តារាចម្រៀងគូស្នេហ៍យុវវ័យ នាងទេព បូព្រឹក្ស និងងួន ចាន់ដេវីត ហៅ G-Devith ដែលធ្លាប់ជ្រកកោនក្រោមដំបូលផលិតកម្មតែមួយនោះ ពេលនេះពួកគេគ្មានឱកាសច្រៀងសម្តែង MV រួមគ្នាទៀតនោះទេ ព្រោះដេវីត បានរើបង្វេចចាកចេញពីហង្សមាស ទៅហើយ ទើបធ្វើឱ្យមានការលើកឡើងថា ចំណងស្នេហារបស់ពួកគេប្រឈមការផុយស្រួយ និងអាចប្រេះឆាគ្រប់ពេល ព្រោះថា ហង្សមាស នឹងមិនឱ្យដេវីតឡើងឆាករបស់ខ្លួនទៀតនោះទេ។ ប៉ុន្តែដើម្បីទប់ស្កាត់ដំណឹងថា ពួកគេអាចចែកផ្លូវគ្នា នៅពេលដែលរស់នៅផលិតកម្មផ្សេងគ្នានេះ ទើបថ្មីៗនេះ នាងទេព បូព្រឹក្ស បានដឹកដៃងួន ចាន់ដេវីត ទៅធ្វើបុណ្យកឋិនទានរួមគ្នា នៅបុរីប៉េងហួត គម្រោងទី៤ ដើម្បីដង្ហែទៅកាន់វត្តសុវណ្ណគង្គា។
យុវវ័យដែលគាំទ្រគូស្នេហ៍១គូនេះ បានសរសើរថា បូព្រឹក្ស ហៅនាងស្រីនិច្ច ពិតជាស័ក្តិសមគ្នាជាមួយដេវីត ខណៈដែលដេវីត នៅបន្តម៉ូដសក់ក្រហមឆ្អិនឆ្អៅ ហើយនាងស្រីនិច្ច ប្តូរពីសក់ទង់ដែង មកជាសក់ពណ៌ខ្មៅវិញ។
ទេព បូព្រឹក្ស មិនមែនល្បីឈ្មោះដោយសារទឹកដមសំឡេងនោះទេ តែគេស្គាល់និងចាប់អារម្មណ៍នាង តាមរយៈការលេងក្បាច់រាំនៅលើឆាកតន្ត្រី ហើយពេលនេះ អតីតអ្នកចម្រៀងរស្មីស្ទឹងសង្កែ នេះ បានបាត់ដៃគូចម្រៀង និងស្នេហាងួន ចាន់ដេវីត ទៀតទើបធ្វើឱ្យគេពិបាកសន្និដ្ឋានថា នាងអាចឈរជើងនៅហង្សមាស បានយូរអង្វែងតទៅទៀត ឬយ៉ាងណា? ព្រោះថា ពេលនេះ ហង្សមាស មានតារាចម្រៀងដែលមានសមត្ថភាពលើនាងឡើងគរជើងគ្នា។
ទោះជាយ៉ាងណា ងួន ចាន់ដេវីត បានអះអាងកាលពីពេលថ្មីៗនេះថា លោកនឹងនៅតែបន្តទាក់ទង និងធ្វើបទចម្រៀងឱ្យនាងទេព បូព្រឹក្ស ដូចមុនទៀត ព្រោះថា ជាសង្សារនឹងគ្នា ហើយបូព្រឹក្ស នៅតែច្រៀងនៅហង្សមាស ដោយមិនចេញទៅណាឡើយ។
តាមព័ត៌មានចុងក្រោយ បានឱ្យដឹងថា ផលិតកម្មថោន បានបើកទ្វារជានិច្ចសម្រាប់តារាចម្រៀងនាងទេព បូព្រឹក្ស និងងួន ចាន់ដេវីត ប្រសិនបើពួកគេចង់មករួមរស់ជាមួយនោះ។ តែងួន ចាន់ដេវីត អះអាងថា រូបគេសុខចិត្តច្រៀងដោយគ្មានផលិតកម្មមិនទៅណាទេ ខណៈដែលនាងបូព្រឹក្ស នៅមានកុងត្រាជាមួយហង្សមាស នៅឡើយ។
ទស្សនិកជនរង់ចាំមើលថា គូស្នេហ៍យុវវ័យ នាងទេព បូព្រឹក្ស-ងួន ចាន់ដេវីត នេះ អាចបន្តស្នេហាយូរអង្វែងរហូតដល់ដឹកដៃគ្នាចូលរោងការដែរឬទេ? ស្របពេលដែលនាងស្រីនិច្ច ត្រូវបានលោកផ្កាយ៤ម្នាក់ ដែលជាអតីតប្តីពិធីការិនីល្បីឈ្មោះម្នាក់ តាមស្នេហាអ្នកចម្រៀងពូកែរាំជាងច្រៀងនេះដែរ”