ក្រោមដំណក់ទឹកភ្លៀងស្រិចៗនោះ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ សុិប ដែលមានអាយុ៧២ឆ្នាំទៅហើយនោះ បានរស់នៅបន្ទប់ជួល តម្លៃ៥០ដុល្លារ តែម្នាក់ឯង ក្នុងស្ថានភាពមានជំងឺរាំរ៉ៃយ៉ាងកម្សត់ នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកនូ សុិប មិនអាចឡើងច្រៀងលើឆាកតន្រី្ដជាច្រើនខែមកហើយ ដោយសារតែជំងឺដុំសសៃធ្វើទុក្ខខ្លាំង ជាង១០ឆ្នាំទៅហើយនោះ បានសម្រាន្តនៅលើគ្រែពូកស្ដើងមួយ ដោយគ្មានអ្នកមើលថែទាំឡើយ ទើបធ្វើឲ្យមហាជនទាំងក្នុងនិងក្រៅស្រុក បានសម្ដែងការអាណិតអាសូរអតីតតារាចម្រៀងល្បីឈ្មោះរូបនេះ ជាពន់ពេក។
លោកនូ សុិប បានឲ្យដឹងថា លោកមានជំងឺដុំសរសៃឈឺធ្វើទុក្ខដល់ជើងខាងឆ្វេង មិនអាចធ្វើការកើតនោះ រយៈពេលជាង១០ឆ្នាំមកហើយ សូម្បីតែឡើងឆាកក៏អាកខានជាច្រើនខែដែរ។ សព្វថ្ងៃលោកលេបថ្នាំជាប្រចាំ ហើយជំងឺនេះបានធ្វើទុក្ខលោក ទាំងពិបាកការញាំអាហារទៀតផង ហេតុនេះទើបលោកអាចពិសាបានតែសាច់ជ្រូក ត្រីងៀត និងត្រីឆ្អើរ ប៉ុណ្ណោះ ខណៈដែលត្រីសាច់ផ្សេងទៀត មិនអាចទទួលទានបាន។
អតីតតារាចម្រៀងហង្សមាស រូបនេះ បានឲ្យដឹងថា “លោកសូមឲ្យតារាសិល្បករជំនាន់ក្រោយ កុំឲ្យមានជីវភាពលំបាកដូចលោកអី ព្រោះថា លោកឈឺជាង១០ឆ្នាំមកហើយ អុីចឹងជួបស្ថានភាពពិបាកច្រើន ដោយសារតែមិនអាចធ្វើការអ្វីកើត”។
ដោយឃើញពីភាពលំបាករបស់លោកនូ សុិប នេះ ប្រធានក្លឹបសម្រាប់មិត្តសិល្បៈនិងសង្គម លោកគួច ខេវិន បាននាំយកថវិការចំនួន៤០ម៉ឺនរៀល ទៅជូនដល់លោកនូ សុិប កាលពីរសៀលថ្ងៃទី២៤ ខែតុលា ធ្វើឲ្យតារាចម្រៀងដែលកំពុងមានជំងឺនេះ មានចិត្តត្រេកអរ និងរំភើបចិត្តជាខ្លាំង។
លោកនូ សុឹប ថ្លែងថា “លោកគួច ខេវិន ធ្លាប់បានផ្ដល់ការងារសិល្បៈឲ្យលោកធ្វើជាច្រើនមកហើយ ពេលនេះបានយកថវិកាមកជួយដល់ការលំបាករបស់លោកថែមទៀត អ៊ីចឹងលោករំភើបខ្លាំងណាស់ ហើយលោកក៏សូមថ្លែងអំណរគុណដល់សិល្បករទាំងឡាយ រួមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុកដែរ ដែលធ្លាប់បានជួយលោកពេលដែលលោកមានជំងឺនេះ”។
ដោយឡែក លោកគួច ខេវិន បានឲ្យដឹងថា “នោះជាថវិកាតិចតួចសម្រាប់សម្រួលដល់ការលំបាកបានមួយគ្រារបស់លោកនូ សុិប តែក្លឹបសម្រាប់មិត្តសិល្បៈនិងសង្គម ក៏មានគោលការផ្ដល់ថវិកាជារៀងរាល់សប្ដាហ៍ ជូនដល់លោកនូ សុិប តាមលទ្ធភាពដែរ ដែលលុយទាំងនោះ គឺបានមកសិល្បៈករទូទៅ និងសប្បុរសជនទាំងឡាយ។ ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមនេះ បង្កើតឡើងដើម្បីជួយសម្រួលដល់ការលំបាកដល់សិល្បៈករទាំងឡាយ ដែលពេលពួកគាត់ចាស់ទៅ មិនអាចបន្ដអាជីពបានជួបការលំបាកជីវភាព”។
អ្នកផលិតកម្មវិធី ”Anchor Fun Zone” របស់ទូរទស្សន៍ PNN លោកគួច ខេវិន បានជំទាស់ទៅនឹងការលើកឡើងរបស់មហាជនមួយចំនួន ដែលថា តារាៗពេលល្បីបង្អួតភាពហ៊ឺហាលេងម៉ូដឡាន ដល់ពេលធ្លាក់ខ្លួនឈឺ លើកដៃសុំសំពះនោះដែរ ដោយលោកខេវិន ថ្លែងបញ្ញាក់ថា ករណីដូចលោកនូ សុិប នេះ គាត់ឈឺជាង១០ឆ្នាំទៅហើយ អ៊ីចឹងថវិកាដែលប្រឹងរកបានពីសិល្បៈនោះ យកទៅព្យាបាលជំងឺអស់ទៅហើយ អ៊ីចឹងហើយសប្បុរសជនទាំងឡាយ មិនគួរមើលរំលងតារាជើងចាស់ដែលធ្លាប់មានស្នាដៃសិល្បៈជាច្រើន ហើយជួបជីវភាពលំបាកពេលមានជំងឺនោះទេ”៕