Monday, November 18, 2024
Homeតារាខ្មែរលោកគួច ខេវិន ឧបត្ថម្ភស្មៀន ឈាង ៥០ម៉ឺនរៀល

លោកគួច ខេវិន ឧបត្ថម្ភស្មៀន ឈាង ៥០ម៉ឺនរៀល

អ្នកចម្រៀងអាយ៉ៃឆ្លងឆ្លើយ ដែលពូកែវោហារស័ព្ទ លោកឈិន ឈាង (ស្មៀន ឈាង) ដែលល្បីល្បាញខ្លាំង កាលពីឆ្នាំ២០០២នោះ ត្រូវបានដឹកចូលបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ផ្នែកមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ប្រព័ន្ធប្រសាទជាន់ទី៤ បន្ទប់លេខ៩៤១៧ ដោយមានតារាសិល្បៈរួមអាជីពមួយចំនួន បានទៅសួរសុខទុក្ខជាហូរហែផងដែរ។

បើតាមអ្នកស្រីអ៊ុក សុផា ជាភរិយានិងដៃគូចម្រៀងរបស់លោកឈិន ឈៀង នោះ បានឱ្យដឹងថា “ស្មៀន ឈាង បានកើតជំងឺត្បៀតសរសៃខួរក្បាល រយៈពេល១៦ឆ្នាំ (២០០២-២០១៨) មកហើយ ដែលមិនអាចច្រៀងអាយ៉ៃបានដូចមុននោះទេ ហើយស្ថានភាពសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរនៅពេលនេះ ដោយសារកើតជំងឺរលាកសួត ដែលធ្វើទុក្ខខ្លាំងឡើងៗ នារយៈពេលចុងក្រោយនេះផងដែរ”។

អ្នកស្រីអ៊ុក សុផា បានឱ្យដឹងថា “គាត់ (ស្មៀន ឈាង) ចូលពេទ្យកាល់ម៉ែត្រនេះ ៦ថ្ងៃមកហើយ ដែលជំងឺរលាកសួតរបស់គាត់ធ្វើទុក្ខខ្លាំង តែបានក្រុមគ្រូពេទ្យនៅទីនេះព្យាបាលដោយយកចិត្តទុកដាក់បានល្អណាស់ ទើបពេលនេះគាត់រាងធូរបន្តិច ហើយគ្រូពេទ្យថា គាត់អាចចេញទៅព្យាបាលនៅផ្ទះបាននៅថ្ងៃនេះ។ តាមពិតគាត់ធ្វើទុក្ខចុងក្រោយនេះ ដោយក្អកខ្លាំង ព្រោះឈឺសួត តែជំងឺគាត់ដែលរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយនោះ គឺត្បៀតសរសៃខួរក្បាល រយៈពេល១៦ឆ្នាំមកហើយ។ ខ្ញុំធ្លាប់យកគាត់ទៅព្យាបាលនៅថៃ និងវៀតណាម ដែរ តែហាក់មិនបានជាដាច់ទេ អ៊ីចឹងហើយបានជាគាត់មិនអាចច្រៀងអាយ៉ៃបានទេ តាំងពីគាត់ឈឺកាលពីឆ្នាំ២០០២មក។ ជំងឺមួយទៀតដែលគាត់ឈឺ ហើយធ្លាប់វះកាត់កាលពីឆ្នាំ២០១៥ នៅមន្ទីរពេទ្យខ្មែរ-សូវៀត នោះ គឺក្រួសក្នុងប្រមាត់ ហើយយើងព្យាបាលរហូតមក ស្រាប់តែពេលនេះមកធ្វើទុក្ខឈឺរលាកសួតវិញម្តង”។

អ្នកស្រីអ៊ុក សុផា ឈានចូលវ័យ៧០ឆ្នាំ ដែលបានចាប់ដៃគូជាមួយស្មៀន ឈាង ពេលនេះអាយុ៧៤ឆ្នាំនេះ កាលពីឆ្នាំ១៩៨២ អ្នកទាំង២មិនបានរៀបការនោះទេ ហើយពេលនេះមានកូនទាំងមុន និងក្រោយ៧នាក់ (ស្រី៥)។ បច្ចុប្បន្ន អ្នកស្រីសុផា ក៏បម្រើការជាទីប្រឹក្សានៅក្រសួងព័ត៌មានផងដែរ។ ដោយមិនរំពឹងថា ស្វាមីអាចវិលត្រឡប់មកបម្រើអាជីពអាយ៉ៃឆ្លងឆ្លើយដូចមុនបាននោះ អ្នកស្រីសុផា បានដាស់តឿនដល់កូនខ្មែរ ទាំងឡាយថា កុំឱ្យភ្លេចពីវប្បធម៌ និងសិល្បៈបុរាណខ្មែរ ក្នុងនោះ រួមមានទាំងចម្រៀងអាយ៉ៃឆ្លងឆ្លើយនេះផងដែរ។

ភរិយាស្មៀន ឈាង រូបនេះ ក៏មិនភ្លេចថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ផងដែរថា លោកទាំង២ តែងយកចិត្តទុកដាក់ដល់សិល្បករទូទៅមិនឱ្យឯកោនោះទេ ហេតុនេះហើយលោកស្រីមានតែសូមថ្លែងអំណរគុណដល់សម្តេចទាំង២ ឱ្យមានសុខភាពល្អ ដើម្បីដឹកនាំកម្ពុជា តទៅទៀត។

ថ្វីត្បិតតែលោកឈិន ឈៀង ដេកស្តូកលើគ្រែពេទ្យមិនអាចកម្រើកបាន និងនិយាយដោយសំឡេងក្អកតិចៗក្តី តែតារាចម្រៀងអាយ៉ៃជើងចាស់នេះ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលឃើញអ្នកផលិតកម្មវិធីជាន់ខ្ពស់របស់ទូរទស្សន៍ PNN លោកគួច ខេវិន ដែលធ្លាប់ហៅលោកច្រៀងអាយ៉ៃ ដាក់ CD កាលពីឆ្នាំ២០០២នោះ ទៅសួរសុខទុក្ខ ហើយលោកខេវិន ដែលជាស្ថាបនិក “ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម” នោះ ក៏បានយកថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់ស្មៀន ឈាង ផងដែរ។

លោកឈិន ឈៀង និងភរិយាអ្នកស្រីអ៊ុក សុផា បានថ្លែងអំណរគុណដល់លោកគួច ខេវិន ដែលតែងតែឈឺឆ្អាលចំពោះសិល្បករទូទៅ ពេលជួបផលវិបាក និងនាំយកថវិកាមួយចំនួន ជាការសម្រាលទុក្ខលំបាកខ្លះៗដល់ក្រុមគ្រួសារពួកគាត់នេះ ខណៈដែលលោកខេវិន បានអះអាងថា “ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម” នេះគឺបង្កើតឡើងសម្រាប់ផលប្រយោជន៍ចំពោះសិល្បករទូទៅ ដែលជួបផលវិបាកពេលពួកគាត់អស់អាជីព ឬធ្លាក់ខ្លួនឈឺមិនអាចបន្តអាជីពសិល្បៈបានទៀតនោះ ដោយលោកមានកញ្ចប់ថវិកាឧបត្ថម្ភទៅតាមលទ្ធភាព។ ចំពោះថវិកាដែល “ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម” នោះ គឺបានមកពីសិល្បករទូទៅចូលរួម ទាំងសប្បុរសជនទាំងឡាយ ដែលចង់ជួយដល់សិល្បករខ្មែរផងដែរ៕

RELATED ARTICLES