Monday, November 18, 2024
Homeតារាខ្មែរពេជ្រ សូលីកា សង្សារចាស់មិនហ៊ានចូលក្បែរ

ពេជ្រ សូលីកា សង្សារចាស់មិនហ៊ានចូលក្បែរ

ពេជ្រ សូលីកា បានចូលជ្រកកោននៅក្រោមដំបូលផលិតកម្មរស្មីហង្សមាស ជាលើកទី២ បន្ទាប់ពីត្រូវហង្សមាស បញ្ឈប់នាងកណ្តាលទី កាលពីឆ្នាំ២០១០ម្តងទៅហើយ ខណៈដែលបទចម្រៀងថតសម្តែងជាមួយលោកឆន សុវណ្ណរាជ ១វ៉ុលសុទ្ធ (Solo Album) មិនត្រូវបានផលិតកម្មនេះបញ្ចោញឡើយ រយៈពេលជាង៧ឆ្នាំមកនេះ។

យ៉ាងណា ការឈានជើងមកជាន់ហង្សមាស សាជាថ្មីរបស់ពេជ្រ សូលីកា នាពេលនេះ នាងមិនទាន់ត្រូវបានហង្សមាស ប្រគល់ឱ្យថតបទចម្រៀងឡើងវិញនោះទេ ដោយរុញស្រីស្អាតនេះទៅថតភាពយន្តជាមួយតារាចម្រៀងនីកូ តាមរយៈរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ដែលស្រីក្មេងរូបនេះប៉ះជាមួយរៀមច្បងសិល្បៈ អ្នកស្រីឌី សាវ៉េត និងខាត់ សុឃីម ទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅពេលនេះដែរ បើទោះជាសូលីកា នៅតែមានរូបសម្រស់ស្អាតដូចមុនក៏ដោយ ប៉ុន្តែសង្សារចាស់របស់នាង ដែលជាបុរសម្នាក់មានឥទ្ធិពលនៅហង្សមាស ហើយមានកូនចៅរាប់រយនាក់ក្រោមឱវាទនោះ បុរសដែលទើបភ្ជាប់ពាក្យជាមួយតារាចម្រៀងល្បីម្នាក់ កាលពីជាង២ខែមុននោះ មិនបានអើពើចំពោះនាងសូលីកា ទៀតឡើយ។

អ្នកសិល្បៈជាច្រើនដែលស្និទ្ធស្នាលជាមួយនាងសូលីកា បានឱ្យដឹងថា ស្រីស្អាតរូបនេះមានជំនឿចិត្តយ៉ាងមុតមាំថា នាងនឹងអាចស្តារមុខមាត់នៅហង្សមាស បានជាថ្មីឡើងវិញ នៅពេលដែលភាពយន្តរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ត្រូវបានដាក់បញ្ចាំងនាពេលខាងមុខនេះ តែចំពោះថា ពេលណាហង្សមាស នឹងឱ្យនាងចេញចម្រៀងឡើងវិញនោះ គេមិនទាន់ដឹងច្បាស់ឡើយ ព្រោះថាពេលនេះ ហង្សមាស មានតារាជាច្រើន ដែលខ្លួនត្រូវការទៅហើយ។

ពេជ្រ សូលីកា ជាមិត្តភក្តិដ៏ជិតដិតបំផុតជាមួយនាងទេព បូព្រឹក្ស ហៅស្រីនិច្ច ហើយពេលដែលនាងចាប់ដៃគូជាមួយនីកូ នោះ ទីផ្សារតារាយុវវ័យ១គូនេះ អាចនឹងត្រូវបានគេចាប់អារម្មណ៍ឡើងវិញ ខណៈដែលបូព្រឹក្ស បាត់បង់ដៃគូចម្រៀងងួន ចាន់ដេវីត។

អ្នកជំនាញសិល្បៈបានលើកឡើងថា ពេជ្រ សូលីកា មិនមានចំណុចក្រោមនាងទេព បូព្រឹក្ស ឡើយ ប្រសិនបើហង្សមាស ចង់លើកស្ទួយនាងសាជាថ្មីវិញនោះ ព្រោះទាំងរូបសម្រស់ ទឹកដមសំឡេង ការសម្តែង ជាដើម សូលីកា ធ្វើល្អជាងនាងបូព្រឹក្ស ហេតុនេះហើយបានជាមហាជនគិតថា តារាទាំង២ អាចនឹងមានការប្រជែងទីផ្សារគ្នាខ្លាំងជាមិនខាន ប្រសិនបើសូលីកា ដែលគេល្បីថា មានគូស្នេហ៍មន្ត្រីធំផ្កាយ២ នៅក្រោយខ្នងនោះ ត្រូវបានថៅកែហង្សមាស លើកម្តងទៀត៕

RELATED ARTICLES