Monday, November 18, 2024
Homeតារាខ្មែរងួន ចាន់ដេវីត ថោន រង់ចាំផ្លូវ!

ងួន ចាន់ដេវីត ថោន រង់ចាំផ្លូវ!

ម្ចាស់បទ “រាំញីកែងជើង” ងួន ចាន់ដេវីត ហៅ G-Devith ដែលបានហើរចេញពីផលិតកម្មហង្សមាសនោះ ពេលនេះរូបគេបានអះអាងថា នឹងមិនទៅចូលរួមជាមួយផលិតកម្មណាទាំងអស់ គឺសុខចិត្តធ្វើជាតារាចម្រៀងច្រៀងឯករាជ្យ ដោយធ្វើបទចម្រៀងខ្លួនឯង នឹងចេញចម្រៀងតាម Page និងតាម Youtube វិញ។

ទោះជាយ៉ាងណា តាមដំណឹងដែលអ្នកដឹកនាំសម្តែងផលិតកម្មថោន ម្នាក់ បានបង្ហើបប្រាប់ឱ្យដឹងថា ផលិតកម្មធំទី២ បន្ទាប់ពីហង្សមាស នេះ រង់ចាំស្វាគមន៍ងួន ចាន់ដេវីត គ្រប់ពេលវេលាទាំងអស់ ប្រសិនណាតារាចម្រៀងរូបនេះ ប្តូរចិត្តមិនចង់ច្រៀង ដោយអត់ផលិតកម្ម ហើយចង់ចូលជ្រកនៅផលិតកម្មរបស់ខ្លួននោះ ព្រោះថា ដេវីដ ល្បីស្រាប់ និងអាចមានសមត្ថភាព អាចធ្វើបទភ្លេង និងចម្រៀងដោយខ្លួនឯងបាន ហេតុនេះហើយ ថោន ត្រូវការតារាបែបនេះ ទៅពង្រឹងផលិតកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីមានគីឡូប្រហាក់ប្រហែលគ្នាប្រជែងជាមួយហង្សមាស។

ងួន ចាន់ដេវីត បានដើរចេញពីផលិតកម្មហង្សមាស ទាំងមិនគួរឱ្យជឿឡើយ បន្ទាប់ពីតារាចម្រៀងរូបនេះ បានផ្លាស់ប្តូរជីវភាពយ៉ាងឆាប់រហ័ស ពេលដែលល្បីឈ្មោះនៅផលិតកម្មហង្សមាស នេះ។ យ៉ាងណា ងួន ចាន់ដេវីត បានអះអាងប្រាប់អ្នកយកព័ត៌មានយើងថា រូបគេមិនមានការសោកស្តាយអ្វីឡើយ នៅពេលដែលលែងជាអ្នកចម្រៀងរបស់ហង្សមាស នេះ ព្រោះថា អំឡុងពេលច្រៀងនៅហង្សមាស ជាង២ឆ្នាំនោះ គេរកបានប្រាក់ច្រើនគួរសមដែរហើយ។

ដោយឡែក ទាក់ទងសង្សារបណ្តូលចិត្តរបស់ខ្លួននាងទេព បូព្រឹក្ស វិញ ដេវីត អះអាងថា នាងស្រីនិច្ច នៅបន្តច្រៀងឱ្យហង្សមាស ដដែល ហើយលោកនឹងបន្តការធ្វើបទភ្លេងឱ្យគូស្នេហ៍ច្រៀងដូចមុនទៀត។

 

មហាជនលើកឡើងថា ប្រសិនបើផលិតកម្មថោន ទាញងួន ចាន់ដេវីត ទៅធ្វើជាសមាជិករបស់ខ្លួនបានដូចបំណងនោះ ផលិតកម្មនេះបានយកអតីតតារាហង្សមាស ដល់ទៅ៨នាក់ បានសម្រេចជាមិនខាន ដូចជា នាងយក់ ថិតរដ្ឋា, ឈិត សុវណ្ណបញ្ញា, សុន ស្រីពេជ្រ, ផាន វីរ៉ាទី (រ៉ាប៊ី), ស៊ូ ស៊ីរីកា, ម៉ៅ ហាជី និងប៊ុត សីហា ដែលអះអាងថា នឹងចូលថោន ក្នុងពេលឆាប់ៗនេះដែរ។  ប៉ុន្តែ ហង្សមាស បានជោគជ័យធំធេង ក្នុងការអូសទាញតារាល្បីរបស់ខ្លួន២ដួង ពីថោន ចូលហង្សមាស វិញ គឺសុគន្ធ និសា និងលោកព្រាប សុវត្ថិ ដែលស្ទើរតែក្លាយទៅជាតារាចម្រៀងថោន ទៅហើយនោះ៕

RELATED ARTICLES