សុខ សោម៉ាវត្តី បានលេចមុខមកវិញជាមួយការឆក់បានតំណែងតួឯករឿង “កែវវេទមន្ត” ប៉ះជាមួយតួឯកវ័យក្មេង ប្រុសសង្ហាវី យ៉ារ៉ូ ពិធីករប៉ុស្តិ៍ MyTV។ សុខ សោម៉ាវត្តី ដែលហាក់មានព្រលឹងជាងមុនបន្តិចនោះ បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធរឿង “កែវវេទមន្ត” របស់ផលិតកម្ម Rock នេះ នៅរោងកុន Prime Cineplex ផ្សារទំនើបសុវណ្ណា កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដោយមានផលិតករ, តារាសម្តែង និងអ្នកសារព័ត៌មាន បានចូលរួមយ៉ាងច្រើនកុះករ។
អ្វីដែលចម្លែកនោះ គឺក្នុងរឿងនេះ សុខ សោម៉ាវត្តី ស្រាប់តែកាចជាងរឿងមុនៗ ដោយនាងថែមទាំងចាប់រំលោភប្រុសក្មេងយ៉ារ៉ូ ឡើងស្លេកស្លាំង រហូតដល់ពិធីកររូបនេះ ឃើញវត្តី ហាក់ចង់បាក់ស្បាតទៀតផង ព្រោះខ្លាចវត្តី ចាប់រំលោភថែមទៀត។
សុខ សោម៉ាវត្តី បាននិយាយលាយឡំសំណើចថា ក្នុងមួយរឿងនេះ នាងធ្វើឱ្យប្រុសស្អាតបាក់ស្បាតគ្រប់គ្នាមែន ព្រោះថា គិតតែពីរំលោភយកៗតែម្តង មិនចាំបាច់គិតច្រើននោះទេ។
សោម៉ាវត្តី អះអាងថា “មុនដំបូង ខ្ញុំចង់ញ៉ាកដែរ ព្រោះថា អ្នកដឹកនាំរឿងតម្រូវឱ្យខ្ញុំហ្នឹងចាប់រំលោភតួឯកប្រុស លោកយ៉ារ៉ូ ហើយខ្ញុំសួរក្រុមការងារថា ម៉េចឱ្យខ្ញុំលេងចាប់រំលោភប្រុសអ៊ីចឹង ដូចជាមិនសមទេអីបង? ភ្លាមនោះ អ្នកដឹកនាំស្រាប់តែប្រាប់ខ្ញុំថា បើអូនឯងលេងរឿងហ្នឹងបានវិញ ដឹងតែល្បីហើយ ព្រោះនៅលើលោកនេះ មានតែអូនឯងមួយ ដែលចាប់រំលោភប្រុសសាហាវជាងគេបំផុត។ ដោយគិតថា ជាតួសម្តែងត្រូវលេងឱ្យបានគ្រប់រសជាតិ ទើបខ្ញុំព្រមលេងរឿងនេះ ហើយមានអីគិតតែពីចាប់រំលោភយក រហូតធ្វើឱ្យយ៉ារូ រើខ្លួនមិនរួច (សើច)”។
ដោយឡែក ប្រុសក្មេងវី យ៉ារ៉ូ ដែលត្រូវសុខ សោម៉ាវត្តី រំលោភមួយអស់ដៃរហូតឡើងស្លេកៗ ក្រោយថតចប់រឿង “កែវវេទមន្ត” នោះ ថ្លែងថា “អាតី សាហាវមែន លេងរឿងនេះដូចអត់ពីអង្កាល់អ៊ីចឹង។ ចាប់រំលោភខ្ញុំរកតែឯង រើខ្លួនទៅណាក៏មិនរួចដែរ ហើយខ្ញុំអាណិតតែអ្នកដឹកនាំក្រុមការងារទេ ពេលឃើញវត្តី ចាប់រំលោភខ្ញុំអ៊ីចឹង មានអីពួកគាត់បែកញើសប៉ុនៗគ្រាប់ពោតទៅហើយ។ អត់អីទេ! អាតី រំលោភបងទៀតចុះ បានថតរឿងអ៊ីចឹងៗ ខ្ញុំចេះតែទ្រាំៗហើយ (សើច)”។
ក្រៅពីសុខ សុខសោម៉ាវត្តី និងលោកវី យ៉ារ៉ូ ជាតួឯកនោះ រឿង “កែវវេទមន្ត” មានតារាល្បីៗជាច្រើនដួងទៀត ចូលរួមសម្តែង ដូចជាកញ្ញា ស៊ឹម ស្រីនិច្ច និងលោកទឹម វ៉ាយុ ជាដើម។
ដោយឡែកសម្រាប់សុខ សោម៉ាវត្តី វិញ រឿង “កែវវេទមន្ត” ជាការគ្រប់គ្រងតំណែងតួឯកលើកទី៣ របស់ខ្លួននៅផលិតកម្ម Rock បន្ទាប់ពីរឿង “សិស្សប្អូនសំណព្វចិត្ត” និងរឿង “ខូចចិត្តអាជីព”។
លោកយឹម សុសត្យា ហៅលីម៉េង ជាប្រធានគ្រប់គ្រងកម្មវិធីរបស់ផលិតកម្ម Rock និងជំនួយការលោកឧកញ៉ាគិត ធាង បានឱ្យដឹងថា “រឿង “កែវវេទមន្ត” នេះ ឆ្លុះបញ្ចាំងពីជីវិតតស៊ូ ដែលពួកគេធ្វើការនៅហាងកាហ្វេមួយ ហើយបានជួបស្នេហ៍ពិត។ រឿងនេះបែបរ៉ូមែនទិក កំប្លែង ហើយកែវកាហ្វេនោះ ជាកែវវេទមន្ត។ នេះជារឿងខ្មែរទី១៥ ឬ១៦ហើយ ដែលផលិតកម្ម Rock បានផលិតឡើង ហើយសម្រាប់រឿងនេះ យើងចំណាយទឹកប្រាក់អស់ប្រមាណ៦ម៉ឺនដុល្លារ ដូចរឿងមុនៗរបស់ Rock ដែរ។ រឿងនេះនឹងចាប់ដាក់បញ្ចាំង ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះតទៅ នៅគ្រប់រោងភាពយន្តទំទើបៗ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ផលិតកម្ម Rock នឹងបន្តផលិតរឿងខ្មែរ ឱ្យបានច្រើន តាមគោលការណ៍របស់ខ្លួនតទៅទៀត នៅឆ្នាំបន្ទាប់ ហើយនៅឆ្នាំ២០១៩ នេះ យើងនឹងផលិតឱ្យបានយ៉ាងហោចណាស់ពី៥ទៅ៦រឿងថែមទៀតផងដែរ”។
កម្មវិធីសម្ពោធរឿង “កែវវេទមន្ត” នេះ កាន់តែមានភាពរីករាយនៅពេលដែលមានតារាចូលរួមលេងហ្គេមថើបមាត់គ្នា ព្រមទាំងមានការចែកស្រោមអនាម័យអូកាម៉ូតុ ដល់តារាសម្តែងទាំងស្រីទាំងប្រុសទៀតផង៕