មាស សុខសោភា បាត់ខ្លួនពីការច្រៀងរាំក្នុងស្រុក ៣ខែ ដោយស្ពាយបង្វេចទៅកើបលុយនៅក្រៅស្រុក ដូចជា ប្រទេសអាឡឺម៉ង់, បារាំង, អាមេរិក និងកាណាដា ជាមួយតារាចម្រៀងសំឡេងស្អក លោកខេម។
តាមរយៈរូបភាពដែលសោភា ច្រៀងសម្ដែងនោះ មានអាណិកជនខ្មែរ ទៅគាំទ្រអ្នកចម្រៀងរូបនេះច្រើន ដោយទិញសំបុត្រចូលទស្សនាពេញសាលទៀតផង ខណៈដែលមានដំណឹងថា សោភា ត្រូវប៉ាន់កើបលុយនៅក្រៅស្រុកនេះ ហួសការរំពឹងទុក ព្រោះចំនួនអ្នកចូលទស្សនាកាន់តែច្រើន ធ្វើឲ្យនាងរកលុយបានកាន់តែច្រើនដែរ ដោយសារតែនាងបានចែកប្រាក់ពាក់កណ្ដាលម្នាក់ជាមួយខាងម្ចាស់ Sponsor ខុសពីតារាមួយចំនួនទៀត ដែលយកប្រាក់ខែពីអ្នកធានាទៅច្រៀង។
ប៉ុន្ដែទោះជាមាស សុខសោភា មានការគាំទ្រច្រើននៅក្រៅស្រុកយ៉ាងណា ក៏អ្នកចម្រៀងល្បីឈ្មោះនេះ មិនត្រូវបានអាណិកជននៅបរទេសនោះ តាមចែចង់សុំស្នេហ៍ ឬចូលកៀកកិត ដើម្បីនែបនិត្យដែរ ព្រោះថា សោភា បានយកអង្គរក្សពិសេសទៅតាមការពារនោះ គឺអាណិកជនខ្មែរ នៅកាដាណាលោកគ្រូពេទ្យអ៊ឹត រ៉ាដា ដែលតាមនាងគ្រប់ជំហានទាំងអស់ ទើបធ្វើឲ្យអាណិកជនទាំងនោះមិនហ៊ានចូលជិត។
សោភា ដែលច្រៀងក្នុងស្រុក ពេញ១រដូវក្ដៅ ហើយចេញទៅរកលុយនៅក្រៅស្រុក ៣ខែទៀតនោះ ក្រៅពីប្រមូលបានលុយដុំនោះ នាងបានរឹតចំណងស្នេហ៍ជាមួយលោករ៉ាដា លើទឹកដីអឺរ៉ុបនោះបន្ថែមទៀត ហើយចំណងស្នេហារបស់នាងពេលនេះ គឺមានភាពផ្អែមល្ហែមដូចនាងឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ដែរ។
មាស សុខសោភា បានជ្រើសស្នេហ៍ ”ជួញឆ្ងាយប្រសើរជាងជួញជិត”ដោយមិនចាប់អារម្មណ៍ការសុំស្នេហ៍ពីមន្រ្ដីធំៗក្នុងស្រុកនោះទេ សុខចិត្តផ្ញើបេះដូងជាមួយគ្រូពេទ្យកាដាណា លោករ៉ាដា ដោយរួមរស់ក្រោមដំបូលតែមួយ ១១ឆ្នាំ ទាំងមិនទាន់មានខាន់ស្លា។ ប៉ុន្ដែតារាចម្រៀងថោន និងCamtrax សោភា អះអាងថា នាងអាចដឹកដៃគូស្នេហ៍ចូលរោងការ នៅ២ឬ៣ឆ្នាំទៀត ខាងមុខនេះ៕