសក់ថ្មីដើម្បីយកហុងស៊ុយរបស់ស្រីស្អាត នាងប៉ាច គីមមួយ នៅពេលនេះ គឺស្របពេលដែលថ្មីៗនេះ តារាតូចច្រឡឹងនេះ ទើបទទួលបានតំណែងជាតួរងក្នុងភាពយន្តថ្មី របស់ហង្សមាស រឿង “ខ្ញុំមានញាណលើស” បន្ទាប់ពីគីមមួយ លេចធ្លោតគួរសមរឿង “បិសាចគួរឱ្យស្រលាញ់”។ ប៉ុន្តែយ៉ាងណា តាំងពីឈានចូលប្រឡូកក្នុងវិស័យភាពយន្តមក នាងគីមមួយ មិនដែលស្គាល់ជាតិតួឯកម្តងណាឡើយ ហើយអ្នកចម្រៀងដែលស្ពាយបង្វេចមកពីខេត្តបាត់ដំបង រូបនេះ អះអាងថា នាងមិនមានការតូចចិត្តជាមួយហង្សមាស នោះទេ គឺទោះជាឱ្យលេងតួអីក៏បាន ឱ្យតែផលិតកម្មតម្រូវ។

ប៉ាច គីមមួយ ធ្លាប់ចែកផ្លូវគ្នាជាមួយតារាចម្រៀងម្នាក់ កាលពីឆ្នាំមុន ហើយពេលនេះនាងក្លាយជាតារាចម្រៀងស្រីស្អាតម្នាក់ របស់ហង្សមាស ជាមួយតម្លៃខ្លួនច្រៀងតាមកម្មវិធីធំៗ ស៊ីថ្លៃចាប់ពី១ពាន់ដុល្លារឡើងទៅ។

តារាកូនកាត់ចិន នាងគីមមួយ អាចច្រៀងបានទាំងភាសាខ្មែរ, អង់គ្លេស និងចិន ផងដែរ ហើយពេលនេះ នាងបាននាំយកផលិតផលគ្រឿងសម្អាងពីប្រទេសកូរ៉េ មកលក់នៅស្រុកខ្មែរ ផងដែរ បន្ទាប់ពីបានទិញផ្ទះមួយល្វែងតម្លៃជិត១០ម៉ឺនដុល្លារ ដោយបង់រំលស់ក្នុង១ខែៗ ជាង៥០០ដុល្លារ នៅម្តុំចំការដូង។

ស្រីស្អាតគីមមួយ អះអាងថា នាងគ្មានប្រុសណាជួយឧបត្ថម្ភបង់រំលស់ផ្ទះល្វែងនោះឡើយ តែនាងបែរជាអ្នកទទួលបន្ទុកគ្រួសារ ត្រូវចិញ្ចឹមប្អូនៗ ដល់ទៅ៣ទៅ៤នាក់ សម្រាប់ផ្គត់ផ្គងការរៀនសូត្រទៀតផង។

ក្រៅពីប៉ាច គីមមួយ និងទេព បូព្រឹក្ស តារាចម្រៀងនៅហង្សមាស ដែលលេងពណ៌ម៉ូដសក់ចម្លែកៗនោះ មានដូចជា នាងកែ សុបញ្ញា, វី ឌីណែត និងឈីន រតនៈ ជាដើម៕

RELATED ARTICLES